អន្តរជាតិ
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធការពារមីស៊ីល ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីប
16, Jul 2023 , 3:39 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
យោធាអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានធ្វើសមយុទ្ធកងទ័ពជើងទឹកដើម្បីការពារមីស៊ីលរួមគ្នា នៅថ្ងៃទី១៦ ខែកក្កដា ក្នុងគោលបំណងប្រឆាំងនឹងការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។

 
ក្រុងព្យុងយ៉ាង នៅថ្ងៃទី១២ ខែកក្កដា បានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប Hwasong-18 ទៅក្នុងសមុទ្រខាងកើត ដោយចាត់ទុកជាការអភិវឌ្ឍសមត្ថភាពការពារខ្លួន និងប្រឆាំងសកម្មភាពបង្ករឿងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល។ 
 
ក្រោយសកម្មភាពមីស៊ីលបែបនេះ កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន បានធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង។ តាមការបញ្ជាក់របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង នៅថ្ងៃទី១៦ ខែកក្កដា សមយុទ្ធយោធានេះ ធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិនៅចន្លោះកូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
«យើងនឹងឆ្លើយតបដោយប្រសិទ្ធភាពលើការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង ជាមួយប្រព័ន្ធឆ្លើយតបដ៏ខ្លាំងក្លា និងកិច្ចសហប្រតិបត្តិការត្រីភាគី។ មន្រ្តីកងទ័ពជើងទឹកកូរ៉េខាងត្បូងមួយរូបនេះ បានបញ្ជាក់បែបនេះ។ 
 
គោលបំណងរបស់សមយុទ្ធយោធានេះ គឺធ្វើឡើងឆ្លើយតបមីស៊ីលបាលីស្ទីករបស់ក្រុងព្យុងយ៉ាង ដោយមានភ្ជាប់ជាមួយមុខងារបំពាក់គោលដៅតាមប្រព័ន្ធវីដេអូ។ 
 
សូមបញ្ជាក់ ក្រោយជាប់គាំងលើកិច្ចចរចារំសាយនុយក្លេអ៊ែរតាំងពីឆ្នាំ២០១៩ មក កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួនដាក់អាម៉េរិក និងកូរ៉េខាងត្បូង៕ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
  ជប៉ុន
  សមយុទ្ធ
  កូរ៉េខាងជើង
 ​ មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com