ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងកម្ពុជា បំភ្លឺពីការកែច្បាប់បោះឆ្នោត ទៅកាន់មន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ
19, Jun 2023 , 2:13 pm        
រូបភាព
លោក អ៊ិន តារា ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (រូបពីហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva), លោក Volker Turk ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (រូបពី៖ AFP)
លោក អ៊ិន តារា ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (រូបពីហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva), លោក Volker Turk ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (រូបពី៖ AFP)
ដោយ៖ ទេពញាណ 

ការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតនៅកម្ពុជា «ដោយដកសិទ្ធិអ្នកមិនទៅបោះឆ្នោត មិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត» បានឮទៅដល់មន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ (UN) ដែលមានមូលដ្ឋាននៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វ៊ីស ហើយបានបង្ហាញពីផលអវិជ្ជមានក្នុងការធ្វើវិសោធនកម្មនេះ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដែលមានការិយល័យនៅទីក្រុងហ្ស៊ឺណែវដែរនោះ មិនអាចនៅស្ងៀមឡើយ។



តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ តំណាងកម្ពុជា បំភ្លឺថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺស្របទៅនឹងរដ្ឋធម្មនុញ្ញ។ តំណាងកម្ពុជា បន្តថា ការធ្វើវិសោធនកម្មនេះទៀតសោត គឺមានចេតនាល្អ ដើម្បីឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវរបស់អ្នកដឹកនាំថ្នាក់ជាតិ និងអ្នកដឹកនាំថ្នាក់ក្រោមជាតិ ដែលត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូដោយការទៅបោះឆ្នោត មុនពួកគាត់អាចឈរឈ្មោះឲ្យគេបោះឆ្នោត។ តំណាងកម្ពុជា លើកឡើងដូច្នេះថា៖«ការអនុវត្តនេះ ពុំមែនពុំធ្លាប់អនុវត្តលើលោកយើងនោះទេ»។
 
ការបង្ហាញពីផលអវិជ្ជមានក្នុងការកែច្បាប់បោះឆ្នោតនៅកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍  ដែលចេញដោយលោក ជឺរ៉េមី ឡូរ៉េន (Jeremy Laurence) អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំទីក្រុងហ្ស៊ឺណែវ កាលពីថ្ងៃទី១៦ ខែមិថុនា។ 
 
លោក ឡូរ៉េន សរសេរដូច្នេះថា៖«បើវិសោធនកម្មនេះ ត្រូវបានអនុម័តមែន នឹងបង្កើតឲ្យមានការរឹតត្បិតដ៏ធំធេងលើសិទ្ធិបញ្ចេញមតិ ហើយនឹងរំលោភសិទ្ធិពលរដ្ឋក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា រួមទាំងលិខិតូបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស»។ 
 
តំណាងកម្ពុជា ចាត់ទុកជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ចំពោះការរិះគន់របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត នឹងរឹតត្បិតសិទ្ធិសេរីភាព។ 
សូមនិយាយពីការកែច្បាប់បោះឆ្នោតនេះបន្តិច។ ការកែច្បាប់បោះឆ្នោតនេះ គឺជាយុទ្ធសាស្រ្តរបស់ភាគីកាន់អំណាច ដើម្បីដេញជាន់កែងក្រុមអ្នកប្រឆាំង ដែលបង្ហាញឆន្ទៈមិនចង់ទៅបោះឆ្នោត ហើយជាពិសេសអ្នកប្រឆាំងនៅក្រៅប្រទេស ថែមទាំងធ្វើយុទ្ធនាការតាមបណ្តាញសង្គម មិនឲ្យពលរដ្ឋទៅបោះឆ្នោត ដោយសារគ្មានគណបក្សភ្លើងទៀន។ 
 
ការកែច្បាប់បោះឆ្នោត គឺជាវិធីមួយ ដែលរុញឲ្យអ្នកប្រឆាំង ត្រូវទៅចូលរួមបោះឆ្នោតដែរ។ ផ្អែកតាមខ្លឹមសារសង្ខេប ដែលត្រូវបន្ថែមក្នុងច្បាប់បោះឆ្នោត ហើយដែលត្រូវបានប្រមុខរដ្ឋាភិបាលបង្ហើបឲ្យដឹងជាមុន គឺថា បើអ្នកណា មិនទៅបោះឆ្នោត អ្នកនោះ នឹងមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតណាមួយ នៅពេលក្រោយឡើយ។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នកផ្តើមគំនិតកែច្បាប់បោះឆ្នោត ថ្លែងជាសាធារណៈនាពេលថ្មីៗនេះថា ច្បាប់បោះឆ្នោតនេះ ត្រូវធ្វើវិសោធនកម្មឲ្យបានលឿន ដើម្បីអាចដាក់ឲ្យអនុវត្តឲ្យបានមុនការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មកដល់។ សេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មច្បាប់នេះ បានទៅដល់ដៃរដ្ឋសភាហើយ។ 
 
ត្រឡប់មកនិយាយពីការឆ្លើយគ្នារវាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងតំណាងកម្ពុជាវិញ។ ក្នុងសេចក្តីថ្លែងការណ៍របស់លោក ឡូរ៉េន ក៏មានសម្រង់សម្តីរបស់លោក វ៉ុលកឺ ទើក (Volker Türk) ជាប្រធានការិយាល័យឧត្តមស្នងការផងដែរ។ 
 
លោក វ៉ុលកឺ ទើក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រញាប់ចាត់វិធានការ ដើម្បីបើកចម្ហបរិយាកាស ដែលមានពហុបក្ស សម្រាប់ការបោះឆ្នោតជាតិដោយសេរីនិងត្រឹមត្រូវនាពេលខាងមុខ។ លោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការធ្វើឲ្យលម្ហស៊ីវិលរួមតូច នៅមុនការបោះឆ្នោតបែបនេះ។ 
 
តំណាងកម្ពុជា ឆ្លើយតបនឹងប្រធានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សថា កម្ពុជា ប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់សិទ្ធិមនុស្ស។ តំណាងកម្ពុជា ថែមទាំងរំលេចពីចំនួនអង្គការសង្គមស៊ីវិលប្រមាណ៦ពាន់ និងស្ថាប័នសារព័ត៌មានជិត២ពាន់ ដែលដំណើរការនៅកម្ពុជាដោយគ្មានការរឹតត្បិត។ 
 
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស មិនភ្លេចនិយាយរឿងធំមួយទៀតនៅកម្ពុជានោះទេ គឺការដកគណបក្សភ្លើងទៀន ជាគណបក្សជំទាស់លេចធ្លោជាងគេចេញពីបញ្ជីប្រកួតប្រជែង។ អ្នកនាំពាក្យ អះអាងថា ផ្នែកតាមច្បាប់អន្តរជាតិ ពលរដ្ឋទាំងអស់ មានសិទ្ធិស្មើគ្នាក្នុងការឈរជាបេក្ខជនឲ្យគេបោះឆ្នោត។ 
 
តំណាងកម្ពុជា បកស្រាយត្រង់កន្លែងនេះថា មានគណបក្ស១៨ ដែលចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិ ដោយវត្តមានគណបក្សទាំង១៨នេះ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីលក្ខណៈប្រជាធិបតេយ្យនិងពហុបក្សនៅកម្ពុជា។ តំណាងកម្ពុជា បញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រើស្តង់ដារតែមួយទៅលើគ្រប់គណបក្ស។ តំណាងកម្ពុជា បង្ហាញឲ្យឃើញថា គណបក្សដែលត្រូវហាមមិនឲ្យចូលរួមប្រកួត មិនមែនមានតែគណបក្សភ្លើងទៀនទេ គឺនៅមានគណបក្សមហាសាមគ្គីជាតិខ្មែរមួយទៀត។ 
 
គួរដឹងថា គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលគេមិនសូវឮឈ្មោះ និងមិនសូវមានសកម្មភាព បានជួបរឿងដូចគ្នាគណបក្សភ្លើងទៀនដែរ គឺបាត់ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ទើបត្រូវគ.ជ.ប ជាអាជ្ញាកណ្តាល មិនយល់ព្រមឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោត៕ 
 
 

Tag:
 កម្ពុជា
  UN
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com