ជាតិ
ចង់ធ្វើជំនួយការ? អស់ឱកាសហើយ សម្តេច ហ៊ុន សែន ឱ្យលុបចេញរាល់គណនី TikTok ប្រើឈ្មោះសម្តេច
07, Jul 2023 , 10:26 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន សែន មានគណនី TikTok ច្រើនម្ល៉េះ? តាមពិតគឺមានតែមួយទេ គឺ ឈ្មោះ Samdech Hun Sen (@hunsenofcambodia) រីឯគណនីដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត គឺក្លែងក្លាយ។ តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃសុក្រ ទី៧ ខែកក្កដា នេះ សម្តេចយល់ថា អ្នកបង្កើតមិនមានចេតនាអាក្រក់ណាមួយឡើយ ប៉ុន្តែសម្តេចស្នើឱ្យលុប ឬដូរឈ្មោះចេញជាបន្ទាន់ ព្រោះវាអាចធ្វើឱ្យមានការប៉ះពាល់ដល់សម្តេច ប្រសិនបើធ្វេសប្រហែស។

 
«ខ្ញុំទើបនឹងដឹងថា វាមានរឿងបែបនេះកើតឡើង ហើយអ្នកខ្លះក៏ទើបនឹងដូរឈ្មោះថ្មីៗនៅពេលដែលខ្ញុំអំពាវនាវឱ្យអ្នកមុនចេញមុខមក អ្នកដទៃដូរឈ្មោះដើម្បីបានមកធ្វើទំនាក់ទំនងជាមួយខ្ញុំ ឬធ្វើជំនួយការរបស់ខ្ញុំ។ នេះជាសកម្មភាពមិនអាចទទួលយកបានដែរ»។ សម្តេចបាននិយាយត្រង់ៗបែបនេះ។
 
ចាប់តាំងពីចុងខែមិថុនាមក ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសឈប់ប្រើទំព័រហ្វេសប៊ុកដែលមានចំនួនតាមដានជាង១៤លាន ដោយងាកទៅប្រើឆាណែល Telegram ក្នុងការបញ្ជូនព័ត៌មាន និងរៀនលេងបណ្តាញសង្គម TikTok។ ទាក់ទងនឹង TikTok សម្តេចបានប្រកាសផ្តល់តំណែងជាជំនួយការដល់ម្ចាស់គណនីមួយរូបដែលបានដាក់ឈ្មោះសម្តេច ហើយមានចំនួនតាមដានច្រើនស្រាប់ ប៉ុន្តែក្រោយមក គណនីថ្មីភ្ជាប់ឈ្មោះសម្តេច ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។
 
«ខ្ញុំគិតថា បងប្អូនពិតជាមិនមានបំណងអាក្រក់ចំពោះខ្ញុំទេ ក៏ប៉ុន្តែការធ្វើបែបនេះ អាចធ្វើឱ្យមានការប៉ះពាល់ ប្រសិនបើមានការធ្វេសប្រហែស»។ សម្តេចបានស្នើឱ្យលុបចេញជាបន្ទាន់ និងដូរឈ្មោះចេញេពីឈ្មោះ [ហ៊ុន សែន] ឱ្យដាច់ស្រឡះ ហើយសូម្បីតែគណនីគាំទ្រ ឬ Friend ក៏មិនតម្រូវឱ្យមាននោះដែរ។
 
សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំមិនចាំបាច់មានគណនីគាំទ្រទេ ខ្ញុំត្រូវការភាពជាក់លាក់មួយនៃការធ្វើសកម្មភាពដោយផ្ទាល់របស់ខ្ញុំ»។
 
សម្តេចព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះការប្រើប្រាស់គណនី TikTok ឈ្មោះសម្តេច ដែលអាចធ្វើឱ្យមានការយល់ខុសពេលបង្ហោះរូបភាព ឬសារផ្សេងៗ។ សម្តេចបានបន្ថែមថា សម្តេចផ្ទាល់ ឬជំនួយការសម្តេចជាអ្នកគ្រប់គ្រងគណនីផ្លូការ ហើយភាគច្រើនសម្តេចបង្ហោះដោយផ្ទាល់ និងតាមចិត្តចង់ ដោយគ្មានអ្នកណាត្រួតលើសម្តេចនោះឡើយ។
 
ការងាកចេញពីហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន គឺស្របពេលដែលក្រុមប្រឹក្សាភិបាល (Oversight Board) ក្រុមហ៊ុន Meta កាលពីថ្ងៃទី២៩ ខែមិថុនា បានអំពាវនាវឱ្យព្យួរទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន រយៈពេល៦ខែ ពាក់ព័ន្ធនឹងវីដេអូមួយ ដែលត្រូវបានវាយតម្លៃថា បានរំលោភវិធានរបស់ក្រុមហ៊ុនស្តីពីការគំរាមកំហែងហិង្សា។
 
ទោះមិនទាន់មានការសម្រេចណាមួយពីក្រុមហ៊ុន Meta ក៏ដោយ ប៉ុន្តែសម្តេច ហ៊ុន សែន បានប្រកាសលុបចោលគណនីហ្វេសប៊ុកផ្លូវការ ហើយសម្រេចយកឆាណែលតេឡេក្រាម ជាប្រភពអាទិភាពក្នុងការបញ្ជូនព័ត៌មានទាំងសារនយោបាយ សំឡេង រូបភាព ការផ្សាយផ្ទាល់ និងសារនានា ជំនួសហ្វេសប៊ុក ហើយសម្តេចក៏បានចាប់ផ្តើមប្រើប្រាស់ទិកតុកផ្លូវការផងដែរ។
 
ពាក់ព័ន្ធនឹងបញ្ហាដដែល នាជំនួបជាមួយកម្មករនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចគោរពតាមគោលនយោបាយហ្វេសប៊ុក ប៉ុន្តែសម្តេចក៏ចង់ឃើញក្រុមហ៊ុនយក្សមួយនេះ ពិចារណាដូចគ្នាចំពោះការប្រើប្រាស់ដែលវាយប្រហារសម្តេច ដូចជាការចោទប្រកាន់ភរិយា និងកូនរបស់សម្តេច ថា ជាជនបរទេស ជាដើម។
 
កាលពីថ្ងៃទី៤ ខែកក្កដា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការហាមឃាត់បុគ្គល២២រូបចូលកម្ពុជា និងត្រូវចេញពីកម្ពុជា។ អ្នកទាំងនោះជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ (Oversight Board) នៃក្រុមហ៊ុន Meta ដែលបានផ្តល់អនុសាសន៍ព្យួរទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន។
 
ក្រសួងការបរទេស ចាត់ទុកថា អ្នកទាំង២២រូប ជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONA NON GRATA) ចំពោះអនុសាសន៍ដែលមានចេតនា រារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេពេញចិត្ត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com