ជាតិ
ស្នងការកំពត នឹងសាកសួរភាគីក្រុមហ៊ុនពិភពដីមាស ក្រោយទទួលបានបណ្ដឹងជាង៣០០ពីពលរដ្ឋ
22, Jun 2023 , 5:59 pm        
រូបភាព
ពលរដ្ឋនាំគ្នាទៅដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកំពត
ពលរដ្ឋនាំគ្នាទៅដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកំពត
ភ្នំពេញ៖ ស្នងការខេត្តកំពត នៅតែបន្តទទួលបានបានពាក្យបណ្ដឹង២០គ្រួសារទៀត ជុំវិញករណីក្រុមហ៊ុនពិភពដីមាស ។ កន្លងមក ស្នងការខេត្តកំពត ធ្លាប់ទទួលបានជាង៣០០បណ្ដឹងមកហើយ។

 
លើហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតបានសរសេរថា នៅថ្ងៃទី២១មិថុនា ពលរដ្ឋ២០គ្រួសារ បានដាក់ពាក្យបណ្ដឹងបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស។ ទាក់ទិននឹងបណ្ដឹងទាំងនេះ ភាគីក្រុមហ៊ុន នឹងជួបពិភាក្សាគ្នាជាមួយស្នងការខេត្តនៅថ្ងៃទី២៦មិថុនា ដើម្បីសាកសួរតាមបណ្ដឹងរបស់ពលរដ្ឋ ពីបទ ឆបោកមានស្ថានទម្ងន់ទោស។ 
 
លិខិតកោះហៅលោក ហ៊ី គីមហុង ប្រធានក្រុមប្រឹក្សាពិបាល នៃក្រុមហ៊ុនពិភពដីមាស ក៏ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហោះ លើបណ្ដាញសង្គមដែរ។ ក្រោយពីបង្ហាញលិខិតនេះ ភាគីក្រុមហ៊ុនក៏បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់ ប្រតិកម្មលើសំណេររបស់ស្នងការដ្ឋាននគរបាលខេត្តកំពត។ ក្រុមហ៊ុនពិភពដីមាស សរសេរក្នុងលិខិតថា លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតតែងសរសេរវាយប្រហារក្រុមហ៊ុន ដោយយកលិខិតកោះហៅទៅបង្ហោះជាសាធារណៈ បង្កឱ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុន។ 
 
ក្រុមហ៊ុនពិភពដីមាស បានព្រមានថា បើអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត មិនបញ្ឈប់ទង្វើញុះញង់ និងសុំទោសជាសាធារណៈទេ ភាគីក្រុមហ៊ុននឹងប្ដឹងពីបទបរិហាកេរ្ដិ៍ ជាសាធារណៈទៅតុលាការ។ យ៉ាងណា ស្នងការដ្ឋានខេត្តកំពត ចាត់ទុកសេចក្ដីបំភ្លឺក្រុមហ៊ុនពិភពដីមាស ជាការចោទប្រកាន់ លើការអនុវត្តនីតិវិធីរបស់ស្នងការដ្ឋានខេត្តកំពត ហើយចោទសួរភាគីក្រុមហ៊ុនថា បើមានជំហរដោះស្រាយបញ្ហាច្បាស់លាស់ជាមួយពលរដ្ឋ ហេតុអ្វីពាក្យបណ្ដឹងនៅតែបន្តកើនឡើង?  
 
ស្នងការដ្ឋាននគរបាលខេត្តកំពតបង្ហាញថា ទឹកប្រាក់ជាង៦លានដុល្លារដែលពលរដ្ឋរងគ្រោះ បានដាក់វិនិយោគជាមួយក្រុមហ៊ុនខាងលើ។ «ស្តាប់ឱ្យច្បាស់ក្រុមហ៊ុនពិភពដីមាស បើខ្ញុំសុំទោសក្រុមហ៊ុនពិភពដីមាស ស្មើនឹងខ្ញុំក្បត់មនសិការនិងឧត្តមគតិរបស់ខ្ញុំ ជាពិសេសគឺក្បត់ចំពោះបងប្អូន៣២៣គ្រួសារ ដែលបានមកដាក់បណ្តឹងដើម្បីរកយុត្តិធម៌»។ ស្នងការដ្ឋាននគរបាលខេត្តកំពត់សរសេរសង្កត់ធ្ងន់បែបនេះ នៅទំព័រហ្វេសប៊ុក៕ 
 

Tag:
 កំពត
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com