ជាតិ
ទេសចរ ៧០៨នាក់ជាប់លើកោះនៅខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរជួយសង្គ្រោះដោយសុវត្ថិភាព
17, Jul 2023 , 4:38 pm        
រូបភាព
រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ៖ សែម ប្រាក់ដាវ

ទេសចរ ៧០៨នាក់ជាប់លើកោះ នៅក្រុងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរ ជួយសង្គ្រោះមកដីគោកវិញ ដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៧ កក្កដា ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។ 
 
ភ្ញៀវទេសចរ បានជាប់គាំងនៅលើកោះនៅក្រុងកោះរ៉ុង ទាំងនោះ មានស្រី៣៤៧នាក់ បុរស៣៤៦នាក់ និងក្មេង ១៥នាក់។ អាជ្ញាធរ បានប្រើប្រាស់កប៉ាល់ចំនួន៥គ្រឿង ដើម្បីដឹកទេសចរ ដែលជាប់គាំងនៅលើកោះទាំងអស់សរុបចំនួន ៦ជើង។
 


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ភ្ញៀវទេសចរដែលជាប់នៅលើកោះមានសរុប ៧០៨នាក់នេះ គាំងជាប់កោះដោយសារមានខ្យល់កន្ទ្រាក់ ជាមួយភ្លៀងខ្លាំង។ដូច្នេះដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរ អាជ្ញាធរខេត្តបានផ្អាកការចេញចូល ដែលជាហេតុធ្វើឱ្យមនុស្ស៧០៨នាក់ត្រូវជាប់នៅលើកោះដូច្នេះ»។
 
អភិបាលរងខេត្តព្រះសីហនុរូបនេះ បន្តថា ទេសចរខ្លះ បានជាប់៣ ទៅ៤ថ្ងៃ និងខ្លះទៀតទើបតែជាប់មួយថ្ងៃប៉ុណ្ណោះ។ លើសពីនេះ  នៅថ្ងៃទី១៨-១៩ ខែកក្កដា ខេត្តព្រះសីហនុ នឹងមានខ្យល់កន្ទ្រាក់ខ្លាំងជាងនេះទៅទៀត។ លោក ឡុង ឌីម៉ង ក៏អំពាវនាវដល់ទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពល់ចំពោះអាកាសធាតុ និងហាមមិនឱ្យចេញទៅតាមកោះ ឬលេងកម្សាន្តនៅតាមឆ្នេរមួយចំនួនព្រោះមានខ្យល់ និងរលកខ្លាំងនោះទេ។
 

 
សូមជម្រាបថា អាជ្ញាធរខេត្តព្រះសីហនុ ក៏បានស្នើដល់ភ្ញៀវទេសចរ ពាក់អាវពោងជានិច្ចក្នុងពេលធ្វើដំណើរតាមទូក និងលេងទឹក។ ក្រៅពីនេះ  ខេត្តព្រះសីហនុ មានអាជ្ញាធរ និងឆ្មាំនៅតាមតំបន់ឆ្នេរជានិច្ច ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរក្នុងករណីមានបញ្ហាណាមួយកើតឡើង៕
 

Tag:
 ThmeyThmey25
 ទេសចរជាប់គាំងកោះ
© រក្សាសិទ្ធិដោយ thmeythmey.com