ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន បញ្ជូនលោក គង់ ភោគ ទៅចូលរួមពិភាក្សាពីបញ្ហាមីយ៉ាន់ម៉ា នៅថៃសាជាថ្មី
19, Jun 2023 , 10:37 am        
រូបភាព
លោក ប្រាក់ សុខុន (មានលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា អង្គុយពីក្រោយ) ទៅចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការនៅថៃ ស្តីពីបញ្ហាមីយ៉ាន់ម៉ា កាលពីចុងឆ្នាំ២០២២។
លោក ប្រាក់ សុខុន (មានលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា អង្គុយពីក្រោយ) ទៅចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការនៅថៃ ស្តីពីបញ្ហាមីយ៉ាន់ម៉ា កាលពីចុងឆ្នាំ២០២២។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជា បានចាត់តាំងលោក គង់ ភោគ ជារដ្ឋលេខាធិការ ទៅរួមពិភាក្សាក្រៅផ្លូវការក្នុងប្រទេសថៃ ពីបញ្ហាមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ លោក អាន សុខខឿន អ្នកនាំពក្យក្រសួងការបរទេស ប្រាប់ក្រុមអ្នកកាសែតតាមបណ្តាញតេឡេក្រាមថា លោក ប្រាក់ សុខុន មានភាពចាំបាច់ក្នុងស្រុក ទើបមិនបានទៅចូលរួមកិច្ចពិភាក្សានេះដោយផ្ទាល់។



ក្រសួងការបរទេសកម្ពុជា អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា កិច្ចពិភាក្សាក្រៅផ្លូវនេះ នឹងរួមចំណែកក្នុងការរកមធ្យោបាយ ដើម្បីតាមដានអនុសាសន៍ដែលលើកឡើងដោយថ្នាក់ដឹកនាំមួយចំនួនក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក និងដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀមទាំង៥ចំណុចនៅមីយ៉ាន់ម៉ា។ 
 
កិច្ចព្រមព្រៀងទាំង៥ចំណុច រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនានៅមីយ៉ាន់ម៉ា ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ទី៥ បេសកជនពិសេស ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។ កិច្ចព្រមព្រៀងទាំង៥ចំណុចនេះ ត្រូវមេដឹកនាំអាស៊ានសម្រេចរួមគ្នាកាលពីខែមេសា ឆ្នាំ២០២១ ដើម្បីយកទៅអនុវត្តនៅមីយ៉ាន់ម៉ា។ 
 
សូមរម្លឹកថា កាលពីចុងឆ្នាំ២០២២ រដ្ឋមន្រ្តីការបរទេសថៃ ធ្លាប់រៀបចំកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហាមីយ៉ាន់ម៉ានេះម្តងរួចមកហើយ ហើយលោក ប្រាក់ សុខុន ក៏បានទៅចូលរួមតាមការអញ្ជើញផងដែរ។ 
 
ក៏សូមរម្លឹកបន្តិចដែរថា មីយ៉ាន់ម៉ា ដែលជាប្រជាជាតិក្នុងតំបន់អាស៊ានដែរនោះ ចាប់ផ្តើមធ្លាក់ក្នុងវិបត្តិ និងមានការផ្ទុះអាវុធដាក់គ្នា ចាប់តាំងពីលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ពីអំណាច នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១មក៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com