ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ុន ចន្ធី ចេញពីបក្សភ្លើងទៀន ហើយបង្ហាញបំណងចង់ដឹកនាំបក្សថ្មីដោយខ្លួនឯង
20, Jun 2023 , 2:11 pm        
រូបភាព
លោក ស៊ុន ចន្ធី និយាយក្នុងពិធីមួយរបស់គណបក្សភ្លើងទៀន កាលពីខែមេសា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។
លោក ស៊ុន ចន្ធី និយាយក្នុងពិធីមួយរបស់គណបក្សភ្លើងទៀន កាលពីខែមេសា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។
ដោយ៖ ទេពញាណ

មន្រ្តីជាន់ខ្ពស់ម្នាក់ទៀតរបស់គណបក្សភ្លើងទៀន គឺលោក ស៊ុន ចន្ទី បានសរសេរលិខិតទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីសុំលាលែងពីសមាជិកភាពនៃគណបក្សជំទាស់មួយនេះ។​ លោក ស៊ុន ចន្ទី ដែលកាលនៅក្នុងគណបក្សភ្លើងទៀន កាន់តំណែងជាអគ្គលេខាធិការរង បានបង្ហោះលិខិតនេះជាសាធារណៈលើទំព័រហ្វេប៊ុកផ្ទាល់ខ្លួន។



ក្នុងលិខិត ដែលចុះកាលបរិច្ឆេទ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចន្ធី ពុំបានបង្ហាញមូលហេតុ ដែលលោកត្រូវចាកចេញពីគណបក្សភ្លើងទៀនឡើយ។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុក លោក ក៏មិនបានបង្ហាញមូលហេតុដែរ ដោយគ្រាន់តែបញ្ជាក់ថា ការលាលែងនេះ គឺជាសិទ្ធិបុគ្គល ហើយពុំបានបង្កការប៉ះពាល់ដល់ដំណើរការរបស់គណបក្សភ្លើងទៀន នោះទេ។ 
 
លោក លើកឡើងពីវិថីនយោបាយរបស់ខ្លួនដូច្នេះថា៖«ខ្ញុំ នៅតែបន្តសកម្មភាពជាអ្នកនយោបាយទៅមុខទៀតដដែល ដោយអាចនឹងចូលរួមជាមួយគណបក្សនយោបាយណាមួយ ឬអាចនឹងដឹកនាំគណបក្សនយោបាយណាមួយ ដែលមានឆន្ទៈពិតប្រាកដក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីរួមចំណែកក្នុងការការពារសន្តិភាព ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង»។
 
ដូចការលើកឡើងរបស់លោក ដែលបង្ហាញបំណងចង់ដឹកនាំគណបក្សដោយខ្លួនឯង គេ​ បានឃើញលិខិតមួយទៀតរបស់លោកលើបណ្តាញសង្គម គឺលិខិតសុំបង្កើតគណបក្សថ្មី ដែលមានឈ្មោះថា​ គណបក្សកម្លាំងជាតិ។ ក្នុងលិខិត ដែលដាក់ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក បញ្ជាក់ថា គណបក្សថ្មី មានទីស្នាក់ការកណ្តាល នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ 
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទំនងទៅលោក ស៊ុន ចន្ធី បាននៅឡើយទេ។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុក លោក បញ្ជាក់ជំហរថា បើមិនជ្រើសរើសផ្លូវដើរទេ គឺមិនអាចដឹងថា ផ្លូវត្រូវឬខុសឡើយ។   
 
លោក ស៊ុន ចន្ធី បានចូលរួមជាមួយភាគីជំទាស់យូរដែរហើយ តាំងពីនៅជាមួយអតីតគណបក្សសង្គ្រោះជាតិមកម្ល៉េះ។ លោក ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាង១០០នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវដកសិទ្ធិមិនឲ្យធ្វើនយោបាយ៥ឆ្នាំ ហើយនៅចុងឆ្នាំ២០២១ លោក ក៏ទទួលបានសិទ្ធិធ្វើនយោបាយវិញ បន្ទាប់ពីស្នើសុំទៅរដ្ឋាភិបាល៕ 
 

Tag:
 ស៊ុន ចន្ធី
© រក្សាសិទ្ធិដោយ thmeythmey.com