ជាតិ
បោះឆ្នោត
រដ្ឋសភាអនុម័ត សេចក្ដីព្រាងនៃវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងអ្នកមិនទៅបោះឆ្នោត
23, Jun 2023 , 9:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋសភាព សម្រេចអនុម័តសេចក្ដីព្រាងនៃវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេង១១១  ខណៈសមាជិកសមាជិការដ្ឋសភាក្នុងអង្គប្រជុំមាន១១១រូប។ វិសោធនកម្មច្បាប់បោះឆ្នោត គឺមានការចែងថ្មី ពាក់ព័ន្ធនឹងអ្នកដែលមិនទៅបោះឆ្នោត។ បានន័យថា អ្នកមិនទៅបោះឆ្នោត និងមិនអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ នៅពេលចង់ធ្វើនយោបាយ។

 
សេចក្ដីព្រាង នៃវិសោធនកម្មច្បាប់បោះឆ្នោត គឺមាន៨មាត្រា។ សេចក្ដីព្រាងនេះ គឺមានសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអ្នកឡើងការពារ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សាសេចក្ដីព្រាងនេះ សភាទាំងមូលបានយល់ព្រមទទួលយកខ្លឹមសារសេចក្ដីព្រាង ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតទាំងស្រុង ដោយសំឡេង១១១។ 
 
សេចក្ដីព្រាងខាងលើនេះ ចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ គោលបំណងនៃការធ្វើវិសោធនកម្ម គឺដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ៕ 
 

Tag:
 ច្បាប់បោះឆ្នោត
  វិសោធនកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com