អន្តរជាតិ
យ៉ាងហោចណាស់មនុស្ស៣៥នាក់ បាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េខាងត្បូង
16, Jul 2023 , 4:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
គិតត្រឹមរសៀលថ្ងៃទី១៦ ខែកក្កដា ក្រុមអ្នកជួយសង្រ្គោះ បានរកឃើញមនុស្សយ៉ាងហោចណាស់ ៣៥នាក់ បានបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានទឹកជំនន់ និងបាក់ដី នៅកូរ៉េខាងត្បូង។

 
ចាប់តាំងពីសប្តាហ៍មុនមក ភ្លៀង បានបន្តធ្លាក់ខ្លាំងនៅកូរ៉េខាងត្បូង ដែលបង្កឱ្យមានទឹកជំនន់ និងបាក់ដី។ មនុស្សយ៉ាងហោចណាស់ ៣៥នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិនេះ ខណៈ១០នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន។ បន្ថែមពីនេះ ប្រជាជនជាច្រើនពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសំបែង។
 
ចំនួនមនុស្សស្លាប់នេះ កើនឡើងក្រោយអាជ្ញធរ និងក្រុមអ្នកជួយសង្រ្គោះបានរកឃើញអ្នកស្លាប់ចំនួន ៧នាក់ ដែលបានជាប់ក្នុងរថយន្តក្រុង មានវត្តមាននៅផ្លូវក្រោមដី ក្នុងក្រុង Osong។ ចំនួននាក់ស្លាប់ ត្រូវបានរំពឹងថា នឹងកើនឡើងថែមទៀត ដោយសារអាជ្ញាធរជឿថា នៅមានមនុស្សជាប់ក្នុងរថយន្តក្នុងផ្លូវក្រោមដី។ 
 
ចំនួនអ្នកស្លាប់ភាគច្រើនមាននៅខេត្ត North Gyeongsang ដោយសារតែការបាក់ដី និងបាក់រលំផ្ទះសំបែង។ បន្ថែមពីនេះ ដីកសិកម្ម រួមទាំងដីស្រែប្រមាណ ១៥១២០ ត្រូវបានជន់លិច ខណៈផ្លូវជាច្រើនខ្សែ ត្រូវបានបិទ៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com