ជាតិ
សម្តេច ហ៊ុន សែន៖ អ្នកមានអន្តរាគមន៍ពីបរទេស នឹងគ្មានឈ្មោះក្នុងបញ្ជីបន្ធូរបន្ថយ ឬលើកលែងទោសឡើយ
28, Jun 2023 , 10:07 am        
រូបភាព
ដោយ: រួបរួម
ដូចករណីអ្នកនាង សេង ធារី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា បុគ្គលជាប់ពន្ធនាគារដែលមានអន្តរាគមន៍ពីបរទេស ត្រូវបន្តជាប់ឱ្យគ្រប់ចំនួនកំណត់ ដោយពួកគេគ្មានឈ្មោះក្នុងបញ្ជីសម្រាប់ការបន្ធូរបន្ថយ និងលើកលែងទោសនោះឡើយ។

 
នាពិធីសំណេះសំណាលជាមួយកម្មរ និយោជិតតាមរោងចក្រនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៨ ខែមិថុនា នេះ ប្រមុខរដ្ឋាភិបាល បានលើកពីមូលហេតុដែលបុគ្គលមួយចំនួនមិនទទួលបាននូវការលើកលែង ឬបន្ធូរបន្ថយទោស ដោយសារតែមានបរទេសនៅពីក្រោយ។
 
«មូលហេតុដែលមនុស្សនោះជាប់គុកដោយសារអ្នកទាំងឡាយស្រឡាញ់អ្នកទាំងនោះពេក គេកំពុងស្រាវជ្រាវមនុស្សនោះឃុបឃិតជាមួយបរទេស ហើយបរទេសនាំគ្នាទៅសួរសុខទុក្ខ»។ សម្តេចបានកត់សម្គាល់យ៉ាងដូច្នេះ ដោយបញ្ជាក់ថា សម្តេចមិនទុកចិត្តបរទេសដែលមានបំណងបំផ្លាញសម្តេចនោះឡើយ ជាពិសេសអ្នកចាប់ដៃជាន់ជើង។
 
សម្តេចបន្ថែមថា៖ «អ្នកណាក៏ដោយ ដែលមានអន្តរាគមន៍ពីបរទេស ត្រូវជាប់គុកឱ្យគ្រប់ថ្ងៃ។ អត់មានការបន្ធូរបន្ថយ ហើយកុំដាក់ចូលទៅក្នុងបញ្ជីការបន្ធូរបន្ថយ និងលើកលែងទោសឲ្យសោះ»។
 
សម្តេចបានអះអាងថា នេះជាជំហរដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីបរទេសចូលស្រុកខ្មែរ។ ទោះអ្នកជាប់ឃុំឃាំងមានសញ្ជាតិពីរក៏ដោយ ប៉ុន្តែកម្ពុជាត្រូវអនុវត្តច្បាប់របស់ខ្លួន មិនមែនច្បាប់បរទេសនោះឡើយ។ សម្តេចក៏បានលើកឡើងភ្ជាប់ករណីអ្នកនាងសេង ធារី ដែលត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារខេត្តព្រះវិហា ហើយបរទេសតាមទៅសួរសុខទុក្ខ។
 
អ្នកនាង សេង ធារី ដែលមានសញ្ជាតិអាម៉េរិក រួមទាំងអ្នកមាននិន្នាការប្រឆាំងជិត៦០នាក់ទៀត ត្រូវបានតុលាការភ្នំពេញ ប្រកាសសាលក្រម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេលផ្សេងៗពីគ្នា រួមមាន ៥ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំ។ ចំពោះទោស៥ឆ្នាំ ត្រូវព្យួរ ដូច្នេះ អ្នកដែលជាប់ទោស៥ឆ្នាំនេះ មិនត្រូវជាប់ឃុំក្នុងពន្ធនាគារឡើយ។ 
 
អ្នកនាង សេង ធារី ស្ថិតក្នុងចំណោមអ្នកដែលត្រូវជាប់ទោស៦ឆ្នាំ។ ក្រោយពីត្រូវចាប់ខ្លួនយកឃុំនៅពន្ធនាគារព្រៃសបាន១ថ្ងៃ អ្នកនាង ក៏ត្រូវសមត្ថកិច្ច យកទៅឃុំនៅឯពន្ធនាគារខេត្តព្រះវិហារឯណោះវិញ ក្រោមហេតុផលថា ដើម្បីបញ្ចៀសបញ្ហានៅរាជធានីភ្នំពេញ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងកន្លងមកថា មានសកម្មជនមួយចំនួន គ្រោងនាំគ្នាទៅធ្វើបាតុនៅក្រៅបរិវេណពន្ធនាគារព្រៃស ទើបសមត្ថកិច្ច សម្រេចផ្ទេរអ្នកនាងចេញពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារខេត្តព្រះវិហារវិញ។ 
 
មនុស្សជិត៦០នាក់នោះ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ក្នុងសំណុំរឿងតែមួយជាមួយគ្នា។ តុលាការ រកឃើញថា ពួកគេ ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស ដូច្នេះហើយ បានជាតុលាការ ដាក់បទចោទទាំង២នេះលើពួកគេ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com