ជាតិ
សង្គមជាតិ
មហាផ្ទៃ អនុញ្ញាតឲ្យសមាគមកសិកររបស់លោក ថេង សាវឿន ធ្វើសកម្មភាពឡើងវិញ
17, Jul 2023 , 11:34 am        
រូបភាព
ប្រជាកសិករ និងយុវជនមួយក្រុម ធ្វើទស្សនកិច្ចសិក្សា នៅខេត្តពោធិ៍សាត់ កាលពីខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តាស់ប្តូរបទពិសោធអំពីការផលិតគ្រាប់ពូជស្រូវ។ រូបពីហ្វេសប៊ុករបស់លោក ថេង សាវឿន
ប្រជាកសិករ និងយុវជនមួយក្រុម ធ្វើទស្សនកិច្ចសិក្សា នៅខេត្តពោធិ៍សាត់ កាលពីខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តាស់ប្តូរបទពិសោធអំពីការផលិតគ្រាប់ពូជស្រូវ។ រូបពីហ្វេសប៊ុករបស់លោក ថេង សាវឿន
ដោយ៖ ទេពញាណ 

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា អាចធ្វើសកម្មភាពបណ្តោះអាសន្នឡើងវិញ។ នេះបើតាមសេចក្តីសម្រេច ដែលចេញដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ 
 
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសមាគមន៍កសិករកម្ពុជា អរគុណក្រសួងមហាផ្ទៃ និងរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យសមាគមរបស់លោកដំណើរការឡើងវិញទៅតាមការស្នើសុំ។ យ៉ាងណា លោក និងសហការី២នាក់ទៀត មិនទាន់ត្រូវបានទម្លាក់ចោលការចោទប្រកាន់នោះទេ។ លោក អះអាងជាមួយសារព័ត៌មានថ្មីៗ ដូច្នេះថា៖«យើង នឹងបន្តនីតិវិធីក្នុងការ [ស្នើសុំ] លើកលែងការចោទប្រកាន់»។ 
 
លោក ថេង សាវឿន និងសហការីទាំង២នាក់ ត្រូវបានតុលាការខេត្តរតនគិរី ចាប់ខ្លួនកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ ក្រោមបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ហើយត្រូវបានតុលាការដោះលែងវិញក្នុងខែឧសភាដដែល ក្រោយសារភាពពីទោសកំហុសរបស់ខ្លួន និងសុំកិច្ចអន្តរាគមន៍ទៅកាន់សម្តេច ហ៊ុន សែន។ ប៉ុន្តែ អ្នកទាំង៣ នៅតែជាប់បទចោទ ហើយសមាគម ក៏ត្រូវក្រសួងមហាផ្ទៃ ផ្អាកសកម្មភាពបណ្តោះអាសន្ន។
 
ក្រោយចេញពីពន្ធនាគារ លោក ថេង សាវឿន បានដឹកនាំសហការីចូលទៅជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្តេច សរសេរក្នុងបណ្តាញតេឡេក្រាមថា សម្តេច បានលើកទឹកចិត្តឲ្យសមាគមកសិករ បន្តសកម្មភាព ដើម្បីផលប្រយោជន៍ប្រជាជន។ 
 
ពេលនោះ ប្រមុខរដ្ឋាភិបាល បានណែនាំលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យធ្វើការជាមួយតុលាការខេត្តរតនគីរី ដើម្បីលើកលែងការចោទប្រកាន់លើថ្នាក់ដឹកនាំសមាគមនេះ និងផ្តល់សិទ្ធិឲ្យសមាគមនេះ បានធ្វើសកម្មភាពឡើងវិញ៕ 
 

Tag:
 សមាគមកសិករ
  ថេង សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com