ជាតិ
សេដ្ឋកិច្ច
កម្ពុជាត្រូវការពេលយ៉ាងតិច២ឆ្នាំ ដើម្បីឆ្លើយតបតម្រូវការចិន ដែលចង់បានជលផលធម្មជាតិ
17, Jul 2023 , 9:39 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុកកសិដ្ឋានចិញ្ចឹម បង្គា បង្កង ត្រីនិងអន្ទង់
រូបភាពពី ហ្វេសប៊ុកកសិដ្ឋានចិញ្ចឹម បង្គា បង្កង ត្រីនិងអន្ទង់
ភ្នំពេញ៖ កម្ពុជា-ចិន កំពុងស្វែងរកសហគ្រិនឈានមុខដែលមានបំណងផលិត ឬកែច្នៃផលជលផល ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។ ជាតម្រូវការ ចិនចង់បានជលផលធម្មជាតិ១២មុខដែលរួមមាន ត្រីស្រែ, ខ្យងស្រែ អន្ទង់ និងបង្កងទឹកសាប ជាដើម។



លោក ឡែមផូរ សុថាវរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា នាពេលថ្មីៗនេះ ភាគីចិនបានឱ្យតំណាងស្របច្បាប់ខ្លួន គឺក្រុមហ៊ុនអាលីបាបា(Alibaba) ជួបពិភាក្សាជាមួយសមាគម និងមន្រ្តីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកសហគ្រិនឈានមុខ ដែលមានបំណងផលិត ឬកែច្នៃផលជលផល ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ 
  
លោក ឡែមផូរ សុថាវរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា។ រូបភាពពីហ្វេសប៊ុករបស់លោក 

តំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដែលមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងប៉ៃលិន ត្រូវបានគេលើកមកជជែកគ្នាពាក់ព័ន្ធនឹងលក្ខខណ្ឌភូមិសាស្រ្ត, ជីវសាស្រ្ត និងបច្ចេកទេសចិញ្ចឹម ដើម្បីជ្រើសរើសខេត្តទាំងនេះជាកន្លែងផលិត និងកែច្នៃ ផលជលផល។ 
 
លោក សុថាវរិទ្ធ បានលើកឡើងថា ភាគីចិនចង់បានតែផលិតផលជលផលណា ដែលប្រទេសខ្លួនធ្វើមិនបាន ក្នុងនោះមានដូចជា ត្រីខ្ជឹង, អន្ទង់ និងខ្យង់ ជាដើម។ យ៉ាងណា ជលផលប្រភេទនេះ មិនសូវមានអ្នកចិញ្ចឹមនោះទេ ដូច្នេះកម្ពុជាត្រូវការពេលវេលា១ ឬ ២ឆ្នាំ សម្រាប់កសាងក្រុមអ្នកផលិត និងបច្ចេកទេសផ្សេងៗ ដើម្បីឆ្លើយតបតម្រូវការចិន ព្រោះជលផលទាំង១២មុខនេះ មិនសូវមានអ្នកចិញ្ចឹមជាលក្ខណៈអាជីវកម្មធំដុំនៅឡើយទេ។
 
លោក បន្ថែមដូច្នេះថា៖«បច្ចុប្បន្ន ផលិតផលជលផលដែលចិនត្រូវការនេះ គឺកម្ពុជាយើងមិនទាន់មាននោះទេ។ ប្រសិនបើ យើងពិភាក្សាគ្នាត្រូវ ការនាំចេញហ្នឹងត្រូវការពេលវេលា១ឬ២ឆ្នាំទៀតបានទៅរួច  ព្រោះយើងត្រូវ កៀរគរសមាជិកដែលឱ្យមកចិញ្ចឹមជលផលដែលគេត្រូវការវិញ»។ 
 
ការនាំចេញទំនិញទៅកាន់ទីផ្សារចិន មិនមែនជារឿងងាយស្រួលនោះទេ។ ដោយឡែក ផ្នែកជលផល ក៏ត្រូវឆ្លងកាត់ការចិញ្ចឹមតាមបច្ចេកទេស,ស្ដង់ដារ និងលក្ខខណ្ឌតម្រូវ ឱ្យបានត្រឹមត្រូវផងដែរ។ ជុំវិញរឿងនេះ សមាគមវារីវប្បករកម្ពុជា ទាមទារឱ្យមានការវិនិយោគរួមគ្នា រវាងកម្ពុជានិងចិន ដើម្បីកុំឱ្យមានភាពស្មុគស្មាញ។ 
 
លោក សុថាវរិទ្ធ ប្រាប់ដូច្នេះថា៖«ខ្ញុំសំណូមពរឱ្យមានការសហវិនិយោគរវាងចិន និងកម្ពុជា ទើបវាអាចទៅមុខបានលឿន។ មានន័យថា នៅកម្ពុជាយើងមានវារីវប្បករ, ធនធានធម្មជាតិ, ដី, ទឹក ហើយភាគីចិន គេជួយបច្ចេកទេស និងពូជអីមក អ៊ីចឹង! បានយើងទៅមុខលឿន»។ 
 
គួរឱ្យដឹងថា ការនាំចេញត្រីប្រាទៅកាន់ទីផ្សារចិនលើកដំបូងរបស់កម្ពុជា ត្រូវបរាជ័យ បន្ទាប់ពីកង្វះខាតរចនាសម្ព័ន្ធបច្ចេកទេស ជាពិសេសទូបង្កក៕ 
 

Tag:
 កសិកម្ម
  ជលផលធម្មជាតិ
  សមាគមវារីវប្បករ
© រក្សាសិទ្ធិដោយ thmeythmey.com