ជាតិ
​ដើម​ស្ពង់​ចំណាស់មួយ​ដើម នៅ​ប្រាសាទ​តាព្រហ្ម​ ត្រូវបាន​កាត់​ក្រី និង​ព្យាបាល
06, Jul 2023 , 6:59 pm        
រូបភាព
រូបភាពពី៖ អាជ្ញាធរជាតិអប្សរា
រូបភាពពី៖ អាជ្ញាធរជាតិអប្សរា
ដោយ៖ សេង គឹមលីន
ភ្នំពេញ៖ ដើម​ស្ពង់​ចំណាស់​មួយ​ដើម ស្ថិត​នៅ​ជ្រុង​ខាង​កើត ប្រាសាទ​តា​ព្រហ្ម ត្រូវ​បាន​ក្រុម​ការងារ​ព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ឋនៃអាជ្ញាធរជាតិអប្សរា កាត់​ក្រីមែក​ និង​ព្យាបាល​ដើម និងឫស។ បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ដើមស្ពង់នេះ មាន​សភាព​ទ្រុឌទ្រោមខ្លាំង ដោយ​​ត្រូវ​ការ​ការ​ថែទាំ និង​ព្យាបាល​ពី​ក្រុម​អ្នក​ជំនាញ។​

ដើមឈើគ្រប់ប្រភេទ នៅតំបន់រមណីយដ្ឋានអង្គរ មានសារប្រយោជន៍សំខាន់ ដែល​ជាខែលការពារខ្យល់បាំងប្រាសាទ ផ្ដល់​ជាម្លប់ និង​សោភ័ណភាព​ដ៏ទាក់ទាញដល់​ទេសចរ។ ជាក់ស្ដែង ដើមស្ពង់ចំណាស់មួយដើម ស្ថិតនៅជ្រុងខាងកើត ប្រាសាទតាព្រហ្ម ត្រូវ​បាន​យកចិត្តទុកដាក់ពី​អាជ្ញាធរ និងជាទីចាប់អារម្មណ៍​របស់​ទេសចរដែលមិនសូវ​មើល​រំលង។​
 
លោក គង់ សុវណ្ណារិទ្ធ មន្រ្តី​បច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បញ្ជាក់ថា ដើមស្ពង់ចំណាស់នេះ មាន​សភាព​ទ្រុឌ​ទ្រោម​ និង​ត្រូវការជាចំបាច់ក្នុងការថែទាំព្យាបាល ដើម្បីចៀសវាងគ្រោះហានិភ័យ។ «ប្រសិន​បើ​ខ្វះ​ការថែទាំដិតដល់ ដើម​ឈើ​នេះ អាច​នឹង​ប្រឈម​ឆាប់ងាប់ និង​បង្កគ្រោះថ្នាក់​ដល់ប្រាសាទ។ ធ្វើ​ឱ្យបាត់​​សោភ័ណភាព ដែលទេសចរ​តែង​ឈរ​ថត​ពេល​បានមកដល់​»។ នេះជាការ​រៀបរបស់លោក​មន្រ្តី​បច្ចេក​ទេស គង់ សុវណ្ណារិទ្ធ ដែល​ត្រូវបានដកស្រង់នៅ​ក្នុង​អត្ថបទ​ខ្លី​នៅលើទំព័រហ្វេសប៊ុក​អាជ្ញាធរជាតិអប្សរា។​​
  
រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

បើតាម​មន្រ្តី​បច្ចេកទេសដែល​ធ្វើការផ្នែកកាត់ក្រីដើមឈើអស់រយៈពេលជាង១០ឆ្នាំមកនេះ ការព្យាបាល និង​ថែទាំ ក្រុមការងារបានដំឡើងរន្ទាទៅកាត់មែកខាងចុង។ ដោយ​ឡែក ផ្នែកខាងឫស ក្រុម​ការងារ​ខាង​លើ បានចោះសាច់ស្អុយ និងពុកផុយចេញ។ បន្ទាប់មក​ព្យាបាលដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូកបិទផ្ចិត។ ការធ្វើបែបនេះ អាចបង្ការកុំឱ្យ​ពុកផុយ និង​ធ្វើឱ្យ​សាច់ដើមឈើដុះគ្របឡើង​វិញ។
 
នៅតំបន់រមណីយដ្ឋានអង្គរ គ្រឹះ​ប្រាសាទ​ពិតជាមានទំនាក់ទំនងជាមួយនឹងប្រព័ន្ធទឹកក្រោមដី។ តំបន់ដែលមានទឹកក្រោមដី ច្រើនជាតំបន់ដែលពេញទៅដោយដើមឈើ។ លោក សុវណ្ណារិទ្ធ បន្តថា ប្រព័ន្ធទឹក និងដើមឈើ ជាផ្នែកមួយដ៏សំខាន់នៃប្រាសាទ ដែល​អាចជួយទាក់ទាញទឹកភ្លៀង ទប់ទឹកភ្លៀង និងជួយឱ្យ​ទឹកជ្រៀបក្រោមដីបានល្អ មិនងាយខ្សោះទឹក។
 
សូម​បញ្ជាក់ថា ក្រៅពីតំបន់ប្រាសាទតាព្រហ្ម ក្រុមការងារអភិរក្សព្រៃឈើ ក៏បានព្យាបាលដើមឈើធំៗ នៅតាម​ប្រាសាទបាយ័ន ប្រាសាទតាកែ វព្រះខ័ន និងតាមដងផ្លូវវង់តូចធំក្នុងរមណីយដ្ឋានអង្គរ។ ទោះជាយ៉ាងណាលោក គង់ សុវណ្ណារិទ្ធ ក៏បានអំពាវនាវ និងសំណូមពរទៅដល់ភ្ញៀវដែលមកទស្សនាតាមប្រាសាទ ប្រុងប្រយ័ត្នឱ្យ​បានខ្ពស់នូវដើមឈើធំៗ ជាពិសសក្នុងអំឡុងពេលនារដូវវស្សានេះ៕
 

Tag:
 អាជ្ញាធរ​អប្សរា
  ដើមស្ពង់
  ប្រាសាទ​តា​ព្រហ្ម​
© រក្សាសិទ្ធិដោយ thmeythmey.com