ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ប្រធានសហព័ន្ធសេវាអប់រំ ថា ការលុបឈ្មោះសិស្សចេញពីបញ្ជី ត្រូវរកហេតុផលឱ្យគ្រប់ជ្រុងជ្រោយ
17, Jul 2023 , 8:19 pm        
រូបភាព
លោក  គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា   រូបភាពពី៖ សហព័ន្ធសេវាអប់រំ នៅកម្ពុជា front
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា រូបភាពពី៖ សហព័ន្ធសេវាអប់រំ នៅកម្ពុជា front
ដោយ៖ សុង សុធាវី 

វិទ្យាល័យមួយ នៅក្នុងខេត្តព្រៃវែង បានសម្រេចលុបឈ្មោះសិស្សចេញពីបញ្ជី ជាង១០០នាក់ ក្រោមហេតុផលថា សិស្សឈប់លើសពី៥៥ដង ។ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានទទូចឱ្យគណៈគ្រប់គ្រងសាលារៀន ស្វែងរកហេតុផលឱ្យបានគ្រប់ជ្រុងជ្រោយជាមុន ព្រោះពួកគេជាធនធានមនុស្ស ដែលអាចនាំឱ្យមានការរីកចម្រើន និងកុំឱ្យប៉ះពាល់ដល់សង្គម។

 
ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង លើកឡើងថា ក្នុងករណីលុបឈ្មោះសិស្សនេះ ជាករណីកិច្ចរបស់គណៈគ្រប់គ្រងសាលារៀន ដែលបានពិចារណាសម្រេចហើយ។ តែក្នុងនាមលោកជាអ្នកអប់រំជាង២០ឆ្នាំ លោកសំណូមពរឱ្យគណៈគ្រប់គ្រងសាលារៀន ស្វែងរកហេតុផលឱ្យបានគ្រប់ជ្រុងជ្រោយជាមុន។ លោក បន្តថា ពួកគេគឺជាទំពាំងរបស់សង្គម ដែលក្លាយជាធនធានមនុស្សរបស់កម្ពុជាទៅអនាគត បើសិនជាទំពាំងនោះល្អ ពួកគេក៏បានចូលរួមអភិវឌ្ឍន៍សង្គម តែបើទំពាំងខ្លះ មានបញ្ហាហើយ នោះពួកគេក៏ជាបន្ទុករបស់សង្គមវិញតែម្តង។ 
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា  ជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 



 
« ពេលខ្លះ បើគេធ្វើអស់លទ្ធភាពហើយ គឺត្រូវតែលុបហើយ! តែខ្ញុំសុំចូលរួមថា មុននឹងលុបឈ្មោះសិស្សត្រូវស្វះស្វែងរកហេតុផលឱ្យបានគ្រប់ជ្រុងជ្រោយទៅ ដើម្បីថា តើយើងអាចជួយអ្វីដល់គាត់បាន? បើសិនជាមានអ្វីខ្វះចន្លោះក្នុងការសម្រេចចិត្តបញ្ឈប់ពួកគាត់នោះ នោះក្នុងចំណោមសិស្ស១០០នាក់ ឬ ៥០នាក់ យ៉ាងតិចក៏យើងអាចយកបានមកវិញខ្ទង់ ១០នាក់ ឬ ៥នាក់អីដែរ។ អ៊ីចឹង ពេលគាត់មកវិញ បើសិនជាយើងអាចគាំទ្រការចំណាយរបស់គាត់ផ្សេងៗបាន  នោះយើងអាចជួយគាត់បន្តកាសិក្សាបានដែរហើយ»។ លោក គង់ សំនៀង បន្ថែម។
 
ជាមួយគ្នាដែរ លោក គង់ សំនៀង បានចែករំលែកពីមធ្យោបាយក្នុងការតាមដានការសិស្សារបស់សិស្សទៅកាន់គណៈគ្រប់គ្រងសាលា និងអាណាព្យាបាលបែបនេះ៖ « ការពិតមធ្យោបាយក្នុងការធ្វើដូចជាមិនពិបាកទេ នៅក្នុងភូមិឃុំ នៅក្នុងទីក្រុងក៏ដោយ គឺយើងប្រើប្រាស់តាមប្រព័ន្ធទូរសព្ទ ដែលដំណាក់កាលដំបូង យើងត្រូវប្រមូលព័ត៌មានទាំងអស់នៅពេលគាត់ចូលរៀន ហើយគ្រូត្រូវតែស្គាល់សិស្ស និងតាមមើលគាត់ ជួនកាលអវត្តមានហ្នឹងមកពីបញ្ហាគ្រួសារ។ កត្តាគាត់សេពគប់មិនល្អ ឬ ពួកគាត់មានជីវភាពក្រីក្រ ។ល»។
 
ប្រធានសហព័ន្ធសេវាអប់រំ ខាងលើ បានទទូចឱ្យគណៈគ្រប់គ្រងសាលារៀន ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមាតាបិតាសិស្សជាចាំបាច់ ។ ជាពិសេសបើសិស្សទាំងនោះ មិនអាចមានលទ្ធភាពរៀននៅក្នុងថ្នាក់ចំណេះទូទៅទេ គួតែឱ្យពួកគេរៀននៅថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យពួកគេងាយស្រួលរកការងារធ្វើ ក្នុងការចិញ្ចឹមជីវិតផងដែរ។ 
លោក សំនៀង សង្កត់ធ្ងន់ថា សិស្សខ្លះសុខចិត្តចាកចេញពីសាលាព្រោះតែជីវភាពលំបាក ដូចនេះពេលដែលពួកគេរៀនបានទាប នោះចំណេះដឹងរបស់ពួកគេក៏ទទួលបានតិច ដែលនាំឱ្យមានផលលំបាកមកកាន់សង្គមនាពេលអនាគត៕ 
 

Tag:
 បទសម្ភាសវិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com