កីឡាជាតិ
ជាតិ
លោក អេ ភូថង៖ ពាន ខ្ញុំស្គាល់ច្រើនរាប់មិនអស់ប៉ុន្ដែពានគ្រូឆ្នើមធ្វើឲ្យខ្ញុំរំភើបណាស់
17, Jul 2023 , 6:09 pm        
រូបភាព
លោក អេ ភូថង អង្គុយជាមួយពានរង្វាន់គ្រូបង្វឹកឆ្នើម រូបពី ហ្វេសប៊ុក អេ ភូថង
លោក អេ ភូថង អង្គុយជាមួយពានរង្វាន់គ្រូបង្វឹកឆ្នើម រូបពី ហ្វេសប៊ុក អេ ភូថង
លោក អេ ភូថង ប្រធានក្លិប និងជាគ្រូបង្វឹកក្លិបប្រដាល់អេ ភូថង រំភើបចិត្តបន្ទាប់ពីទទួលបានពានរង្វាន់គ្រូបង្វឹកឆ្នើម ពីការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក តេជោសន្ដិភាព កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ គ្រូបង្វឹករូបនេះ បាននិយាយថា ពានរង្វាន់ និងជ័យលាភី ផ្សេងៗអំឡុងពេលប្រកបអាជីពជាកីឡាករប្រដាល់ ធ្លាប់បានស្គាល់អស់ហើយ ប៉ុន្ដែពានរង្វាន់គ្រូបង្វឹកឆ្នើមទើបទទួលបានលើកដំបូង ក្នុងអាជីព។



ប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរអស់រយៈពេល ៣៤ឆ្នាំ លោក អេ ភូថង បានទទួលបានពានរង្វាន់ជាគ្រូបង្វឹកឆ្នើមជាលើកដំបូង ក្នុងអាជីពគ្រូបង្វឹក។ ប្រធានក្លិបរូបនេះ ពិតជាសប្បាយចិត្តយ៉ាងខ្លាំង បើទោះជារូបលោកធ្លាប់ឈ្នះពាន ខ្សែក្រវ៉ាត និងមេដាយជ័យលាភីជាច្រើនក៏ដោយ ប៉ុន្ដែ នោះ គឺជាអតីតកាល ដែលរូបលោក កំពុងប្រកបអាជីពជាកីឡាករប្រដាល់ ប៉ុណ្ណោះ។
គ្រូបង្វឹកវ័យ ៤៩ឆ្នាំ រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដូច្នេះថា៖«ខ្ញុំ ពិតជាសប្បាយចិត្ត មែនទែន។ លើកទីមួយហើយ ដែលបានពានបែបនេះ ពាននេះ ជាការលើកទឹកចិត្តដ៏ធំសម្រាប់ខ្ញុំ ក្នុងការប្រឹងប្រែងលើកស្ទួយវិស័យគុនខ្មែរ របស់យើងទៅមុខទៀត។»។
 
លោក អេ ភូថង ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រផងដែរ ដោយចាត់ទុកថា ការបានពានរង្វាន់គ្រូបង្វឹកឆ្នើម ព្រោះអ្នកគាំទ្រ បានស្រឡាញ់រាប់អានលោក។ ជាពិសេសទៀតនោះ គ្រូបង្វឹកនេះ បាននិយាយថា ប្រសិនជាមិនមានអ្នកគាំទ្រទេ រូបលោក ប្រាកដជាមិនអាចទទួលបានពាននេះទេ។
 
គួរបញ្ជាក់ផងដែរថា លោក អេ ភូថង ឡើងប្រកួត ចាប់ពីឆ្នាំ១៩៩០ ដោយចេញប្រកួតដំបូងលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ក្រោមការដឹកនាំ និងបង្វឹកពីលោកព្រឹទ្ធាចារ្យ សាយយុទ្ធ ភូថង ជាឪពុកមា និងជាគ្រូបង្វឹកប្រដាល់គុនខ្មែរក្នុងក្លិបមួយនៅខេត្តព្រៃវែង។ ប៉ុន្ដែចូលមកដល់ឆ្នាំ២០០០-២០១២ ព្រោះតែភាពខ្លាំងរបស់ខ្លួន អ្នកប្រដាល់រហ័សនាមកែងឆេះ ជង្គង់ហោះរូបនេះ មិនមានគូប្រកួតក្នុងស្រុក និងអន្ដរជាតិ។ លុះចូលដល់ឆ្នាំចុងឆ្នាំ២០១២ អ្នកប្រដាល់រូបនេះ ក៏សម្រេចចិត្តបញ្ចប់អាជីពជាកីឡាករ និងចាប់យកអាជីពជាគ្រូបង្វឹកវិញ៕
 

Tag:
 អេ ភូថង
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com