សេដ្ឋកិច្ច
អន្តរជាតិ
ផ្លូវដែកចិន-ឡាវដឹកជញ្ជូនទំនិញបានជាង៤លានតោនចាប់ពីឆ្នាំ២០២១មក
18, Jun 2023 , 10:11 am        
រូបភាព
រថភ្លើងដឹកទំនិញឆ្លងកាត់ខេត្តយូណាននៅលើផ្លូវដែកចិន-ឡាវ ។ រូបភាព ៖ Xinhua ។
រថភ្លើងដឹកទំនិញឆ្លងកាត់ខេត្តយូណាននៅលើផ្លូវដែកចិន-ឡាវ ។ រូបភាព ៖ Xinhua ។
ចាប់តាំងពីការដាក់ឱ្យដំណើរផ្លូវដែកចិន - ឡាវក្នុងខែធ្នូ ឆ្នាំ២០២១ ការដឹកជញ្ជូនតាមរថភ្លើងនៅលើកំណាត់ផ្លូវនេះមានចំនួនជាង៤លានតោននៃការនាំចេញ និងនាំចូលទំនិញ។

 
ចាប់ពីបើកឱ្យដំណើរការផ្លូវដែកចិន-ឡាវ ទំនិញដែលបាននាំចរាចរនៅលើរថភ្លើងនេះមានចំនួន ៤ ០៩៧ ៣០០តោន។ ក្នុងនោះប្រមាណ ៤៥០ ០០០តោនត្រូវបាននាំចេញពីឡាវទៅចិន និង ៦៥០ ៩០០តោនពីចិនទៅឡាវ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានឡាវ KPL ។
 
ទំនិញដែលដឹកជញ្ជូនពីឡាវទៅចិនភាគច្រើនរួមមាន កៅស៊ូ រ៉ែដែក រ៉ែស័ង្កសី កំបោរ ផ្លែឈើ ម្សៅដំឡូង។ ចំណែកផលិតផលដែលដឹកពីចិនមកឡាវវីញមានដូចជា ឧបករណ៍អគ្គិសនី គ្រឿងបន្លាស់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។ 
 
រយៈពេល ៥ខែដើមឆ្នាំនេះមានទំនិញចំនួន ១ ៥៨០ ៦៨០តោនត្រូវបានដឹកជញ្ជូនពីឡាវទៅចិន និងចំនួន ១៦០ ៩១០តោនបានដឹកជញ្ជូនពីចិនមកឡាវតាមផ្លូវរថភ្លើងនេះ។ នេះបើតាមកាសែតបាងកកប៉ុស្តឹ៍។  
 
ប្រតិបត្តិករធុរកិច្ចក្នុងប្រទេសឡាវ ថៃ វៀតណាម មីយ៉ាន់យ៉ា និងកម្ពុជា កំពុងប្រើប្រាស់ផ្លូវដែកចិន-ឡាវដើម្បីដឹកជញ្ជូនទំនិញទៅមកនៅលើផ្លូវដែកនេះ។ តួយ៉ាងថៃបានកើនឡើងនៃការដឹកជញ្ជូនទំនិញទៅចិនតាមផ្លូវដែកនេះ ដែលភាគច្រើនជាផលិតកសិកម្ម ចំណាយពេលតែ៣ថ្ងៃ ដែលលឿនជាងផ្លូវគោក។ 
 
ផ្លូវដែកចិន-ឡាវគឺជាគម្រោងដ៏សំខាន់មួយដែលបង្ហាញពីគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ។ ផ្លូវដែកនេះមានប្រវែង១០៣៥គីឡូម៉ែត្រ តភ្ជាប់ពីគ្រុងគុនមីងជាមួយរដ្ឋធានីវៀងចន្ទន៍៕
 

Tag:
 ចិន
  ឡាវ
  ផ្លូវដែក
© រក្សាសិទ្ធិដោយ thmeythmey.com