ជាតិ
គ្រឹះស្ថានហិរញ្ញវត្ថុ ឬកន្លែងផ្តល់ប្រាក់កម្ចីណា នៅយកអត្តសញ្ញាណបណ្ណ ប្រឈមការដកអាជ្ញាបណ្ណ
07, Jul 2023 , 11:29 am        
រូបភាព
ដោយ:
គ្រឹះស្ថានហិរញ្ញវត្ថុ ឬកន្លែងផ្តល់ប្រាក់កម្ចីក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ និងកន្លែងទទួលបញ្ចាំណា បន្តយកអត្តសញ្ញាណបណ្ណពីប្រជាពលរដ្ឋ ប្រឈមនឹងការដកអាជ្ញាបណ្ណ និងផ្អាកអាជីវកម្ម។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កន្លកមក មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួន ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី។ ជាពិសេសប្រតិបត្តិករកម្ចីជនបទ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬហាងលក់ទំនិញប្រើប្រាស់នានា បានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិ និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
 
ការណែនាំរបស់ក្រសួងមហាផ្ទៃ គឺក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ការបោះឆ្នោត។ រដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវបង្កើតក្រុមការងារមួយ ដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ឬកន្លែងផ្ដល់ប្រាក់កម្ចីទាំងក្នុង និងក្រៅប្រព័ន្ធ ។ ជាពិសេសប្រមួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម មកប្រគល់ឱ្យពលរដ្ឋ ហើយប្រគល់ឯកសារថតចម្លងជូនទៅសាមីគ្រឹះស្ថានហិរញ្ញវត្ថុ ឬកន្លែងផ្ដល់ប្រាក់កម្ចីទាំងនោះវិញ។ នេះជាសារណែនាំរបស់សម្ដេច ស ខេង ដែលបានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មាន។
 
សម្ដេច បានបញ្ជាក់ថា៖«ករណីរកឃើញថា មានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធណា នៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាលរាជធានីខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្មតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានីខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណ និងផ្អាកអាជីវកម្មនោះ»៕
 

Tag:
 ផ្តល់ប្រាក់កម្ចី
 អត្តសញ្ញាណបណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com