អន្តរជាតិ
លោកពូទីន ព្រមានប្រើគ្រាប់បែកចង្កោម ប្រសិនបើអាវុធនេះវាយប្រហារទាហានរុស្ស៊ី
16, Jul 2023 , 5:30 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីមានចំនួនគ្រាប់បែកចង្កោមគ្រប់គ្រាន់ ហើយរុស្ស៊ីសូមរក្សាសិទ្ធិក្នុងការប្រើប្រាស់វា ប្រសិនបើអាវុធប្រភេទនេះ វាយប្រហារលើកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមកិច្ចសម្ភាសន៍មួយ ចេញផ្សាយដោយទូរទស្សន៍រដ្ឋរុស្ស៊ីនៅថ្ងៃទី១៦ ខែកក្កដា។

 
តាមការបញ្ជាក់របស់ក្រសួងការពារជាតិអាម៉េរិក គ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ប្រើប្រាស់នៅប្រទេសជាច្រើន ត្រូវបានដឹកទៅដល់អ៊ុយក្រែនហើយ។ ជុំវិញបញ្ហានេះ កម្លាំងអ៊ុយក្រែន អាចប្រើប្រាស់វា ដើម្បីវាយបកលើរុស្ស៊ី ដើម្បីយកទឹកដីមួយចំនួនមកវិញ។ 
 
យ៉ាងណាមិញ ក្រោយការប្រកាសរបស់អាម៉េរិកលើគ្រាប់បែកចង្កោមទៅអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រើប្រាស់អាវុធប្រភេទនេះ ប្រសិនបើអ៊ុយក្រែនប្រើប្រាស់លើទាហានរបស់ខ្លួន។ 
 
«ពិតណាស់ ប្រសិនបើពួកគេប្រើប្រាស់វាប្រឆាំងនឹងយើង យើងសូមប្រើសិទ្ធិ ដើម្បីប្រើសកម្មភាពឆ្លើយតបដូចគ្នាវិញ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ។ 
 
កន្លងមក អ៊ុយក្រែនបានសន្យាប្រើប្រាស់អាវុធប្រភេទនេះ ដើម្បីរំខាន់ដល់កម្លាំងយោធារបស់សត្រូវប៉ុណ្ណោះ។ គ្រាប់បែកចង្កោម ជាអាវុធ ដែលមានការបំផ្លាញទ្រង់ទ្រាយធំ និងប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com