ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចូលប្រកួតលើកទី៤ ប្រធានគណបក្សកសិករ ចាត់ទុកការចាញ់ឈ្នះ ជារឿងធម្មតា នៃសង្គមប្រជាធិបតេយ្យ
20, Jun 2023 , 8:59 am        
រូបភាព
ជាលើកទី៤ហើយ ដែលគណបក្សកសិករ ដឹកនាំដោយលោក មាស បូពៅ ចូលរួមប្រកួតនយោបាយ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ ឆ្នាំ២០២៣នេះ ។ ការចូលរួម៣លើកកន្លងមក គណបក្សកសិករ មិនទទួលបានកៅអីក្នុងរដ្ឋសភាឡើយ។



សម្រាប់លោក មាស បូពៅ លទ្ធផលចាញ់ឈ្នះ នៃការចូលរួមបោះឆ្នោតនេះ ជារឿងធម្មតា នៃសង្គមប្រជាធិបតេយ្យ។ ការចូលរួមប្រកួតប្រជែង តែងតែរមែងចង់បានលទ្ធផលល្អ ប៉ុន្តែបើសិនជាលទ្ធផលមិនបានដូចបំណងវិញនោះ ក៏គណបក្សកសិករ យល់ព្រមទទួលយកដែរ។
 
លោក មាស បូពៅ បានសង្កត់ធ្ងន់ថា ការចូលប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ មិនចាំបាច់ទាល់តែឈ្នះឆ្នោត ទើបអាចដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ បាននោះទេ។ បុរសមាឌធំរូបនេះ បានអះអាងថា បក្សខ្លួន ក៏ធ្លាប់ជួយដោះស្រាយបញ្ហាពលរដ្ឋ ដូចជាករណីដីធ្លី និងបញ្ហាក្រៅប្រព័ន្ធតុលាការច្រើនមកហើយ ទោះបីជាគ្មានកៅអីក្នុងរដ្ឋសភាក្តី។ និយាយត្រង់ចំណុចនេះ លោក បូពៅ បានបន្ថែមថា បើបក្សខ្លួន មិនបានអសនរដ្ឋសភា ក៏នៅតែបន្តសកម្មភាពជួយដោះស្រាយបញ្ហាពលរដ្ឋ តាមរយៈការសហការផ្នែកច្បាប់នានា ជាមួយរដ្ឋាភិបាល។ 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក មាស បូពៅ ប្រធានគណបក្សកសិករ និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖
 

បន្ថែមពីនេះ លោក បូពៅ ក៏ជំរុញឱ្យគណបក្សផ្សេងៗទៀត ត្រូវជួយដោះស្រាយបញ្ហាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ដោយមិនចាំបាច់ទាល់តែឈ្នះឆ្នោត មានកៅអីក្នុងរដ្ឋសភាឡើយ។ សម្រាប់ការបោះឆ្នោតអាណត្តិនេះ គណបក្សកសិករមានគោលនយោបាយ១០ចំណុច ក្នុងការដោះស្រាយបញ្ហាពលរដ្ឋ។
 
គណបក្សកសិករ បង្កើតឡើងនៅឆ្នាំ១៩៨៨។ គណបក្សកសិករ ធ្លាប់ចូលរួមបោះឆ្នោត៣លើកមកហើយ គឺនៅឆ្នាំ១៩៩៣, ១៩៩៨ និង២០០៣។ សម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត លើកទី៤នេះ គណបក្សកសិករ សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ៨រាជធានី-ខេត្ត ដើម្បីដណ្ដើមកៅអីរដ្ឋសភា។ 
 
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 នយោបាយ
  បោះឆ្នោត
  មាស បូពៅ
© រក្សាសិទ្ធិដោយ thmeythmey.com