ជាតិ
សារមន្ទីរ​វិមាន​​សុខា ក៏តាំងបង្ហាញ​ប្រអប់​ឈើគូស និងសម្ភារអុជបំភ្លឺចាស់ៗដែរ
08, Jul 2023 , 9:59 am        
រូបភាព
សៀមរាប៖ សារមន្ទីរ​វិមាន​​សុខា នៅ​ក្រុង​សៀមរាប មានដាកក់តាំង​វត្ថុ​បុរាណ​ជា​ច្រើន​មុខ ដូចជា យាន​ជំនិះ​បុរាណ ឧបករណ៍​សោតទស្សន៍​បុរាណ និង​​វត្ថុ​បុរាណផ្សេងៗទៀត ក្នុង​នោះ​ ក៏មាន​សម្ភារ​អុជ​បំភ្លឺ ដូចជា​ ពិល ចង្កៀង ​ដែកកេស ​និង​ឈើគូស​ដែរ​​។


លោក លី ប៉េងហេង ហៅ​តា​ឆ្កួត ដែល​ជា​ស្ថាបនិក​សារមន្ទីរ វិមាន​សុខា ណែនាំ​អំពី​ឈើ​គូស​សញ្ញា​ក្ងោក ដែលលោកបានអះអាង​ថាជា​ម៉ាកឈើគូសដែលផលិតនៅ​ប្រទេស​កម្ពុជា​ កាល​ពី​ទស្សវត្សរ៍ ១៩៩០។ បច្ចុប្បន្ន វាត្រូវបាន​ផលិត​នៅ​ប្រទេស​ថៃ។ យ៉ាងណា​ក៏​ប្រអប់​នៅ​តែ​រក្សា​អក្សរ​ខ្មែរ​ត្រឹម «ឈើ​គូស​ក្ងោក»។ លោក ប៉េងហេង ក៏មក​បង្ហាញ​នូវប្រអប់​សម្រាប់​ទុកឈើគូសមួយ ធ្វើ​អំពី​ដែក។ កាល​ពី​សម័យ​​​មុន​ គេ​ប្រើ​ប្រអប់​បែប​នេះ​ជាអចិន្រ្តៃយ៍។ វា​ខុស​ពី​ប្រអប់​ឈើ​គូស​ធ្វើ​ពី​កាតុង ដែល​ប្រើ​ហើយ​ បោះចោល។ គ្រាន់​តែ​​ប្រអប់​ដែក​ត្រូវ​ការ​ក្រដាស​ខាត់​បន្ថែម។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោម ដែលរៀបចំ ដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
 
 
ឈើគូស​ដូចប្រើ​​សម័យ​បច្ចុប្បន្ន ត្រូវ​បាន​បង្កើតឆ្នាំ​១៨០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បា​រាំង ដោយ​លោក CHANCEL Jean ។ ដែកកេស ​ដូច​ប្រើ​សម័យ​បច្ចុប្បន្ន ​ត្រូវ​បាន​បង្កើត​កាល​​ពី​ដើម​សតវត្ស​ទី២០ នៅអឺរ៉ុប​។ 
 

សារមន្ទីរ​ វិមាន​សុខា បើក​រៀងរាល់​ថ្ងៃ ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង​៥ល្ងាច។ វា​ស្ថិតនៅ​ផ្លូវ​លេខ២២ ភូមិ​ត្រពាំង​សេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សំបុត្រចូល​មានតម្លៃ​ ៥០០០រៀល សម្រាប់ពលរដ្ឋ​ខ្មែរ​ម្នាក់ និង២ម៉ឺនរៀល សម្រាប់ជន​បរទេស​​។ ក្នុង​សារមន្ទីរ ក៏មាន​ហាងកាហ្វេ​បែប​បុរាណ​មួយ​ដែរ៕
 



Tag:
 សម្ភារចាស់ៗ
  យានយន្ត
  រថយន្ត
  ឈើគូស
  ចង្ក្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com