ជាតិ
សង្គមជាតិ
ពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្រុកក្រឡាញ់ សូមចូលរួមគោរពទង់ជាតិ រាល់ព្រឹកថ្ងៃចន្ទ និងសុក្រ
18, Jul 2023 , 10:29 am        
រូបភាព
រូបតំណាង៖ ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាំគ្នាបញ្ឈប់សកម្មភាពរៀងៗខ្លួន ដើម្បីគោរពទង់ជាតិ នាម៉ោង៧ព្រឹក
រូបតំណាង៖ ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាំគ្នាបញ្ឈប់សកម្មភាពរៀងៗខ្លួន ដើម្បីគោរពទង់ជាតិ នាម៉ោង៧ព្រឹក
រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានស្នើដល់ប្រជាពលរដ្ឋខ្លួននិងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឬ អ្នកដែលធ្វើដំណើរឆ្លងកាត់ទីរួមស្រុកក្រឡាញ់ ឱ្យចូលរួមគោរពទង់ជាតិ​នៅពេលលឺសំឡេងភ្លេងជាតិបន្លឺឡើង​​ នាម៉ោង៧ព្រឹក។ ការស្នើសុំរបស់អាជ្ញាធរនេះ គឺធ្វើឡើង​ដើម្បីចូលរួមថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និងដាស់អារម្មណ៍ ស្មារតីដល់សាធារណជន។​

 
រដ្ឋបាលស្រុកក្រឡាញ់​ នឹងរៀបចំការចាក់ផ្សាយចម្រៀងជាតិដោយចាក់បទនគររាជផ្សាយចេញពីវិទ្យុ តាមរយៈឧឃោសនសព្ទ(មេក្រូ)​នាម៉ោង៧ព្រឹករៀងរាល់ថ្ងៃចន្ទ និង ថ្ងៃសុក្រ នៅមុខអាគារសាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២៤កក្កដា តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកក្រឡាញ់។​
 
«ហេតុដូច្នេះនៅពេលភ្លេងជាតិត្រូវបានបន្លឺឡើង​ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រធានអង្គភាពរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រធានគ្រប់គ្រងវិស័យ ឯកជន អាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកក្រឡាញ់ទាំងអស់ សូមមេត្តាឈប់ការធ្វើដំណើរ ឬផ្អាកសកម្មភាពការងារផ្សេងៗសិន ដើម្បីចូលរួមគោរពភ្លេងជាតិឲ្យបានចប់សិន ទើបអាចបន្តការធ្វើដំណើរ ឬ អនុវត្តការងារផ្សេងៗទៀតបាន»។​​ នេះជាការស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប។
 
សកម្មភាពគោរពទង់ជាតិនេះ ក៏មានប្រជាពលរដ្ឋនៅស្រុក​​-ក្រុង​មួយចំនួនកំពុងអនុវត្តសព្វថ្ងៃ ផងដែរ។ ដូចជា នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាដើម៕​
 

Tag:
 ស្រុកក្រឡាញ់
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com