ជាតិ
សង្គមជាតិ
អ្នកជំនាញអប់រំ និងសិទ្ធិមនុស្ស យល់ថាអ្នកប្រកបរបរផ្លូវភេទដោយស្ម័គ្រចិត្ត គួរតែទទួលបានការគាំពារ
20, Jun 2023 , 11:29 am        
រូបភាព
លោកស្រី បុណ្យ រចនា នាយិកាអង្គការក្លាហាន
លោកស្រី បុណ្យ រចនា នាយិកាអង្គការក្លាហាន
ភ្នំពេញ៖ លោកស្រី ​បុណ្យ រចនា ​នាយិកា​អង្គការ​ក្លាហាន ស្នើឱ្យអាជ្ញាធរបញ្ឈប់ការដាក់បន្ទុកលើអ្នកប្រកបរបរផ្លូវភេទដោយស្ម័គ្រចិត្ត ដោយជំនួសនូវការតាក់តែងគោលនយោបាយ ច្បាប់ ដើម្បីគាំពារពួកគេវិញ។

 
ជាញឹកញយ អ្នកប្រកបរបរផ្លូវភេទ រងការបង្ក្រាបពីសមត្ថកិច្ច ខណៈពួកគេខ្លះជាអ្នកស្ម័គ្រចិត្តប្រកបមុខរបរនេះ ហើយខ្លះជាជនរងគ្រោះដោយសារការបង្ខិតបង្ខំ។ នេះជាការលើកឡើងរបស់លោកស្រី បុណ្យ រចនា ដោយសង្កេតឃើញថា សមត្ថកិច្ចខ្លះបែរជា បកស្រាយច្បាប់ ដោយដាក់បន្ទុកលើអ្នកប្រកបរបរផ្លូវភេទទៅវិញ។ 
 
ជាក់ស្ដែងនាពេលថ្មីៗ អ្នកប្រកបរបរផ្លូវភេទដែលរង់ចាំភ្ញៀវតាមបណ្ដោយផ្លូវវេងស្រេងជាង៣០នាក់ ត្រូវបានអាជ្ញាធរខណ្ឌ ចុះឃាត់ខ្លួន។ លើសពីនេះ រូបភាពអ្នកប្រកបរបរផ្លូវភេទទាំងនោះ ត្រូវបានចែកចាយតាមបណ្ដាញសង្គម អមជាមួយពាក្យពុំសមរម្យ និងរើសអើងថែមទៀត។ 
 

លោក ឈត ប៊ុនថង ជាមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា 
 
ពាក់ព័ន្ធនឹងការប្រកបមុខរកបរផ្លូវភេទនេះ លោកស្រី បុណ្យ រចនា សង្កត់ធ្ងន់ថា៖ «រាងកាយរបស់បុគ្គលម្នាក់ៗ ពួកគេមានសិទ្ធិសម្រេច ហើយអាចប្រកបមុខរបរនេះបាន ប្រសិនបើពួកគេស្ម័គ្រចិត្ត»។ ដូច្នេះ លោកស្រីអំពាវនាវ ទៅដល់ក្រុមអ្នករៀបចំគោលនយោបាយ និងរដ្ឋាភិបាល គួរសិក្សាបង្កើតច្បាប់ ដើម្បីគាំពារដល់ពួកគេ។ 
 
ពាក់ព័ន្ធនឹងការប្រកបមុខរបរ ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៦ បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្ដីត្រូវការរបស់សង្គម។ ហើយដើម្បីកាន់តែច្បាស់ លោក ឈត ប៊ុនថង ជាមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកលម្អិតពីការរកស៊ីផ្លូវភេទ ដោយមានលក្ខណៈពីរយ៉ាង។ 
 
ទី១ ការបើកអាជីវកម្មផ្លូវភេទឬហៅថាផ្ទះបន ដោយមានអ្នកចាំកេងប្រវ័ញ្ចយកកម្រៃ គឺខុសច្បាប់។ ទី២ ករណីបុគ្គលអ្នកប្រកបរបររកស៊ីផ្លូវភេទ ដោយស្ម័គ្រចិត្តធ្វើការងារនេះ ដោយខ្លួនឯង គឺច្បាប់ពុំមានចែងឱ្យច្បាស់លាស់នៅឡើយទេ។ ម្យ៉ាងច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដាក់បន្ទុកទៅលើជនណាដែលជួញដូរ លួងលោម កេងប្រវ័ញ្ច និងសញ្ចារកម្ម តែប៉ុណ្ណោះ។ ហើយច្បាប់នេះ ឥតចែងថា អ្នកប្រកបរកបរផ្លូវភេទដោយស្ម័គ្រ មានទោសទណ្ឌឡើយ។ 
 
ជុំវិញការលើកឡើងរបស់អ្នកជំនាញអប់រំ និងមន្ត្រីអង្គការខាងលើនេះ លោក ផុន ពុធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារី សុំមិនបកស្រាយច្រើនឡើយ ដោយគ្រាន់តែលើកឡើងថា 
ការផ្ដួចផ្ដើមឱ្យមានច្បាប់មួយឡើង គឺត្រូវរៀបចំឱ្យស្របនឹងច្បាប់កំពូលរបស់កម្ពុជា គឺរដ្ឋធម្មនុញ្ញ។ 
 
រដ្ឋធម្មនុញ្ញមាត្រា៤៦ បានបញ្ជាក់បែបនេះ៖ «អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។»។ អ្នកនាំពាក្យរូបនេះ បន្ថែមថា ប្រសិនបើបង្កើតច្បាប់អនុញ្ញាតឱ្យប្រកបមុខរកបរផ្លូវភេទ គឺអាចផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ។ ក្រៅពីនេះ ក៏ត្រូវមើលលើទិដ្ឋភាពសង្គមដែរថា ពិតជាចាំបាច់ត្រូវតែមានច្បាប់នោះ កម្រិតណា។ 
 
លោក ឈត ប៊ុនថង យល់ស្របនឹងគំនិត អ្នកនាំពាក្យក្រសួងកិច្ចការនារី ដោយលើកឡើងថា ទាក់ទិននឹងការបង្កើតច្បាប់អនុញ្ញាតឱ្យមានការប្រកបមុខរបរផ្លូវភេទ ត្រូវគិតដល់ប្រពៃណីខ្មែរ ដែលមិនឱ្យតម្លៃលើការលក់ដូរផ្លូវភេទ។ ហេតុនេះ វានឹងផ្ទុយនឹងទំលៀមទំលាប់របស់ខ្មែរ។ 
 
យ៉ាងណាក្ដី មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជារូបនេះ ព្យាយាមលើកពីទិដ្ឋភាពសង្គមជាក់ស្ដែងមកឆ្លុះបញ្ចាំងវិញ។ 
រឿងខ្លះពុំមែនឱ្យតែខុសប្រពៃណី សុទ្ធតែមិនអាចបង្កើតបានឡើយ ដូចជាក្លឹបកម្សាន្ត កាស៊ីណូជាដើម ខ្មែរពីដើមមិនគាំទ្រទេ។ តែសព្វថ្ងៃកម្ពុជាអនុញ្ញាតឱ្យបើកដោយស្របច្បាប់។ ករណីខ្លះ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសេដ្ឋកិច្ច ទើបរៀបចំឱ្យមានច្បាប់គ្រប់គ្រង់។ 
 
ជាមួយគ្នាដែរ លោកស្រី រតនា និងលោក ប៊ុនថង សុទ្ធតែលើកពីប្រទេសជប៉ុន ថៃ និងបណ្ដាប្រទេសមួយចំនួនទៀត បានបើកចំហរឱ្យមានអ្នកប្រកបរបរផ្លូវភេទដោយស្ម័គចិត្ត។ អ្នកទាំងពីរគាំទ្រឱ្យមានច្បាប់គាំពារអ្នកប្រកបរបរផ្លូវភេទដោយស្ម័គ្រចិត្ត ។ 
 
«បើលុប(បំបាត់អ្នករកស៊ីផ្លូវភេទ) ពុំបាន គឺគួរតែគ្រប់គ្រង។ ខ្ញុំយល់ថាការគ្រប់គ្រងល្អ។ កាលណាមានច្បាប់គ្រប់គ្រង យើងនឹងដឹងប៉ុន្មាននាក់ប្រកបមុខរបរនេះ ហើយអាចគាំពារនិងតាមដានសុខភាពពួកគេ»។ នេះជាការលើកឡើងរបស់លោក ប៊ុនថង ដោយបន្ថែមទៀតថា នៅពេលមានច្បាប់ត្រឹមត្រូវ គឺអាចរៀបចំកន្លែងសមស្រប ដើម្បីរក្សាសណ្ដាប់ធ្នាប់ ហើយរដ្ឋក៏អាចទាញចំណូលពន្ធបានផងដែរ។ 
 
ការអនុញ្ញាតឱ្យមានច្បាប់ ប្រកបរបរផ្លូវភេទដោយស្ម័គ្រចិត្ត នឹងអាចកាត់បន្ថយការរំលោភបំពាន់ផ្លូវភេទ ហើយថែមទាំងជួយគាំពារដល់អ្នកប្រកបរបរផ្លូវភេទដោយស្ម័គ្រចិត្តទៀតផង។ នេះជាការយល់ឃើញរបស់លោកស្រី រចនា​ នាយិកា​អង្គការ​ក្លាហាន ៕ 
 

Tag:
 អ្នកប្រកបរបរផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com