ជាតិ
អភិបាលខេត្តបាត់ដំបងថា វេរ៉ង់ដាមាត់ស្ទឹងនឹងត្រូវរើចេញកុំឱ្យអាក្រក់មើលខណៈម្ចាស់សង់លើដីកម្មសិទ្ធិ
24, Jun 2023 , 10:59 am        
រូបភាព
អគារដែលសង់ជាប់មាត់ស្ទឹង នៅអូរដំបង១ នៅខេត្តបាត់ដំបង។ រូបពី ហ្វេសកប៊ុក Sok Lou
អគារដែលសង់ជាប់មាត់ស្ទឹង នៅអូរដំបង១ នៅខេត្តបាត់ដំបង។ រូបពី ហ្វេសកប៊ុក Sok Lou
ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបងចេញមុខអះអាងថា ម្ចាស់ដីដែលសង់វេរ៉ង់ដានៅមាត់ស្ទឹង ក្នុងឃុំអូរដំបង១ គឺពិតជាបានសង់លើដីកម្មសិទ្ធិពិតមែន។ តែយ៉ាងណាម្ចាស់ដី នឹងរើចេញវិញ។

 
ក្រោយពីសាធារណជនបន្តរិះគន់ជាបន្តបន្ទាប់ ពីការចាក់ដីនិងសង់សំណង់នៅអូរដំបង១ ជាការរំលោភបំពាន់ដីចំណីស្ទឹង អភិបាលខេត្តបាត់ដំបង ក៏បានឱ្យក្រុមជំនាញចុះទៅពិនិត្យជាក់ស្ដែងបន្ដែមទៀត។ បន្ទាប់មក លោក សុខ លូ សរសេរអះអាងលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤មិថុនាថា សំណង់អគារនោះ គឺបានសង់លើដីកម្មសិទ្ធិ។ 
 
ចំណែកការធ្វើច្រាំងស្ទឹងវិញ ម្ចាស់ដីធ្វើតាមលំនាំនៃច្រាំងស្ទឹងពីធម្មជាតិ។ ចំណុចខ្វះចន្លោះ គឺម្ចាស់ដី ពុំទាន់ទាន់កាយដី ដែលចាក់ចូលស្ទឹងដើម្បីទប់ធ្វើច្រាំងស្ទឹងចេញ។ អភិបាលពន្យល់បន្ថែមបែបនេះ ហើយថាម្ចាស់ដីបានឯកភាពកាយចេញឱ្យអស់ ដូចស្ថានភាពដើមវិញ មុនពេលទឹកស្ទឹងឡើង។ 
 
«ម្ចាស់ដីយល់ព្រមដោយស្ម័គ្រចិត្តយកចេញនូវវេរ៉ង់ដា ដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាង ឃើញខាងក្រោមហ្នឹងមានសសរ អាក្រក់មើល...ហើយអាចស្ទះចរន្តទឹកតិចតួចដែរ ពេលខែទឹកឡើង»។ លោក សុខ លូ សរសេរបែបនេះ លើទំព័រហ្វេសប៊ុក។ 
 
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីបំភ្លឺម្ដងរួចមកហើយ ប៉ុន្តែមហាជននៅតែបន្តរិះគន់ ទើបអភិបាលខេត្តចេញមុខបកស្រាយបន្ថែមបែបនេះ៕ 
 
 

Tag:
 បាត់ដំបង
  ដ្លីធី
© រក្សាសិទ្ធិដោយ thmeythmey.com