ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តំណាងកម្ពុជា ប្រាប់UN ថា​លំហសេរីភាពបញ្ចេញមតិនយោបាយ និងព័ត៌មានបើកចំហពេញលេញ
17, Jul 2023 , 2:39 pm        
រូបភាព
លោក វ៉ា វាសនា លេខាធិការទី២ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការជាតិនានានៅហ្សឺណែវ ក្នុងកិច្ចប្រជុំលើកទី៥៣ នាពេលកន្លងមក។ រូបពី PMC
លោក វ៉ា វាសនា លេខាធិការទី២ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការជាតិនានានៅហ្សឺណែវ ក្នុងកិច្ចប្រជុំលើកទី៥៣ នាពេលកន្លងមក។ រូបពី PMC
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃនៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានអះអាងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថាពលរដ្ឋកម្ពុជាមានសេរីភាព ទាំងផ្នែកនយោបាយ សិទ្ធិទទួលបានព័ត៌មាន ខណៈកម្ពុជាមានអង្គការក្រៅរដ្ឋាភិបាល ប្រមាណ៦ពាន់ និងអង្គភាពព័ត៌មាន ជាង២ពាន់ស្ថាប័ន។

 
ស្ថានបេសកកម្មអចិន្ត្រៃនៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានចេញសេចក្ដីប្រកាសព័ត៌មានលើហ្វេសប៊ុក នាថ្ងៃទី១៧កក្កដានេះ ពីកិច្ចប្រជុំលើកទី៥៣ ស្ដីពី កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជា លើវិស័យសិទ្ធិមនុស្ស។ កិច្ចប្រជុំនេះ ភាគីកម្ពុជា បានថ្លែងអន្តរាគមន៍ ចំនួន២០លើក បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជាលើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ 
 
លំហពលរដ្ឋនិងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហ ដោយសបញ្ជាក់តាមរយៈតួនាទីដ៏រស់រវើក នៃអង្គការមិនមែនរដ្ឋាភិបាលចំនួន៦ ០០០ និងអង្គភាពព័ត៌មានជាង ២០០០។ ស្ថាប័នទាំងនេះ កំពុងប្រតិបត្តិការដោយសេរី និងគ្មានការត្រួតពិនិត្យឬរឹតត្បិត ដោយមានការលើកកម្ពស់និងកិច្ចការពារសិទ្ធិមនុស្សអភិបាលកិច្ចល្អ និងការតាក់តែងគោលនយោបាយ។ តំណាងកម្ពុជាលើកឡើងបែបនេះ ហើយក៏បន្ថែមថា ការបោះឆ្នោតជាតិខាងមុខ គឺមានបក្សនយោបាយចំនួន១៨បក្ស ចូលរួមប្រកួត។ 
 
តំណាងកម្ពុជា ចាត់ទុកបរិយាកាសពហុបក្ស និងប្រជាធិបតេយ្យ ដែលធានាថា កម្ពុជាពិតជាបានផ្តល់អាទិភាពខ្ពស់ ចំពោះតួនាទីនៃសេរីភាពបញ្ចេញមតិ។ 
 
ចំណែកប្រព័ន្ធផ្សព្វផ្សយវិញ តំណាងកម្ពុជាមើលឃើញពីភាពរស់រវើក។ ជាមួយគ្នាដែរ ការគ្របដណ្តប់នៃសេវាទូរស័ព្ទចល័តមានតម្លៃទាបជាងគេបំផុតក្នុងតំបន់ ហើយក៏បានពង្រឹងសិទ្ធិអំណាចពលរដ្ឋទូទៅ ដោយគ្មានការបង្អាក់រំខាន ដើម្បីបញ្ចេញទស្សនៈ ដោយសេរីលើកិច្ចការសាធារណៈ។ 
 
យ៉ាងណាតំណាងកម្ពុជាបានសង្កត់ធ្ងន់បែបនេះ៖ «ការតាំងខ្លួនថាមានភាពឯករាជ្យ ឬមានសម្ព័ន្ធភាពជាមួយគណបក្សនយោបាយណាមួយ មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពនោះឡើយ។ ការចាត់ទុកការអនុវត្តច្បាប់ ថាជាការរឹតត្បិតសេរីភាពរបស់ក្រុមណាមួយ គឺជាការបន្ទាបតម្លៃនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះ​​ប្រជាពលរដ្ឋគ្រប់រូប»។ 
 
ទន្ទឹមនឹងនេះ ភាគីកម្ពុជា បានបកស្រាយបន្ថែមទៀត លើស្ថានភាពនយោបាយថា បើទោះជាអវត្តមានអ្នកនយោបាយ ឬគណបក្សនយោបាយ ពីរឬបី ដែលបានប្រព្រឹត្តល្មើស ក៏កម្ពុជា ប្តេជ្ញាចិត្តរៀបចំការបោះឆ្នោត ឱ្យដំណើរការទៅឱ្យមានតម្លាភាពដែរ។ 
 
រីឯអនុសញ្ញាស្តីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ កម្ពុជាក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលុបបំបាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងស្ត្រីនិងកុមារី។ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងសិទ្ធិអំណាចស្ត្រី។ ជាមួយគ្នាដែរ កម្ពុជានឹងខិតខំដោះស្រាយករណីជួញដូរមនុស្សដោយផ្តោតលើសសរស្តម្ភ បង្ការនិងប្រយុទ្ធប្រឆាំង គាំពារនិងការផ្តល់ជំនួយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមតំណាងកម្ពុជា​បានលើកឡើង៕ 
 

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com