សិល្បៈអន្តរជាតិ
អន្តរជាតិ
CoCo Lee តារាចម្រៀងដ៏ល្បីល្បាញនៅអាស៊ី ទទួលមរណភាពក្នុងអាយុ៤៨ឆ្នាំដោយសារអត្តឃាត
06, Jul 2023 , 10:57 am        
រូបភាព
CoCo Lee នាការប្រគំតន្ត្រីនៅក្រុងប៉េកាំង​ ប្រទេសចិន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៣។ រូបថត AP
CoCo Lee នាការប្រគំតន្ត្រីនៅក្រុងប៉េកាំង​ ប្រទេសចិន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៣។ រូបថត AP
ដោយ: រួបរួម
CoCo Lee តារាចម្រៀង និងអ្នកនិពន្ធទំនុកចម្រៀងដ៏ល្បីល្បាញ បានទទួលមរណភាពក្នុងអាយុ៤៨ឆ្នាំ។មូលហេតុគឺដោយសារតែការធ្វើអត្តឃាត។ បងស្រីរបស់ Coco បានប្រកាសបែបនេះនៅលើបណ្តាញសង្គម កាលពីថ្ងៃទី៥ ខែកក្កដា។



តារាចម្រៀង CoCo Lee ច្រៀងបទ A Love Before Time នាពិធីចែករង្វាន់អូស្កាលើកទី៧៣នៅ Los Angeles។ រូបថត AP

CoCo ដែលមានសញ្ជាតិចិន-អាមេរិក គឺជាបុគ្គលដ៏ជោគជ័យបំផុតក្នុងអាជីពក្នុងតំបន់អាស៊ី ហើយក៏មានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ។ តារារូបនេះ កើតជំងឺបាក់ទឹកចិត្តជាច្រើនឆ្នាំមកហើយ ហើយស្ថានភាពដុនដាបខ្លាំងនារយៈពេលប៉ុន្មានខែចុងក្រោយ។
 
«ទោះបីជា CoCo បានប្រឹងរកជំនួយពីអ្នកជំនាញ និងព្យាយាមតទល់ជាមួយនឹងជំងឺបាក់ទឹកចិត្តយ៉ាងណាក៏ដោយ ប៉ុន្តែគួរឱ្យសោកស្តាយ បិសាចនៅខាងក្នុង បានទាញឆក់ជីវិតនាង»។ បងស្រីរបស់ CoCo គឺ Carol និង Nancy Lee បានសរសរអះអាងនៅលើបណ្តាញសង្គម Facebook និង Instagram។
 
CoCo បានព្យាយាមធ្វើអត្តឃាតនៅគេហដ្ឋានរបស់ខ្លួន កាលពីចុងសប្តាហ៍កន្លងមក ហើយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ បងស្រីរបស់គាត់បានអះអាងថា ក្រោយសន្លប់បាត់ស្មារតីអស់រយៈពេល៣ឆ្នាំ នាងក៏បានទទួលមរណភាពកាលពីថ្ងៃពុធ។
 
កើតនៅហុងកុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៥ ដោយមានឈ្មោះដើមថា Ferren Lee។ ឪពុកនាងបានទទួលមរណភាពមុនពេលនាងចាប់កំណើត ហើយឈានដល់វ័យ៩ឆ្នាំ ម្តាយនាង បាននាំនាង និងបងស្រីពីរនាក់ទៀតទៅរស់នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
 
នៅឆ្នាំ១៩៩១ CoCo បានជាប់ជាបវរកញ្ញា Miss Teen Chinatown ហើយធ្លាប់បានចូលរៀនរយៈពេលខ្លីនៅសាកលវិទ្យាល័យ University of California ដើម្បីក្លាយជាវេជ្ជបណ្ឌិត ប៉ុន្តែក្រោយមកផ្អាកវិញ ព្រោះត្រូវដើរតាមបេះដូងរបស់ខ្លួន គឺអាជីពផ្នែកចម្រៀងប៉ុប។
 
តាមសេចក្តីថ្លែងការណ៍ បងស្រីទាំងពីររបស់ CoCo បញ្ជាក់ថា ឆ្នាំនេះ ឈានដល់ខួប៣០ឆ្នាំនៃការប្រឡូកក្នុងអាជីពចម្រៀង ដោយនាងត្រូវបានទទួលស្គាល់ជាតារាចម្រៀងចិនដ៏លេចធ្លោម្នាក់លើពិភពតន្ត្រីអន្តរជាតិ ទាំងអាល់ប៊ុមជាភាសាចិន និងភាសាអង់គ្លេស។
 
CoCo Lee នៅលើកម្រាលព្រំពណ៌ផ្កាឈូក នា​ពិធីបង្ហាញម៉ូដ Victoria's Secret Fashion នៅក្រុងសៀងហៃ កាលពីឆ្នាំ២០១៧។ រូបថត AP

កាលពីឆ្នាំ២០១១ CoCo បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក Bruce Rockowitz ដែលជាអ្នកជំនួញកាណាដា។ លោក Bruce ជាបុរសពោះមាយដែលមានកូនស្រី២នាក់ ហើយ CoCo ក៏មិនមានកូនផ្ទាល់ខ្លួនផងដែរ ក្រោយចំណងអាពាហ៍ពិពាហ៍នេះ។
 
CoCo បានក្លាយជាអ្នកចម្រៀងអាជីព ក្រោយជាប់លេខ២ក្នុងការប្រឡងចម្រៀងដែលរៀបចំដោយទូរទស្សន៍ TVB នៅហុងកុង ហើយបានចេញអាល់ប៊ុមទីមួយនៅឆ្នាំ១៩៩៤ ក្នុងអាយុ១៩ឆ្នាំ។ នៅឆ្នាំ១៩៩៩ គាត់ជាតារាចម្រៀងចិនដំបូង ដែលបានបោះជំហានចូលទីផ្សារអាមេរិក តាមរយៈបទជាភាសាអងគ្លេស «Do You Want My Love» ដោយឈរលេខ៤លើ Billboard’s Hot Dance Breaktouts Chart ក្នុងខែធ្នូ។
 
ក្នុងអាល់ប៊ុមជាភាសាអង់គ្លេស Just No Other Way ផងដែរ បទចម្រៀង «Before I Fall In Love» ត្រូវបានដាក់បញ្ចូលក្នុងខ្សែភាពយន្ត Runaway Bride របស់ Julia Roberts។ សម្រាប់រឿងវីរនារីមូឡាន «Fa Mulan» CoCo ជាបញ្ចូលសំឡេងតួឯកវីរនារីផ្ទាល់ រួមទាំងច្រៀងបទ «Reflection» ជាភាសាចិនកុកងឺ។
 
CoCo Lee សម្តែងនាពិធីរំលឹកខួបលើកទី១៥នៃការប្រគល់ទឹកដីហុងកុងឱ្យចិនវិញ។ រូបថត AP

CoCo មានឈ្មោះល្បីល្បាញកាន់តែខ្លាំងនៅអាមេរិក តាមរយៈបទ «A Love Before Time» ក្នុងរឿង Crouching Tiger, Hidden Dragon កាលពីឆ្នាំ២០០០ ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រជែងពានរង្វាន់អូស្កាផ្នែក Best New Original Song។ នាពិធីចែករង្វាន់អូស្កា កាលពីខែមិនា ឆ្នាំ២០០១ CoCo បានឡើងច្រៀងនេះ ដោយមានអ្នកទស្សនាតាមទូរទស្សន៍រាប់លាននាក់។ 
 
បទចុងក្រោយរបស់ CoCo គឺបទ «Tragic» ដែលបានចេញកាលពីខែកុម្ភៈ។ នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីចុងឆ្នាំ២០២២ តារាចម្រៀងរូបនេះ លើកឡើងពីការឆ្លងកាត់ឆ្នាំដ៏លំបាក ប៉ុន្តែនាងតែងតែលើកទឹកចិត្តអ្នកគាំទ្រឱ្យចែករំលែកនូវអ្វីៗដែលល្អ និងផ្តល់គំរូដល់អ្នកដទៃ៕

© រក្សាសិទ្ធិដោយ thmeythmey.com