អន្តរជាតិ
ទោះរដ្ឋាភិបាលគាំទ្រ ការតវ៉ានៅតែមាននៅកូរ៉េខាងត្បូងជុំវិញការបញ្ចេញទឹកពីរោង​ចក្រ​ Fukushima
06, Jul 2023 , 8:29 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែកក្កដា ប្រកាសគោរពការសន្និដ្ឋាននៃការត្រួតពិនិត្យសុវត្ថិភាពរបស់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិទៅលើផែនការរបស់ជប៉ុនក្នុងការបញ្ចេញទឹកសំណល់ពីរោង​ចក្រ​ថាមពល​នុយក្លេអ៊ែរនៅ Fukushima ចូលក្នុងសមុទ្រ។ ទីក្រុងសេអ៊ូល ក៏ត្រៀមបញ្ចេញលទ្ធផលដោយឡែកលើគម្រោងនេះដែរ។ ប៉ុន្តែបក្សនយោបាយ និងសាធារណជននៅកូរ៉េខាងត្បូង មិនពេញចិត្តការបញ្ចេញទឹកនេះឡើយ ទោះបានធ្វើប្រព្រឹត្តកម្មរួចក្ដី។

 
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅថ្ងៃទី៤ ខែកក្កដា បានបង្ហាញរបាយការណ៍លើផែនការបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ។ បើតាម IAEA ផែនការនេះគឺស្របនឹងស្តង់ដារសុវត្ថិភាពសកល ហើយនឹងមានផលប៉ះពាល់វិទ្យុសកម្មតុចតួចដល់ដល់មនុស្ស និងបរិស្ថាន។
 
នៅកូរ៉េខាងត្បូងក្បែរខាងជប៉ុនវិញ រដ្ឋាភិបាលប្រទេសនេះ ក៏មាននិន្នាការគាំទ្រជប៉ុនដែរ។ ប៉ុន្តែបក្សប្រឆាំង និងប្រជាជនជាច្រើន មិនសប្បាយចិត្តចំពោះការបញ្ចេញទឹកនេះឡើយ។ លោកស្រី Lee Jeong-mi អ្នកនយោបាយមកពីគណបក្សប្រឆាំងនិយាយថា របាយការណ៍របស់ IAEA មិនអាចជឿទុកចិត្តបានទេ ព្រោះវាមិនបានបង្ហាញភស្តុតាងវិទ្យាសាស្រ្តជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាព។ 
 
ជាមួយគ្នានេះ លោកស្រី Lee ក៏បានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងថា រក្សាភាពស្ងៀមស្ងាត់ បើទោះបីជាប្រជាជនកូរ៉េខាងត្បូងភាគច្រើនប្រឆាំងនឹងការបញ្ចេញទឹកពីរោង​ចក្រ​ថាមពល​នុយក្លេអ៊ែរនៅ Fukushima នេះក៏ដោយ។ តាមការស្ទង់មតិកាលពីខែមុន ៨៤ភាគរយនៃប្រជាជនកូរ៉េខាងត្បូងបានប្រឆាំងនឹងផែនការរបស់ជប៉ុន។
 
លោកស្រី Lee Jeong-mi ត្រូវបានរាយការណ៏ថាកំពុងតែធ្វើកូដកម្មអត់អាហារនៅខាងក្រៅស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូលអស់រយៈពេលជាង១០ថ្ងៃមកហើយដែរ។ 
 
បន្ទាប់ពីទទួលបានការអនុម័តពី IAEA នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ Fumio Kishida បញ្ជាក់ថា ជប៉ុនមានបំណងទទួលយកមតិទាំងក្នុងស្រុក និងក្រៅស្រុកទៅលើផែនការមួយនេះ ខណៈពេលដែលវាអាចជួយកែលម្អ​ទំនាក់ទំនង​ទ្វេភាគី​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ប្រវត្តិសាស្ត្ររវាងកូរ៉េខាងត្បូងនិងជប៉ុន។ 
 
គួរកត់សម្គាល់ផងដែរថា កូរ៉េខាងត្បូងក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅកាន់ Fukushima កាលពីខែឧសភាដើម្បីវាយតម្លៃស្ថានភាព ហើយរដ្ឋាភិបាលសេអ៊ូលរំពឹងចែករំលែកការរកឃើញរបស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។  បច្ចុប្បន្ននេះ កូរ៉េខាងត្បូង​នៅ​តែ​ហាមប្រាម​ការ​នាំ​ចូល​ផលិតផល​អាហារ​របស់​ជប៉ុន​ពី​តំបន់​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរនៅFukushima បើទោះបីជាជប៉ុនបានអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងលុបចោលបម្រាមនេះក៏ដោយ។ 
 
មិនត្រឹមតែកូរ៉េខាងត្បូងឡើយ ចិនក៏ចេញមុខប្រតិកម្មដែរ។​ ទីក្រុងប៉េកាំងទទូចឱ្យទីក្រុងតូក្យូផ្អាកផែនការបញ្ចេញទឹកសិន៕
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com