អន្តរជាតិ
កុបកម្ម​បានបំផ្លាញសេដ្ឋកិច្ច​​បារាំងដែលកំពុងដុនដាបស្រាប់
06, Jul 2023 , 4:30 pm        
រូបភាព
 ប្រធានាធិបតីបារាំង Emmanuel Macron ។ រូបថត៖ Reuters ។
ប្រធានាធិបតីបារាំង Emmanuel Macron ។ រូបថត៖ Reuters ។
កុប្បកម្ម​នៅបារាំង បានកំពុងបំផ្លាញសេដ្ឋកិច្ចដែលកំពុងតែដុនដាបស្រាប់ ជុំវិញការរុំព័ទ្ធដោយបំណុលសាធារណៈ។ គេរំពឹងថា រដ្ឋាភិបាលនឹងដោះស្រាយវិបត្តិនេះ តាមរយៈការចំណាយសាធារណៈ ស្របពេលដែលចំណូលសាពើពន្ធធ្លាក់ចុះដែលអាចឱ្យបារាំងធ្លាក់ចូលក្នុងវិបត្តិសាជាថ្មី។  

 
ត្រឹមតែរយៈពេលខ្លីនៃការតវ៉ា និងកូដកម្មជុំវិញការកំណែទម្រង់ប្រាក់សោធននិវត្តន៍ បារាំងបានប្រឈមមុខនឹងកុបកម្មដែលបញ្ឆេះដោយការបាញ់សម្លាប់យុវជនដោយប៉ូលិស។ ឧប្បត្តិហេតុទាំងនេះបានធ្វើឱ្យមានការខាតបង់យ៉ាងច្រើនដល់អាជីវកម្មបារាំង និងធ្វើឱ្យសេដ្ឋកិច្ចបារាំងប្រឈមមុខនឹងបញ្ហាជាច្រើន។
 
សារព័ត៌មានអង់គ្លេស The Telegraph ដែលដកស្រង់តួលេខពីក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងកុបកម្មកាលពីសប្តាហ៍មុន ដោយមិនរាប់បញ្ចូលរថយន្តចំនួន៦ពាន់គ្រឿងត្រូវបានដុត ឬបំផ្លាញ និងហាងជាច្រើនត្រូវបានចោរលួច។ 
 
នេះគឺជាកុបកម្មដ៏ធ្ងន់ធ្ងរបំផុតរបស់បារាំងចាប់តាំងពីឆ្នាំ ២០០៥។ ជាមួយនឹងកម្រិតបំណុលខ្ពស់ស្រាប់ វាពិបាកសម្រាប់រដ្ឋាភិបាលរបស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ក្នុងការបង្កើនការចំណាយដើម្បីដោះស្រាយបញ្ហាទាំងនេះ។ 
 
ការប៉ាន់ប្រមាណដំបូងបានបង្ហាញថា ក្រុមហ៊ុនធានារ៉ាប់រងអាចខាតបង់ ១០០លានដុល្លារដើម្បីរ៉ាប់រងការខាតបង់របស់អតិថិជនក្នុងអំឡុងពេលកុបកម្ម ប៉ុន្តែតួលេខចុងក្រោយអាចច្រើនជាងនេះ។ សមាគមធុរកិច្ចបារាំង MEDEF បានលើកឡើងថា ធុរកិច្ចបារាំងបានខាតបង់ជាង១ពាន់លានអឺរ៉ូ (១,១ពាន់លានដុល្លារ ) ដោយសារតែអំពើហិង្សាកាលពីសប្តាហ៍មុន។
 
នៅក្នុងបទសម្ភាសន៍ជាមួយ CNN អ្នកនាំពាក្យរបស់ MEDEF បាននិយាយថា ៖ « ក្រុមអ្នកតវ៉ាបានវាយប្រហារហាងចំនួន ២០០ បំផ្លាញសាខាធនាគារចំនួន ៣០០ និងតូបលក់ទំនិញតាមដងផ្លូវចំនួន ២៥០» ។
 
ជាមួយគ្នានេះ ហាងជាច្រើននៅក្នុងរដ្ឋធានីប៉ារីសត្រូវបិទជាបណ្តោះអាសន្ន ហើយបម្រាមគោចរពេលយប់ និងការរឹតបន្តឹងការធ្វើដំណើរបានរារាំងអាជីវកម្ម។ ប្រទេសជាច្រើន រួមទាំងអង់គ្លេស បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ពួកគេអំពីការធ្វើដំណើរទៅបារាំងទាន់ពេលវេលាសម្រាប់រដូវកាលទេសចរណ៍កំពូលក្នុងអំឡុងរដូវក្តៅ។
 
អត្រាធៀបទៅនឹង GDP នៃការចំណាយរបស់រដ្ឋាភិបាលបារាំង (ពណ៌ខៀវ) និងចំណូល (ខ្មៅ) ។ ប្រភព៖ IMF/Telegraph ។

បារាំង គឺជាប្រទេសគោលដៅទេសចរលំដាប់កំពូលក្នុងពិភពលោក ដោយវិស័យទេសចរណ៍មានចំនួន១០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដូច្នេះការខូចខាតដល់សេដ្ឋកិច្ចពិតជាមិនតូចទេ។ នៅដើមខែកក្កដា អត្រាអ្នកទេសចរបរទេសលុបចោលដំណើរទេសចរណ៍ទៅកាន់បារាំងបានឈានដល់អត្រា ២០ទៅ២៥ភាគរយ។ នេះបើយោងតាមសមាគមធុរកិច្ចបារាំង ​​MEDEF ។
 
កន្លង​មក រដ្ឋាភិបាល​បារាំង​តែងតែ​ដោះស្រាយ​ករណី​ស្រដៀង​គ្នា​នេះ​ដោយ​បង្កើន​ការ​ចំណាយ​សាធារណៈ។ ក្រោយបីសប្តាហ៍នៃកុបកម្មក្នុងឆ្នាំ ២០០៥ ប្រធានាធិបតីបារាំងសម័យនោះលោក Nicolas Sarkozy បានសន្យាផ្តល់ប្រាក់រាប់ពាន់លានអឺរ៉ូដើម្បីកែលម្អលំនៅដ្ឋាន និងការដឹកជញ្ជូន។ បន្ទាប់ពីការតវ៉ាដ៏ធំក្នុងឆ្នាំ ២០១៩ ប្រធានាធិបតី ម៉ាក្រុង បានកាត់បន្ថយពន្ធសាំង និងកែលម្អសុខុមាលភាពដើម្បីធានាដល់បាតុករឡើងវិញ ភាគច្រើនមកពីតំបន់ជនបទ។
 
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា នាពេលខាងមុខនេះ វិមាន Elysee អាចនឹងប្រកាសជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តក្នុងការចំណាយដ៏ធំដើម្បីដោះស្រាយវិបត្តិនេះ។ បញ្ហា​នៅ​ត្រង់​ថា រដ្ឋាភិបាល​បារាំង​បច្ចុប្បន្ន​មិន​មាន​ថវិកា​ចំណាយ​ច្រើន​ទេ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហិរញ្ញវត្ថុសាធារណៈរបស់បារាំងបានធ្លាក់ចុះយ៉ាងខ្លាំង។
 
អត្រាធៀបទៅនឹង GDP នៃបំណុលសាធារណៈរបស់ប្រទេសបារាំង (ពណ៌ខៀវ) និងឱនភាពថវិកា (ខ្មៅ) ។ ប្រភព៖ IMF/Telegraph ។

សមាមាត្រនៃបំណុលសាធារណៈសរុបរបស់បារាំងធៀបទៅនឹង GDP បានកើនដល់ ១១២ភាគរយ បើធៀបនឹង ១០០ភាគរយនៅអង់គ្លេស ហើយត្រូវបានគេព្យាករថានឹងកើនឡើងបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ឱនភាពថវិកាត្រូវបានព្យាករថា នឹងឈានដល់អត្រា ៤,៧ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ និង ៤,៤ភាគរយនៅឆ្នាំក្រោយទោះបីជាសេដ្ឋកិច្ចកំពុងងើបឡើងវិញពីជំងឺរាតត្បាតក៏ដោយ។
 
លើសពីនេះ បារាំងមានឱនភាពរចនាសម្ព័ន្ធដ៏ធំបំផុតមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍។ ការចំណាយរបស់រដ្ឋគឺស្មើនឹងជិត៦០ភាគរយនៃ GDP ហើយសមាមាត្រពន្ធទៅ GDP គឺស្តិតនៅអត្រា៤៥ភាគរយ។ នៅកម្រិតនេះ បារាំង​ជាប់​ចំណាត់​ថ្នាក់​លេខ២ ក្នុង​ចំណោម​ប្រទេស​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) បើ​គិត​ពី​អត្រា​ពន្ធ។
 
ដូច្នេះ​លំហសម្រាប់​ដំឡើង​ពន្ធ​ស្ទើរតែ​គ្មានទៅ​ហើយ ប៉ុន្តែបើ​បារាំងចង់​ខ្ចី​លុយ​បន្ថែមក៏មិនងាយស្រួលនោះដែរ។ បារាំងបាននាំមុខអ៊ីតាលី បានក្លាយជាប្រទេសជំពាក់បំណុលច្រើនជាងគេលំដាប់ទី៣ នៅលើពិភពលោកដោយតាម​ពី​ក្រោយ​អាម៉េរិក និង​ជប៉ុន​។
 
ជាទម្លាប់ ប្រធានាធិបតីអណត្តិមុនៗនៅក្នុងសម័យសាធារណរដ្ឋទី៥ និងជំនាន់លោក ម៉ាក្រុង ក្នុងឆ្នាំ២០១៧ ជារឿយៗបានដោះស្រាយកុបកម្មដោយការបង្កើនការចំណាយ។ ប៉ុន្តែសម្រាប់ពេលនេះ លោក ម៉ាក្រុង ហាក់មិនមានចំណូលសារពើពន្ធដើម្បីធ្វើដូច្នេះទេ។ ទន្ទឹមនឹងនោះ លោកក៏កំពុងតស៊ូមតិកាត់បន្ថយការចំណាយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីធ្វើឲ្យថវិកាមានតុល្យភាពឡើងវិញ។ នេះអាចនាំឱ្យមានការមិនពេញចិត្តជាបន្តបន្ទាប់ចំពោះអ្នកបោះឆ្នោតនៅបារាំង។
 
នៅដើមឆ្នាំនេះ ការស្ទុះងើបសេដ្ឋកិច្ចរបស់បារាំងបានដំណើរការប្រសើរជាងតំបន់ចាយប្រាក់អឺរ៉ូទាំងមូល បើទោះបីជាមានការតវ៉ា និងកូដកម្មដែលធ្វើឡើងដោយសហជីពដើម្បីទាមទារឱ្យរដ្ឋាភិបាលបោះបង់ចោលគម្រោងដំឡើងអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ឆ្នាំក៏ដោយ។ 
 
ទោះបីជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចបារាំងបានបង្ហាញពីសញ្ញានៅទ្រឹង។ ទិន្នន័យនៃការស្ទង់មតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ទិន្នផលសេដ្ឋកិច្ចរបស់បារាំងបានធ្លាក់ចុះនៅក្នុងខែមិថុនា។ វាជាខែដំបូងនៃការធ្លាក់ចុះចាប់ពីដើមឆ្នាំ និងការធ្លាក់ចុះខ្លាំងបំផុតតាំងពីខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែវិស័យសេវាកម្មដែលមិនរំពឹងទុកបានធ្លាក់ចុះ ខណៈពេលដែលសកម្មភាពផលិតកម្មធ្លាក់ចុះបន្ថែមទៀត៕
 

Tag:
 បារាំង
  សេដ្ឋកិច្ច
  កុបកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com