ជាតិ
ទូតអាម៉េរិកប្រចាំកម្ពុជាអបអរខួបឯករាជ្យលើកទី២៤៧ ដោយមានអ្នកចូលរួមជាង៦០០នាក់
30, Jun 2023 , 3:31 pm        
រូបភាព
ដោយ: រួបរួម
ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីយប់ថ្ងៃទី២៩ ខែមិថុនា បានរៀបចំពិធីអបអរទិវាឯករាជ្យជាតិលើកទី២៤៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានភ្ញៀវចូលរួមជាង៦០០នាក់ ចាប់តាំងពីមន្ត្រីរដ្ឋាភិបាល អ្នកការទូត តំណាងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ដៃគូ និងមិត្តភក្តិនានា។



 
ក្នុងសុន្ទរកថារបស់ខ្លួន ឯកអគ្គរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានលើកឡើងពីមិត្តភាពយូរអង្វែងរវាងប្រជាជនកម្ពុជា និងអាម៉េរិក។ ទាក់ទងនឹងឯករាជ្យជាតិដែលឈានដល់ខួបលើកទី២៤៧ លោកបានរំលឹកថា៖ «សេចក្តីប្រកាសឯករាជ្យរបស់យើង នៅឆ្នាំ ១៧៧៦ បានបង្កើតប្រជាជាតិថ្មីមួយ ដែលមានរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះពលរដ្ឋខ្លួន។ បទពិសោធន៍របស់អាមេរិកគឺជាដំណើរដែលនៅតែបន្តមានការវិវត្តនៅឡើយ តែឧបករណ៍ប្រជាធិបតេយ្យរបស់យើងខិតខំលើកកម្ពស់ការពិតជាក់ស្តែងថា មនុស្សទាំងអស់កើតមកមានភាពស្មើគ្នា និងមានសិទ្ធិដែលគេមិនអាចកាត់ផ្តាច់ចេញបាន»។ 
 
លោក លី ធុច ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន គឺជាតំណាងឲ្យរដ្ឋាភិបាលកម្ពុជា នាពិធីអបអរទិវាឯករាជ្យជាតិលើកទី២៤៧ នេះ។  
 

ខ្លឹមសារសំខាន់នៃការអបអរទិវាឯករាជ្យអាមេរិក ៤ កក្កដា របស់ស្ថានទូតអាមេរិក គឺ «ដើម្បីការស្រឡាញ់កីឡា» ដែលរម្លឹកពីសារសំខាន់ផ្នែកវប្បធម៌ នៃវិស័យកីឡា នៅអាមេរិក និងកម្ពុជា ក្នុងការលើកកម្ពស់ការយល់គ្នា ការគោរពគ្នា និងមិត្តភាព។ ពិធីនោះ មានការប្រកួតកីឡាបាល់បោះ ការបង្ហាញកីឡាបាល់ឱបរបស់អាមេរិក និងការធ្វើបង្ហាញការលេងបាល់ទាត់ ពីកីឡាករ Nick Taylor ដែលជាកីឡាករបាល់ទាត់អាជីពអាមេរិកមានដើមកំណើតខ្មែរ។
 
 

ពិធីអបអបទិវាឯករាជ្យ ក៏មានការប្រគំតន្រ្តីរបស់ក្រុម Flame  ដែលជាក្រុមតន្រ្តីអាមេរិកមកពីទីក្រុង Lexington នៃរដ្ឋញូវយ៉ក ហើយដែលបានដើរសម្តែងនៅក្នុងសាកលលោក។ សមាជិកនៃក្រុមតន្រ្តីនេះគឺជាជនពិការ ដោយមានអ្នកមានជំងឺអូទីសឹម ជំងឺដោនសីនដ្រូម ជំងឺពិការផ្នែកខួរក្បាល ពិការភ្នែក និងកម្រើកមិនរួច៕ 
 
































រូបភាពទាំងអស់ ផ្តល់ដោយ​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា


© រក្សាសិទ្ធិដោយ thmeythmey.com