ដោយ៖ ឡាយ សុភាវតី និង ទេពញាណ
ច្បាប់បានចេញហើយ គឺបេក្ខជនតំណាងរាស្រ្ត ត្រូវមានប្រវត្តិធ្លាប់បានទៅបោះឆ្នោតសាកល២ដងជាប់គ្នាចុងក្រោយ ទើបអាចមានសិទ្ធិឈរជាបេក្ខជនតំណាងរាស្រ្ត។ យ៉ាងណា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់យកលក្ខខណ្ឌត្រង់កន្លែងនេះ មកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះទេ។
ក្នុងសេចក្តីសម្រេច ដែលចេញនៅថ្ងៃ៥កក្កដា គ.ជ.ប បញ្ជាក់ថា បញ្ញត្តិអំពីលក្ខខណ្ឌដែលតម្រូវឲ្យបេក្ខជនបានបោះឆ្នោតសាកល២ដងជាប់គ្នាចុងក្រោយ ពុំមានអានុភាពដល់បញ្ជីបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះឡើយ។
ផ្អែកតាមការសម្រេចរបស់គ.ជ.ប មថាកន្លងមក បានទៅបោះឆ្នោត ឬមិនបាននោះទេ បេក្ខជនតំណាងរាស្រ្តនីតិកាលទី៧នេះ នៅតែមានសិទ្ធិឈរជាបេក្ខជនតំណាងរាស្រ្ត។ បើលក្ខខណ្ឌនេះ ត្រូវបានយកមកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តលើកក្រោយ អ្នកដែលចង់ឈរជាបេក្ខជនតំណាងរាស្រ្ត ចាំបាច់ត្រូវតែមានប្រវត្តិធ្លាប់បោះឆ្នោតសាកល២ដងជាប់គ្នាចុងក្រោយ។
ឧទាហរណ៍៖ ដើម្បីមានសិទ្ធិឈរជាបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៨ នៅឆ្នាំ២០២៨ គេ ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣នេះ និងបន្តទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២៧។
ប៉ុន្តែមានករណីខ្លះ ត្រូវលើកលែង។ អ្នកដែលមិនបានបោះឆ្នោត២ដងចុងក្រោយជាប់គ្នា នឹងអាចបន្តឈរជាបេក្ខជនតំណាងរាស្រ្តបាននៅឆ្នាំ២០២៨ លុះត្រាតែមានហេតុផលសមស្របដាក់ជូនទៅគ.ជ.ប។
ហេតុផល ដែលគ.ជ.បកំណត់ក្នុងសេចក្តីសម្រេចរបស់ខ្លួនថា សមស្របនោះ មាន៥ចំណុច គឺ៖
១- ស្ថិតនៅក្រៅប្រទេសចំថ្ងៃបោះឆ្នោត ដោយសារជាប់បំពេញបេសកកម្មផ្លូវការ ឬបំពេញការសិក្សា ឬបំពេញការងារ
២- មានជំងឺ ដែលមិនអាចទៅបោះឆ្នោតបាន
៣- ស្រ្តីសម្រាលកូនក្នុងថ្ងៃបោះឆ្នោត
៤- ត្រូវបានព្យួរសិទ្ធិបោះឆ្នោតតាមច្បាប់
៥- ជួបករណីប្រធានស័ក្តិ ឬអសន្តិសុខ ឬកាលៈទេសៈមានអាសន្ន ដែលមិនអាចទៅបោះឆ្នោតបាន
គ.ជ.ប បានចេញសេចក្តីសម្រេចខាងលើ បន្ទាប់ពីវិសោធនកម្មច្បាប់បោះឆ្នោត បានចូលជាធរមាន (ក្លាយជាច្បាប់)។ មាត្រាថ្មី ដែលត្រូវដាក់បញ្ចូលក្នុងច្បាប់បោះឆ្នោត ចែងថា អ្នកដែលអាចមានសិទ្ធិឈរជាបេក្ខជនតំណាងរាស្រ្ត លុះត្រាតែបានបោះឆ្នោតសាកល២ដងជាប់គ្នាចុងក្រោយ៕