ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
២០មិថុនា១៩៧៧៖ ជំហានទី១នៃដំណើរសន្តិភាពនៅកម្ពុជា
20, Jun 2023 , 8:38 am        
រូបភាព
ដោយ: ថ្មីៗ
របបវាលពិឃាតអាវខ្មៅដែលចាប់ផ្តើមនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ គឺជាពេលវេលាសូន្យនៅកម្ពុជា។ រាប់ចាប់ពីពេលនោះមក មានព្រឹត្តិការណ៍ជាតិធំមិនតិចជាង៦ទេ ដែលជាចំណុចរបត់ ទម្រាំធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ បញ្ចប់សង្គ្រាមស៊ីវិលផ្ទៃក្នុង។ វាបានចាប់ផ្តើមពីថ្ងៃដែលលោក ហ៊ុន សែន ចាកចេញពីប្រទេសកំណើតឆ្លងទៅប្រទេសវៀតណាមនៅម៉ោង៩យប់ថ្ងៃទី២០មិថុនាឆ្នាំ១៩៧៧ នោះឯង។



១- ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧  ជាថ្ងៃដំបូងនៃដំណើរស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា។ រាប់មកដល់ថ្ងៃនេះ វាមានរយៈពេល៤៦ឆ្នាំ។ ជាថ្ងៃដែលប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា និងជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារមិនអាចបំភ្លេចបានជាដាច់ខាត។ នៅថ្ងៃនោះ ក្នុងពេលរាត្រីងងឹតស្ល៊ុបមើលចាក់ភ្នែកពុំយល់ មេបញ្ជាការ ហ៊ុន សែន បានសម្រេចជ្រើសរើសយុទ្ធមិត្ត៤នាក់៖ សមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត វ៉ា ប៉ោអ៊ាន និង សមមិត្ត ស៊ូ គីមស្រ៊ាង ចាកចេញពីមាតុភូមិឆ្នោះទៅដែនដីវៀតណាម ដើម្បីស្វែងរកជំនួយជួយរំដោះប្រជាជនកម្ពុជាពីរបបយង់ឃ្នងខ្មែរក្រហម។

២- បន្ទាប់ពីបានឆ្លងផុតពីសេចក្តីស្លាប់ និងទទួលការស្ម័គ្រចិត្តជួយពីភាគីវៀតណាមហើយមក សមមិត្ត ហ៊ុន សែន បានជួបជុំជាមួយចលនាអ្នកស្នេហាជាតិ ប្រឆាំងរបបខ្មែរក្រហមជាច្រើនទៀតដូចជា ចលនាដែលដឹកនាំដោយលោក ហេង សំរិន លោក ជា ស៊ីម បើកមហាសន្និបាតបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ នៅក្នុងភូមិជើងឃ្លូ ស្រុកស្នួលនៃខេត្តក្រចេះ។ តាមពិត នៅក្នុងពេលនោះ ក៏មានចលនាប្រឆាំងមេដឹកនាំខ្មែរមួយចំនួនទៀតដែរនៅតាមបណ្ដាខេត្តជាប់ព្រំដែន តែពួកគេមិនអាចចូលរួមប្រកាសបង្កើតរណៈសិរ្សនោះបានទេ។

៣- ក្រោយពីបង្កើតបានរណៈសិរ្សដែលរួមមានទាំងកម្មវិធីនយោបាយរបស់ខ្លួនផងនោះ រណៈសិស្សនេះដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម ក៏បានវាយផ្ដួលរំលំរបបខ្មែរក្រហមដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។

៤- ក្រោយពីផ្ដួលរំលំ និងទប់ស្កាត់ការវិលត្រឡប់នៃកងទ័ពខ្មែរក្រហម សមមិត្ត ហ៊ុន សែន ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាឯកច្ឆ័ន្ទពីសភាប្រជាជនឱ្យក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥នោះ ការចរចាស្វែងសន្តិភាពបញ្ចប់សង្គ្រាមស៊ីវិលរវាងលោក ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ ដែលជាតំណាងរដ្ឋាភិបាលត្រីភាគីនៅជាយដែនខ្មែរថៃបានកើតឡើង។ ថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតនៃដំណើករការជាតិរបស់កម្ពុជានោះ គឺថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅភូមិ ហ្វ៊ែរអង់តាដឺន័រ ក្នុងប្រទេសបារាំង។

៥- តួអង្គសំខាន់ទាំង២បានចាប់ផ្តើមការចរចា បន្ទាប់មកបានប្រមូលភាគីពាក់ព័ន្ធនានាចូលរួមក្នុងដំណើរការចរចាសន្តិភាព ដោយមានការរួមចំណែកពីប្រទេសជាមិត្តចំនួន១៨ ដែលមានបារាំង និងឥណ្ឌូណេស៊ី ជាសហប្រធានផង កិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជាត្រូវបានសម្រេចនៅថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះហើយដែលបាននាំមកវិញរបបរាជានិយម និងការបោះឆ្នោតបែបប្រជាធិបតេយ្យលើកដំបូងនៅក្នុងឆ្នាំ១៩៩៣។

- ឈ្មោះថាកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែនៅក្រោយបោះឆ្នោត កម្ពុជាមិនបានទទួលសន្តិភាពឯណា។ ទឹកដីកម្ពុជានៅតែបែងចែកជាពីរ ដោយម្ខាងនៅតាមព្រំដែនខ្មែរថៃ និងនៅតំបន់ដាច់ស្រយាលមួយចំនួនទៀត ត្រូវបានកាន់កាប់ដោយកម្លាំងខ្មែរក្រហម។ ហេតុដូច្នេះហើយ គោលនយោបាយឈ្នះឈ្នះ ត្រូវបានបង្កើតឡើង និងត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨ ដើម្បីបញ្ចប់កម្លាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង។
គោលនយោបាយឈ្នះឈ្នះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ហើយត្រូវបានអនុវត្តដោយប្រតិបត្តិករដ៏ពូកែ និងស្មោះស្ម័គ្រ ទើបកម្ពុជាអាចត្រូវបានប្រកាសថា ជាដែនដីមានសន្តិភាពពេញលេញ និងលែងមានសង្គ្រាមស៊ីវិលទៀតហើយ។

ចាប់ពីឆ្នាំ១៩៩៨នោះមក ទោះបីស្ថានការណ៍នៃការប្រកួតប្រជែងផ្នែកនយោបាយបានជួបស្ថានភាពតានតឹងខ្លះយ៉ាងណាក៏ដោយ ក៏កម្ពុជាបានមានឱកាសអភិវឌ្ឍបន្តិចម្ដងៗក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ហើយក៏កំពុងបន្តដាក់គោលដៅអភិវឌ្ឍរហូតដល់ឆ្នាំ២០៥០ឯណោះផងដែរ។
ប៉ុន្តែយើងមិនត្រូវភ្លេចទេថា អ្វីៗបានចាប់ផ្តើមកាលពី៤៦ឆ្នាំមុន។ គឺជំហានដំបូងនៅថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ខេត្តត្បូងឃ្មុំបច្ចុប្បន្ន៕

 


© រក្សាសិទ្ធិដោយ thmeythmey.com