ជាតិ
សម្តេច ហ៊ុន សែន យកតេឡេក្រាមផ្តល់ព័ត៌មានជំនួសហ្វេសប៊ុក ហើយថា ទិកតុកល្អលេង
29, Jun 2023 , 10:49 am        
រូបភាព
ដោយ: រួបរួម
«ចង់ទទួលព័ត៌មានពីនាយករដ្ឋមន្ត្រីត្រូវភ្ជាប់ឆាណែលតេឡក្រាមតែម្តង»។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបជាមួយកម្មករជាង២ម៉ឺននាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ព្រឹកថ្ងៃទី២៩ ខែមិថុនា។ ស្របពេលជាមួយគ្នា សម្តេចក៏បានបង្ហាញគណនីទិកតុកផ្ទាល់ខ្លួន ដែលសម្តេចទើបតែបង្កើតផងដែរ។

 
ឆាណែលតេឡេក្រាមដែលមានចំនួនតាមដានជាង៨៥ម៉ឺន ក្លាយជាប្រភពអាទិភាព ដែលប្រមុខរដ្ឋាភិបាលយកទៅប្រើប្រាស់ក្នុងការបញ្ជូនព័ត៌មានទាំងសារនយោបាយ សំឡេង រូបភាព ការផ្សាយផ្ទាល់ និងសារផ្សេងៗ។ សម្តេចបានបញ្ជាក់ថា ទោះសម្តេចមិនប្រើប្រាស់ហ្វេសប៊ុក ប៉ុន្តែសម្តេចនៅរក្សាទុកដដែល ប៉ុន្តែងាកទៅប្រើឆាណែលតេឡេក្រាម ដែលអនុញ្ញាតឱ្យសារព័ត៌មាន និងមនុស្សទូទៅ អាចយកទៅប្រើប្រាស់បានភ្លាមៗ។
 
ក្រៅពីនេះ សម្តេច ហ៊ុន សែន ក៏បានបង្ហាញគណនីទិកតុកដែលសម្តេចទើបតែបង្កើតផងដែរ ដោយសម្តេចបន្តរៀនពីការបង្ហោះរូបភាព ការដាក់បញ្ចូលភ្លេង ជាដើម។ «ធ្វើស្ទាវបន្តិចមើល!»។ សម្តេចបានលើកឡើងថា ស្ទាវបែបសម្តេចគឺស្ទាវខាង IT ខាងឌីជីថល។  
 
«ល្អលេងដែរ»។ នេះជាការមើលឃើញរបស់សម្តេច ក្រោយមានបទពិសោធប្រើប្រាស់ទិកតុកផ្ទាល់បានមួយថ្ងៃ។ សម្តេចបានអះអាងថា សម្តេចក៏មាន Twitter, Youtube, Instagram ផងដែរ ដោយការបង្កើតបណ្តាញសង្គមទាំងនេះ គឺដើម្បីភ្ជាប់ទំនាក់ទំនង ខណៈប្រទេសខ្លះ អត់ប្រើប្រាស់ហ្វេសប៊ុក ធ្វើឱ្យបាត់ទំនាក់ទំនង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com