ជាតិ
កម្ពុជា នៅតែប្រើទឹកខ្មៅឥណ្ឌាដដែល សម្រាប់ជ្រលក់ដៃក្នុងថ្ងៃបោះឆ្នោត
06, Jul 2023 , 2:59 pm        
រូបភាព
ការសាកល្បងគុណភាពទឹកខ្មៅ ដែលនឹងត្រូវប្រើប្រាស់នៅថ្ងៃបោះឆ្នោត (រូបពីគ.ជ.ប)
ការសាកល្បងគុណភាពទឹកខ្មៅ ដែលនឹងត្រូវប្រើប្រាស់នៅថ្ងៃបោះឆ្នោត (រូបពីគ.ជ.ប)
ដោយ៖ ទេពញាណ
មិនខុសពីការបោះឆ្នោតមុនៗឡើយ កម្ពុជា នៅតែបន្តទិញទឹកខ្មៅពីក្រុមហ៊ុនប្រទេសឥណ្ឌាដដែល ដើម្បីជ្រលក់ម្រាមដៃក្នុងថ្ងៃបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីសាកល្បងនិងបង្ហាញគុណភាពនៃទឹកខ្មៅនេះ នៅព្រឹកថ្ងៃទី៦កក្កដា ដោយមានភាគីពាក់ព័ន្ធនានាចូលរួម។


 
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ថ្លែងថា ក្រុមហ៊ុននៃប្រទេសឥណ្ឌា ដែលគ.ជ.ប បញ្ជាទិញទឹកខ្មៅជ្រលក់ដៃ គឺមានឯកទេសក្នុងការផលិតទឹកខ្មៅនេះ។ លោក បន្តថា ក្រុមហ៊ុននេះ តែងផ្តត់ផ្គង់ទឹកខ្មៅជ្រលក់ដៃដល់គ.ជ.បនៅរៀងរាល់ការបោះឆ្នោតនៅកម្ពុជា។ លោក បន្ថែមថា មានប្រទេសជាង៣០ ដោយរួមទាំងឥណ្ឌាខ្លួនឯងផង បានប្រើប្រាស់ទឹកខ្មៅពីក្រុមហ៊ុននេះ សម្រាប់បម្រើឲ្យការបោះឆ្នោត។  
 
លោក អះអះងថា ទឹកខ្មៅនេះ មានគុណភាពល្អ ជាពិសេដិតជាប់ស្បែកដៃ ដោយមិនងាយនឹងលុបជ្រះភ្លាមៗឡើយ។ ប្រធានគ.ជ.ប បញ្ជាក់ដូច្នេះថា៖«គុណភាពនេះ ប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែលគ.ជ.បប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមកដែរ ដែលអាចធានាបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពអ្នកដែលបានប្រើប្រាស់»។  
 
សុន្ទរកថាដែលប្រធានគ.ជ.ប បានអានក្នុងពិធីខាងលើ បានឲ្យដឹងព័ត៌មានបន្ថែមទៀតពីទឹកខ្មៅជ្រលក់ដៃ។ គ.ជ.ប បញ្ជាទិញទឹកខ្មៅនេះចំនួន៥,២ម៉ឺនដប ដោយមានតម្លៃសរុបជិត១លានដុល្លារ (៩១៦ ៧៦០ដុល្លារ) ដោយក្នុង១ដប ថ្លៃ១៧,៦៣ដុល្លារ។ ការដឹកជញ្ជូននិងធានារ៉ាប់រងលើទឹកខ្មៅនេះ ចំណាយអស់ជាង៤,៦ម៉ឺនដុល្លារ (៤៦ ៥៥០ ដុល្លារ)។ 
 
 
ផ្អែកតាមសុន្ទរកថារបស់លោក ប្រាជ្ញ ចន្ទ ដដែល កាលពីចុងឆ្នាំ២០២២ គ.ជ.ប បានស្នើសុំទឹកខ្មៅលុបមិនជ្រះពីក្រុមហ៊ុនប្រទេសឥណ្ឌា ដើម្បីយកមកសាកល្បង មុនបញ្ជាឲ្យផលិតជាផ្លូវការ។ បន្ទាប់ពីធ្វើតេស្តឃើញគុណភាពល្អរួចហើយ នៅខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប ក៏បញ្ជាឲ្យក្រុមហ៊ុនផលិតទឹកខ្មៅនេះជាផ្លូវការ ហើយមន្រ្តីជំនាញគ.ជ.ប ថែមទាំងបានទៅពិនិត្យមើលការផលិតដល់ក្រុមហ៊ុនដោយផ្ទាល់ទៀតផង។ 
 
ទឹកខ្មៅនេះ មានសុពលភាព៦ខែ ដោយរាប់ចាប់តាំងពីពេលផលិតចេញមក រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ទឹកខ្មៅនេះ នឹងត្រូវចែកចាយទៅគ្រប់ការិយាល័យបោះឆ្នោត ដោយក្នុង១ការិយាល័យ មាន២ដប៕ 
 
 
 

Tag:
 ទឹកខ្មៅជ្រលក់ម្រាមដៃ
© រក្សាសិទ្ធិដោយ thmeythmey.com