អន្តរជាតិ
ចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធជើងទឹកនិងអាកាសនៅសមុទ្រជប៉ុន
17, Jul 2023 , 11:59 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹក និងអាកាសរួមគ្នា នៅក្នុងសមុទ្រជប៉ុន ដោយមានការចូលរួមពីនាវាពិឃាដបំពាក់មីស៊ីលប្រដេញផង។ នេះបើតាមការបញ្ជាករ់បស់យោធាចិននៅថ្ងៃទី១៥ ខែកក្កដា ដោយមិនបានបញ្ជាក់ពីពេលវេលា ដែលត្រូវធ្វើសមយុទ្ធ។

 
ទំនាក់ទំនងចិន និងរុស្ស៊ី កាន់តែមានភាពជិតស្និទ្ធខ្លាំងជាងមុន ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ដោយប្រទេសជិតខាងទាំងពីរ តែងធ្វើសមយុទ្ធយោធាជាមួយគ្នាជាញឹកញាប់។ បន្ថែមពីនេះ ប្រទេសទាំងពីរ ក៏បានបង្កើនកិច្ចព្រមព្រៀងលើវិស័យការពារជាតិផងដែរ។ 
 
តាមការប្រកាសរបស់ក្រសួងការពារជាតិចិននៅថ្ងៃទី១៥ ខែកក្កដា សមយុទ្ធកងទ័ពជើងទឹក និងអាកាស នឹងធ្វើឡើងនៅក្នុងសមុទ្រជប៉ុន និងមានបំណងការពារផ្លូវទឹកយុទ្ធសាស្រ្ត។ យ៉ាងណាមិញ ក្រសួងការពារជាតិចិន មិនបានបញ្ជាក់ពីពេលវេលាដែលសមយុទ្ធ នឹងត្រូវធ្វើឡើងឡើយ។ ចិន បានអះអាងថា យោធាខ្លួននឹងបញ្ជូននាវាចម្បាំងចំនួន៥គ្រឿង ដោយក្នុងនោះមាននាវាពិឃាដបំពាក់មីស៊ីលប្រដេញផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
សមយុទ្ធដែលមានឈ្មោះសម្ងាត់ «Northern/Interaction-2023» ជាការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី។ កន្លងមក រដ្ឋមន្រ្តីការពារជាតិចិន លោក Li Shangfu បានប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាមួយរុស្ស៊ី។ 
 
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសរក្សាអព្យាក្រឹត និងមិនរិះគន់លើរដ្ឋាភិបាលក្រុងមូស្គូឡើយ។ យ៉ាងណាមិញ ចិន ក៏បានជំរុញឱ្យភាគីជម្លោះចូលតុចរចា និងដោះស្រាយប្រកបដោយសន្តិភាពផងដែរ។
 
គួររំឭកថា នៅខែមុន យោធាប្រទេសទាំងពីរ បានធ្វើសមយុទ្ធល្បាតដែនអាកាសនៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រជប៉ុន ដែលបង្កឱ្យយោធាកូរ៉េខាងត្បូង បញ្ជូនយន្តហោះចម្បាំងទៅតាមដានទៀតផង។ សមយុទ្ធនោះ ជាសមយុទ្ធលើកទី ៦ រវាងចិន និងរុស្ស៊ី នៅក្នុងតំបន់នោះ ចាប់តាំងពីឆ្នាំ២០១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com