ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ បានជំនួយ២​លាន​ដុល្លារ ពី​មូលនិធិ​​មេគង្គ​-​ឡាន​ឆាង​ របស់​ចិន​សម្រាប់​ឆ្នាំ២០២៣
16, Jun 2023 , 4:59 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្តាំ)  និងលោក វ៉ាង វិនធាន (WANG Wentian) ដោះដូរឯកសារលើកញ្ចប់ជំនួយ២លានដុល្លារដែលកម្ពុជាទទួលបានពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្តាំ) និងលោក វ៉ាង វិនធាន (WANG Wentian) ដោះដូរឯកសារលើកញ្ចប់ជំនួយ២លានដុល្លារដែលកម្ពុជាទទួលបានពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ដោយ: ថ្មីៗ
កម្ពុជា​ទទួលបានកញ្ចប់​ជំនួយ​​២​លាន​ដុល្លារអាម៉េរិក ​ពី​មូលនិធិ​ពិសេសសម្រាប់គម្រោងកិច្ចសហ​​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​របស់ចិន សម្រាប់​ឆ្នាំ២០២៣។ មូលនិធិដែលទទួលបាននេះ គឺសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន​និងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខ ស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព និងក៏ដូចជាការអភិរក្សបេតិកភណ្ឌ។​


 
កញ្ចប់​ជំនួយ​​២​លាន​ដុល្លារ ដែលកម្ពុជាទទួលបាន​ពី​មូលនិធិ​ពិសេសសម្រាប់គម្រោងកិច្ចសហ​​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​សម្រាប់​ឆ្នាំ២០២៣ ត្រូវបានចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ជាមួយលោក ​វ៉ាង វិ​ន​ធាន ​(WANG Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជានៅទីស្តីការក្រសួង នាថ្ងៃទី ​១៥មិថុនា។ 
 
បើតាមលោក វ៉ាង វិ​ន​ធាន រយៈពេល៦ឆ្នាំមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ហិរញ្ញវត្ថុដល់គម្រោងចំនួន៨៩នៅកម្ពុជា ដែលផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើន ដល់ប្រជាជនកម្ពុជានិងប្រជាជនក្នុងតំបន់។ យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។​
 
ជាមួយគ្នានេះលោក ប្រាក់ សុខុន​ បានលើកឡើងថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានបង្កើតមូលនិធិពិសេសមុនគេបង្អស់ក្នុងចំណោមយន្តការកិច្ចសហប្រតិបត្តិការជាច្រើននៅក្នុងអនុតំបន់ទន្លេមេគង្គ ទទួលបានការវាយតម្លៃខ្ពស់និងមានក្តីរំពឹងទុកពីប្រទេសនៅក្នុងតំបន់។ លោកបានបញ្ជាក់ថា រយៈពេល៦ឆ្នាំមកនេះ ប្រទេសឡានឆាង-មេគង្គទាំង៦បានចាត់ទុកការអភិវឌ្ឍន៍ជាអាទិភាពទីមួយ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ។ ដូចជា៖ ការកាត់បន្ថយភាពក្រីក្រ សុខាភិបាល អប់រំ ព័ត៌មាន ទេសចរណ៍ វប្បធម៌ កសិកម្ម ការការពារបរិស្ថាន និងការពង្រឹងសិទ្ធិស្ត្រីជាដើម៕ 
 

Tag:
 មេគង្គ​-​ឡាន​ឆាង
© រក្សាសិទ្ធិដោយ thmeythmey.com