ជាតិ
សម្តេច ហ៊ុន សែន ទៅកាន់ Meta៖ «ប្រយ័ត្ន ច្របាច់ក ហ៊ុន សែន លៀនអណ្តាត ខ្លួនឯង!»
30, Jun 2023 , 9:51 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានចំណាត់ការតបតអ្វីឡើយពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមហ៊ុន Meta (ហ្វេសប៊ុក) លើការព្យួរទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយសម្តេចបានប្រកាសឈប់ប្រើជាផ្លូវការនៅមុនការសម្រេចទៅទៀត។ សម្តេចថា សម្តេចគោរពគោលការណ៍របស់ហ្វេសប៊ុក ប៉ុន្តែសម្តេចក៏ចង់ឱ្យក្រុមហ៊ុននេះពិចារណាលើសារប្រមាថផ្សេងៗទៅលើសម្តេច និងក្រុមគ្រួសារសម្តេចផងដែរ។ សម្តេចមានមធ្យោបាយច្រើនក្នុងការផ្សព្វផ្សាយ ហើយសម្តេចក៏អាចបញ្ជាឱ្យបិទហ្វេសប៊ុកក្នុងស្រុកផងដែរ ប្រសិនបើអ្នកមាននិន្នការប្រឆាំងបន្តដៀមដាម ប៉ុន្តែនេះមិនមែនជាជម្រើសរបស់សម្តេចនោះឡើយ។

 
ក្រុមប្រឹក្សាភិបាល (Oversight Board) ក្រុមហ៊ុន Meta កាលពីថ្ងៃទី២៩ ខែមិថុនា បានអំពាវនាវឱ្យព្យួរទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន រយៈពេល៦ខែ ពាក់ព័ន្ធនឹងវីដេអូមួយ ដែលត្រូវបានវាយតម្លៃថា បានរំលោភវិធានរបស់ក្រុមហ៊ុនស្តីពីការគំរាមកំហែងហិង្សា។
 
ទោះបីជាយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បានប្រកាសឈប់ប្រើទំព័រហ្វេសប៊ុកដែលមានចំនួនតាមដានជាង១៤លាននៅមុនការសម្រេចផ្លូវការរបស់ក្រុមប្រឹក្សាភិបាល Meta។ នាជំនួបជាមួយកម្មករនៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមិថុនា សម្តេចបានប្រកាសពីការសម្រេចយកឆាណែលតេឡេក្រាម ជាប្រភពអាទិភាពក្នុងការបញ្ជូនព័ត៌មានទាំងសារនយោបាយ សំឡេង រូបភាព ការផ្សាយផ្ទាល់ និងសារនានា ជំនួសហ្វេសប៊ុក ហើយសម្តេចក៏បានចាប់ផ្តើមប្រើប្រាស់ទិកតុកផ្លូវការផងដែរ។

តាមរយៈសារតេឡេក្រាម កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ដដែល សម្តេច  ហ៊ុន សែន បានប្រកាសបន្ថែមពីការសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ហ្វេសប៊ុក។ «ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនី Facebook របស់ខ្ញុំភ្លាម និងប្រាប់ទៅក្រុមហ៊ុន Facebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជី Facebook»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ។
 
ពាក់ព័ន្ធនឹងបញ្ហាដដែល នាជំនួបជាមួយកម្មករនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចគោរពតាមគោលនយោបាយហ្វេសប៊ុក ប៉ុន្តែសម្តេចក៏ចង់ឃើញក្រុមហ៊ុនយក្សមួយនេះ ពិចារណាដូចគ្នាចំពោះការប្រើប្រាស់ដែលវាយប្រហារសម្តេច ដូចជាការចោទប្រកាន់ភរិយា និងកូនរបស់សម្តេច ថា ជាជនបរទេស ជាដើម។
 
«ប្រយ័ត្ន ច្របាច់ក ហ៊ុន សែន លៀនអណ្តាត ខ្លួនឯង!»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដោយបញ្ជាក់ថា សម្តេចមានមធ្យោបាយជាច្រើនក្នុងការផ្សព្វផ្សាយ  ជាពិសេសតេឡេក្រាម ទិកតុក និងបណ្តាទូរទស្សន៍ក្នុងស្រុក។
 
ក្រោយការសម្រេចឈប់ប្រើហ្វេសប៊ុក សម្តេច ហ៊ុន សែន ដឹងថា អ្នកមាននិន្នាកាប្រឆាំងកំពុងតែសប្បាយរីករាយ។ ទាក់ទងនឹងករណីនេះ សម្តេចលើកឡើងថា បើសម្តេចបញ្ជាឱ្យបិទហ្វេសប៊ុកនៅស្រុកខ្មែរ ពួកគេនឹងអស់មធ្យោបាយទាក់ទងគ្នា ប៉ុន្តែសម្តេចនឹងមិនប្រកាន់យកមធ្យោបាយបែបនេះឡើយ។
 
សម្តេចបានប្រកាសថា បើមានអ្នកណាបង្កើតហ្វេសប៊ុកឈ្មោះសម្តេច គឺជាគណនីក្លែងក្លាយទាំងអស់ ហើយសម្តេចបានអំពាវនាវដល់ពលរដ្ឋឲ្យនាំគ្នាទាញយកកម្មវិធីទិកតុក និងបណ្តាញសង្គមផ្សេងទៀត ដើម្បីជៀសវាងមានការគំរាមកំហែង និងចេតនាណាមួយពាក់ព័ន្ធនឹងការប្រើហ្វេសប៊ុកនាថ្ងៃក្រោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com