អន្តរជាតិ
កូរ៉េខាងត្បូង រក្សាជំហរមិនបញ្ជូនអាវុធទៅអ៊ុយក្រែន
17, Jul 2023 , 5:39 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ចាប់ដៃជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (ខាងស្តាំ)។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ចាប់ដៃជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (ខាងស្តាំ)។ រូបភាព AFP
ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែកក្កដា បានអះអាងថា គោលនយោបាយរបស់ខ្លួនប្រឆាំងនឹងការផ្តល់អាវុធទៅអ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរឡើយ។

 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ក្នុងថ្ងៃទី១៥ ខែកក្កដា បានបំពេញទស្សនកិច្ចនៅអ៊ុយក្រែនដោយមិនបានប្រកាសជាមុន។ ក្នុងជំនួបជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លោកយូន បានឯកភាពផ្តល់អ៊ុយក្រែនជាមួយកញ្ចប់សន្តិសុខ មនុស្សធម៌ និងជំនួយសាងសង់ឡើងវិញ ក្រោម «គំនិតផ្តួចផ្តើមសាមគ្គីភាព និងសន្តិភាពអ៊ុយក្រែន»។ 
 
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសការពារគោលនយោបាយរបស់ខ្លួនដែលមិនផ្លាស់ប្តូរឡើយ ក្នុងការមិនផ្តល់អាវុធទៅអ៊ុយក្រែន។ 
 
«វាគ្មានការផ្លាស់ប្តូរគោលជំហររបស់រដ្ឋាភិបាលថាកូរ៉េខាងត្បូង មិនផ្តល់អាវុធដែលបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ»។ លោក Jeon Ha-kyu អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៧ ខែកក្កដា។ មន្រ្តីកូរ៉េខាងត្បូងមួយរូប បានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល នឹងផ្តល់ឧបករណ៍រកមីន និងឧបករណ៍ដោះមីន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយនោះ។ 
 
កន្លងមក កូរ៉េខាងត្បូង មិនធ្លាប់បញ្ជូនអាវុធដែលបង្កគ្រោះថ្នាក់ដល់ជីវិតទៅអ៊ុយក្រែនឡើយ។ ទន្ទឹមនេះ​ រុស្ស៊ីក៏ធ្លាប់ព្រមានដែរថា ប្រសិនបើកូរ៉េខាងត្បូងផ្តល់អាវុធឱ្យអ៊ុយក្រែន ខ្លួននឹងផ្គត់ផ្គង់អាវុធទៅកូរ៉េខាងជើងវិញ។
 
គួររំឭកថា នៅឆ្នាំមុន កូរ៉េខាងត្បូងផ្តល់ជំនួយទៅអ៊ុយក្រែនដូចជាថ្នាំពេទ្យ, សម្ភារលាងរបួស, ម៉ាស់ការពារហ្គាស, អាវការពារគ្រាប់កាំភ្លើង និងអាហារជាដើម៕ 
 

Tag:
 កូរ៉េខាងត្បូង
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com