ជាតិ
បោះឆ្នោត
គ.ជ.ប បញ្ជូនសន្លឹកឆ្នោត និងទឹកខ្មៅទៅរាជធានី-ខេត្តហើយ
18, Jul 2023 , 11:29 am        
រូបភាព
ទេព ញាណ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមដឹកជញ្ជូនសន្លឹកឆ្នោត ទឹកខ្មៅជ្រលក់ដៃ បញ្ជីបោះឆ្នោត ត្រាសម្ងាត់ រួមទាំងសម្ភារមួយចំនួនទៀតចេញពីឃ្លាំង ទៅប្រគល់ ជូនគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ហើយ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ គ.ជ.ប បានផ្សព្វផ្សាយពីសកម្មភាពនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួន។



សន្លឹកឆ្នោតជាង១៣លានសន្លឹក ត្រូវបានបោះពុម្ពនៅរោងពុម្ពមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ចំណែកទឹកខ្មៅជ្រលក់ម្រាមដៃ គ.ជ.ប បានបញ្ជាទិញពីក្រុមហ៊ុនដដែល ក្នុងប្រទេស ឥណ្ឌា ដែលធ្លាប់បញ្ជាទិញកាលពីបោះឆ្នោតមុនៗមក។ 
 
ទឹកខ្មៅ ដែលទិញពីឥណ្ឌា មានជាង ៥,២ម៉ឺនដប ដោយគិតទាំងការដឹកជញ្ជូន និងធានារ៉ាប់រងផង មានតម្លៃ១លានដុល្លារ។ លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប អះអាងកន្លងមកថា ទឹកខ្មៅនេះមានគុណភាពល្អ ជាពិសេសដិតជាប់ស្បែកដៃ ដោយមិនងាយ​លុបជ្រះភ្លាមៗឡើយ។   
 
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្ស១៨ ស្ថិតលើសន្លឹកឆ្នោត៕ 
 

Tag:
 គ.ជ.ប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com