ជាតិ
ក្រសួងអប់រំប្រកាសទទួលស្គាល់សិស្សពូកែគណិតវិទ្យាដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រពីថ្នាក់ទី៧ដល់១១
04, Jul 2023 , 12:02 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។ រូបថត Moeys Cambodia
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។ រូបថត Moeys Cambodia
ដោយ: រួបរួម
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី២៩ ខែមិថុនា បានចេញប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ (CASIO Scientific Calculator) ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ សម្រាប់ឆ្នាំ២០២៣។

 
សិស្សពូកែ តាមកម្រិតថ្នាក់នីមួយៗ មានពីលេខ១ ដល់លេខ១០ ដោយចំនួនច្រើនបំផុត គឺសិស្សដែលរៀននៅរាជធានីភ្នំពេញ។ អាន គឹមសាន ពីសាលាអន្តរជាតិ អាយស៊ីអេស បានលេខ១ រីឯជ័យលាភី៩នាក់ទៀតសុទ្ធតែរៀននៅរាជធានីភ្នំពេញដូចគ្នា ក្នុងនោះវិទ្យាល័យព្រះស៊ីសុវត្ថិ (NGS) មាន៤នាក់ ដោយ ឯម គុណនរេន្ទ្រ លេខ២, នរិន្ទ្រ កិត្តិគុណ លេខ៣, លី សុភ័ណ្ឌបញ្ញា លេខ៦ និងគប់ មនោបញ្ញា រ៉េប៊ីកា (ស្រី) លេខ៩។
 
ជ័យលាភី៥រូបទៀតសម្រាប់ថ្នាក់ទី៧នេះ មាន រ៉ា គីមឡុង លេខ៤ ពីសាលាអន្តរជាតិទ្រូវីហ្សិន, ឃូ សោភ័ណឧសា (ស្រី) លេខ៥), ជា សាប្រ៊ីណា (ស្រី) លេខ៧ ពីសាលាវេស្ទើនអន្តរជាតិ, ហួត ម៉ារ៉ាឌី (ស្រី) លេខ៨ ពីសាលារ៉ូយ៉ាល់អ៊ីនធឺខន និង សំណាង សិទ្ធិស័ក្តិ ពីសាលាបញ្ញាសាស្ត្រអន្តរជាតិ។
 
នៅថ្នាក់ទី៨ លេខ១ បានលើ រី ជាហេង ពីសាលាប៊ែលធីអន្តរជាតិ, ព្រាប ទិត្យវឌ្ឍន ពីវិទ្យាល័យព្រះស៊ីសុវត្ថិ (NGS) បានលេខ២, ធន់ រ័ត្នដាលីន (ស្រី) ពីសាលាអន្តរជាតិញ៉ូហ្គេតវ៉េ បានលេខ៣ និង នុច សុវឌ្ឍនា ពីសាលាអន្តរជាតិខេនរីដ បានលេខ៤។ 
 
សាលាវេស្ទើនអន្តរជាតិ មានជ័យលាភី២រូប គឺ វិសិដ្ឋ ពៅសត្យា បានលេខ៥ និងឈាវ សុខសិរីបញ្ញារាជ បានលេខ៧។ មាស សុម៉ានីកា (ស្រី) ពីវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ខេត្តត្បូងឃ្មុំ បានលេខ៦, ហាវ លឹមហួយ (ស្រី) ពីវិទ្យាល័យព្រែកលាប (NGS) បានលេខ៨ ខណៈខេត្តកំពង់ចាមមានជ័យលាភី២រូប គឺ ឃ្លាំង ឬទ្ធីសាល ពីវិទ្យាល័យព្រះសីហនុ លេខ៩ និង ឡេង រក្សា ពីវិទ្យាល័យហ៊ុន សែន ព្រៃទទឹង លេខ១០។
 
សម្រាប់ថ្នាក់ទី៩ ជ័យលាភីទាំងអស់ សុទ្ធតែរៀននៅរាជធានីភ្នំពេញ ដែលនាំមុខដោយសិស្សពីវិទ្យាល័យព្រះស៊ីសុវត្ថិ (NGS) គឺ ពៅ គឹមសែ ជាប់លេខ១ និង ហ៊ាង គាហាក់ ជាប់លេខ២ ខណៈ ជឿង ច័ន្ទធីណា (ស្រី) លេខ៣ និង សាត សុខវិសាល លេខ៤ សុទ្ធតែមកពីសាលាអន្តរជាតិខេនរីដ។
 
គា ឆរីតា (ស្រី) ពីសាលាអន្តរជាតិស៊ីអាយអេហ្វឺសត៍ បានលេខ៥, គី ស៊ិន ពីសាលាបញ្ញាសាស្ត្រអន្តរជាតិ បានលេខ៦, ស្រ៊ាន បញ្ញាសិទ្ធ ពីសាលាបញ្ញាសាស្ត្រសាខាទី១ បានលេខ៧។ សាលាអន្តរជាតិអាយស៊ីអេស មាន សុភាព មុនី សិទ្ធិការ្យ (ស្រី) បានលេខ៨ និង លី រិនតារាមុនី បានលេខ១០ ខណៈ លាង ជូលី (ស្រី) ពីសាលាអន្តរជាតិ អាស៊ានហូប បានលេខ៩។
 
ចំពោះថ្នាក់ទី១០ លេខ១ បានទៅលើសិស្សស្រី ឈ្មោះ ហៃ កុលិនី ពីសាលាអន្តរជាតិអាមេរិកាំង លេខ២ បានលើ លឹម ឈីវម៉េង ពីសាលាញ៉ូហ្គេតវ៉េអន្តរជាតិ។ សាលាអន្តរជាតិ អាយស៊ីអេស មានជ័យលាភី៣រូប គឺ ហឿ ស៊ីនរៈ លេខ៣, ងួន វន្ថាតសុភបណ្ឌិត លេខ៥ និង លី ជីឃាង លេខ៦។
 
ចំរើន ហុងឡេង ពីវិទ្យាល័យ ហ៊ុន សែនព្រៃទទឹង ខេត្តកំពង់ចាម បានលេខ៤។ សាលារៀន សុវណ្ណភូមិ មាន ម៉ី ពេជ្រសុវណ្ណនរិន្ទ បានលេខ៧ និង ប៉េង ប៊ុនឡេង បានលេខ៨។ លេខ៩ បានលើ រតនា ពិសាល ពីវិទ្យាល័យឫស្សីកែវ ខណៈ អៀ វិសាលបូរ៉ា ហ្កានិត (ស្រី) ពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន បានលេខ១០។
 
ងាកទៅសិស្សថ្នាក់ទី១១វិញ សិស្សស្រីឈ្មោះ តាន់ សុបញ្ញា ពីសាលាអន្តរជាតិខេនរីដ បានលេខ១, ពៅ អាន ពីសាលាអន្តរជាតិផារ៉ាហ្គន លេខ២, សេង ម៉េងឃាង ពីសាលាអន្តរជាតិញ៉ូហ្គេតវ៉េ បានលេខ៣។ វិទ្យាល័យបាក់ទូក មានជ័យលាភី២នាក់ គឺ ហ៊ល វីរៈ បានលេខ៤ និង រឿន រ៉ូហ្សា (ស្រី) បានលេខ១០។
 
ស៊ា រតនា នៃវិទ្យាល័យជីហែ ខេត្តកំពង់ចាម បានលេខ៥, សឿង ស្រីពេជ្រ (ស្រី) ពីវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី ខេត្តតាកែវ បានលេខ៦។ សិស្សស្រីពីសាលាអន្តរជាតិវ៉េស្ទឡាញន៍ គឺ មាស ដានីកា បានលេខ៧ និង ហេង ដាលីន បានលេខ៨ ខណៈលេខ៩ បានលេខ រីម ប៉េងហុង ពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្តាល។
 
 
សិស្សពូកែគណិតវិទ្យាដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រទាំង៥០នាក់នេះ ទទួលបានរង្វាន់ និងការលើកទឹកចិត្តមួយចំនួនផងដែរ ក្នុងនោះមានវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស។ មេដាយម្នាក់មួយគ្រឿងសម្រាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៦។ លេខ១ បានកំព្យូទ័រយួរដៃ១ និងអាវយឺត១ រីឯលេខ២ដល់លេខ៦ បានអាវយឺត១ និងមួកសុវត្ថិភាពម្នាក់១។ ជ័យលាភីពីលេខ៧ ដល់លេខ១០ បានអាវយឺតម្នាក់១។
 
តាមប្រកាសក្រសួង ជ័យលាភីទាំងអស់ក៏នឹងអាចទទួលបានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗទផត ពីបណ្តាសប្បុរសជនផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com