កីឡាជាតិ
ជាតិ
ជើងឯកអាស៊ី៖ ឈុន ប៊ុនថន បំបែកកំណត់ត្រា មេដាយមាសនៅស៊ីហ្គេមរបស់ខ្លួន
17, Jul 2023 , 3:39 pm        
រូបភាព
កីឡាករ ឈុន ប៊ុនថន បានបំបែកកំណត់ត្រាចាស់របស់ខ្លួនក្នុងប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៣ (Asian  Athletics Championship 2023) ក្នុងក្រុងបាងកក ប្រទេសថៃ។ ម្ចាស់មេដាយមាសស៊ីហ្គេម បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១១ ចំណោមអត្តពលិកចូលរួម២៤នាក់ លើវិញ្ញសារត់ចម្ងាយ៨០០ម៉ែត្រ។


ក្នុងចំណោមអត្តពលិក២៤រូប កីឡាករកម្ពុជា ប៊ុនថន បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១១ ដោយប្រើថេរវេលា១នាទី និង៥០.០៩វិនាទី និងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុង Heat។ បើទោះមិនបានជាប់ជ័យលាភី ប៉ុន្តែម្ចាស់មេដាយមាសព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២ លើវិញ្ញាសា៨០០ម៉ែត្ររូបនេះ បានបំបែកកំណត់ត្រារបស់ខ្លួន។


 
កាលព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ប៊ុនថន ធ្វើបានក្នុងថេរវេលា ១នាទី និង៥២.៩១វិនាទី ដើម្បីទទួលបានមេដាយមាសវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រនេះ ស្របពេលជើងឯអាស៊ីប្រើពេលត្រឹម១នាទី និង៥០.០៩វិនាទីប៉ុណ្ណោះ។
 
បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនក្រោយចប់ការប្រកួត ម្ចាស់មេដាយមាសស៊ីហ្គេមកីឡាអត្តពលកម្មរបស់កម្ពុជាដំបូងគេរូបនេះ បានសំទោសដែលមិនអាចដណ្តើមបានមេដាយជូនជាតិ។ យ៉ាងណាប៊ុនថនសន្យាប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីលើកមុខមាត់កម្ពុជាក្នុងវិស័យកីឡារត់ចម្ងាយនេះ។
 
វិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ នៅព្រឹត្តិការណ៍ Asian Athletics Championship 2023 មេដាយមាសបានទៅលើកីឡាករកាតា Abubakar Haydar H Abdalla មេដាយប្រាក់បានទៅកីឡាករឥណ្ឌា Krishan Kumar និងកីឡាករកូវ៉ែត Ebrahim Alzofairi បានមេដាយសំរឹទ្ធ។
 
 សហព័ន្ធកីឡាអត្តពលកម្មកម្ពុជា បញ្ជូនប្រតិភូគ្រូបង្វឹក និងអត្តពលិកចំនួន៥រូបរួមមានលោក ប៉ែន វុទ្ធី ប្រធានប្រតិភូ លោក បូរ ពុធរាត្រី គ្រូបង្វឹក កីឡាករ ឈុន ប៊ុនថន កញ្ញា ពក ពិសី និងកីឡាករ ណឹប ចាន់យូរ៉ុង ទៅចូលរួមប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៣ នៅបាងកក ដែលធ្វើឡើងពីថ្ងៃទី១២ ដល់ទី១៦ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 ឈុន ប៊ុនថន
© រក្សាសិទ្ធិដោយ thmeythmey.com