ជាតិ
«ដំឡូងជ្រៅ» កំពុងមានទីផ្សារ!
18, Jul 2023 , 8:59 am        
រូបភាព
ដោយ:
«ដំឡូងជ្រៅ» ជាឈ្មោះដែលពលរដ្ឋរស់ភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តែងតែហៅតៗគ្នា។ ដំឡូងនេះ ដុះនៅតាមព្រៃភ្នំ ចំការ និងតាមរបងផ្ទះ។ បច្ចុប្បន្នដំឡូងនេះ កំពុងមានទីផ្សារ។ សម្រាប់គ្រួសាររបស់លោក ពុំ ពិន កំពុងប្រមូលផលដំឡូងនេះផ្គត់ផ្គង់ទីផ្សារ ចាប់ពីខែមិថុនា រហូតដល់ខែកញ្ញា។



លោក ពុំ ពិន អាយុ ៣៦ឆ្នាំ ជាពលរដ្ឋរស់នៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ បានផ្សព្វផ្សាយ«ដំឡូងជ្រៅ»នៅលើហ្វេសប៊ុក ដើម្បីឱ្យពលរដ្ឋនៅទូទាំងប្រទេស បានស្គាល់ ខណៈដំឡូងនេះជិតផុតពូជហើយ។ លោក ពិន បន្ថែមថា ដំឡូងនេះដុះដោយខ្លួនឯង នៅតាមព្រៃក្បែរភ្នំ ចំការ និងរបងក្បែរផ្ទះ ដោយវាមានរសជាតិដូចដំឡូងធម្មតាទូទៅ ហើយមិនផ្អែមខ្លាំងឡើយ។ 
  
មើមដំឡូងជ្រៅ នៅខេត្តពោធិសាត។ រូបភាព៖ លោក ពុំ ពិន

បើតាមលោក ពិន ដំឡូងនេះ មាន២ប្រភេទគឺ ឈ្មោល ជាប្រភេទវិ៍ល័មូល ហើយមើមរបស់វាចន្លោះពី ១ម៉ែត្រ ដល់៤ម៉ែត្រ។ ចំណែកប្រភេទញី ជាវិ៍ល័ជ្រុងៗ ដោយមើមរបស់វាខ្លីៗ មិនសូវល្អនោះទេ។ លោកបន្តថា ការប្រមូលផលដំឡូងនេះ មានផលលំបាកដោយសារមើមវាជ្រៅៗ ហើយជីកមើមនីមួយៗ អាចចំណាយពេល ២ទៅ៣ម៉ោង ឬកន្លះថ្ងៃក៏មានដែរ។
 
សម្រាប់ការជីកដំឡូងជ្រៅ ត្រូវប្រើបច្ចេកទេសក្នុងការជីក បើមិនដូច្នេះទេ គឺធ្វើឱ្យដំឡូងដាច់ ឬខូច។ នេះបើតាមលោក ពិន បានប្រាប់សារព័ត៌មានថ្មីៗ រួចរៀបរាប់ថា បច្ចេកទេសជីកមានច្រើនរបៀបខុសៗគ្នា ដោយអ្នកខ្លះជីករណ្ដៅឱ្យធំ ហើយចុះចូលទៅយកដំឡូង ,អ្នកខ្លះទៀត ជីករណ្ដៅតូចល្មម ដែលអាចដាក់ឧបករណ៍យោងដីឡើងមកខាងលើ។ 
  


បុរសវ័យ ៣៦ឆ្នាំរូបនេះ បានបញ្ជាក់ថា៖«ខ្ញុំចងត្រឡោកដូង ជាមួយឈើហើយយោងដីមកលើ ដើម្បីការពារកុំឱ្យបាក់ដីសង្កត់ពីលើយើង ពេលចុះយកដំឡូង ព្រោះរណ្ដៅវាជ្រៅៗដែរ»។
 
ដំឡូងជ្រៅនេះ ចាប់ផ្ដើមមានទីផ្សារច្រើន ក្រោយពេលដែលលោក ពុំ ពិន បានផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់ខ្លួន ដោយមានភ្ញៀវបញ្ជាទិញជារៀងរាល់ថ្ងៃ។ ដំបូងឡើយភ្ញៀវបញ្ជាទិញតែ ២គីឡូ ទៅ៣គីឡូក្រាមប៉ុណ្ណោះ ដើម្បីចង់ភ្លក់រសជាតិរបស់វា។ ប៉ុន្តែពីមួយថ្ងៃ ទៅមួយថ្ងៃ មានភ្ញៀវបានបញ្ជាទិញរហូតដល់ ៧០គីឡូក្រាម ដែលធ្វើឱ្យលោក ពិន មិនអាចជីកឱ្យភ្ញៀវបាននោះទេ ។
  


លោកបញ្ជាក់ថា៖« ខ្ញុំជីកឱ្យគាត់អត់បានទេ ព្រោះដំឡូងជ្រៅពិបាកជីក អ្នកចេះជីកមួយថ្ងៃអី ជីកបានតែ១០ ទៅ២០គីឡូក្រាម។ ខ្ញុំឱ្យអ្នកភូមិគាត់ជីកដែរ តែគាត់អត់សូវចេះជីកព្រោះវាជ្រៅ ហើយចំណាយពេលយូរ»។
 
ដំឡូងជ្រៅ ១គីឡូក្រាម តម្លៃ ១៥០០០រៀល ។ លោក ពុំ ពិន អាចរកចំណូលផ្គត់ផ្គង់គ្រួសារជារៀងរាល់ថ្ងៃ ជាង ១ខែមកហើយ ពីរបរលក់ដំឡូងជ្រៅនេះ ។ របរជីកដំឡូងតាមព្រៃនេះ ជាការងារបន្ទាប់បន្សំ ក្រោយពេលដែលគ្រួសាររបស់លោក ពិន ទំនេរពីការធ្វើស្រែចំការ៕
 

Tag:
 សេដ្ឋកិច្ច
  ដំឡូងជ្រៅ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com