ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប៖ អ្នកទៅបោះឆ្នោតមានជិត៨,២លាននាក់ ស្មើនឹង៨៤,២១ភាគរយ
23, Jul 2023 , 5:29 pm        
រូបភាព
ដោយ: រួបរួម
របាយការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយគិតត្រឹមម៉ោង៤ និង១៧នាទី ល្ងាចថ្ងៃអាទិត្យ ទី២៣ ខែកក្កដា នេះ បង្ហាញថា អ្នកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ មានចំនួន ៨៤,២១ភាគរយ ពោលគឺជិត ៨,២លាននាក់ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុបជាង ៩,៧លាននាក់។

 
តួលេខនេះ បង្ហាញថា អត្រាអ្នកទៅបោះឆ្នោត មានភាគរយខ្ពស់ជាងការបោះឆ្នោតអាណត្តិទី៦ កាលពីឆ្នាំ២០១៨  ដែលកាលណោះមានចំនួន៨៣,០២ភាគរយ។ វាជាតួលេខខ្ពស់បំផុតបើគិតចាប់តាំងពីការបោះឆ្នោតអាណតិ្តទី២ ឆ្នាំ១៩៩៨។ នៅឆ្នាំ១៩៩៨ អ្នកបោះឆ្នោតមាន៩៣,៧៤ភាគរយ ដែលខ្ពស់ជាងគេបំផុត រីឯអត្រាដែលមានចំនួនបោះតិចបំផុតគឺក្នុងអាណត្តិទី៥នាឆ្នាំ២០១៣ ដែលមានត្រឹម៦៩,៦១ភាគរយ។
 
សម្រាប់ឆ្នាំ២០២៣នេះ របាយការណ៍គ.ជ.ប បង្ហាញថា ខេត្តកែប មានអត្រាអ្នកទៅបោះខ្ពស់ជាងគេ ពោលគឺ៩១,៩៣ភាគរយ បន្ទាប់មកខេត្តកំពង់ស្ពឺ (៨៩,៥២ភាគរយ), ខេត្តកណ្តាល (៨៩,០១ភាគរយ), ខេត្តស្វាយរៀង (៨៨,៣៧ភាគរយ), ខេត្តតាកែវ (៨៨,២៦ភាគរយ), ខេត្តពោធិ៍សាត់ (៨៧,២៧ភាគរយ), ខេត្តកំពង់ឆ្នាំង (៨៦,៨០ភាគរយ), ខេត្តព្រះសីហនុ (៨៦,៥២ភាគរយ)។
 
រាជធានីភ្នំពេញ មានអត្រាអ្នកទៅបោះឆ្នោត ៨៥,៨៧ភាគរយ ខណៈខេត្តកំពង់ចាម, កំពត, កំពង់ធំ, កោះកុង, ក្រចេះ, មណ្ឌលគិរី, ព្រះវិហារ, ព្រៃវែង, រតនគិរី, ប៉ៃលិន និងត្បូងឃ្មុំ សុទ្ធតែមានចំនួនអ្នកទៅបោះលើស៨០ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជី។
 
សៀមរាប មានអ្នកទៅបោះឆ្នោត ៧៩,៤៤ភាគរយ, បាត់ដំបង មាន៧៧,៨៧ភាគរយ, ឧត្តរមានជ័យមាន៧៦,២៩ភាគរយ រីឯបន្ទាយមានជ័យមានអត្រាទាបជាងគេ លើចំនួន៧១,៥៨ភាគរយ។
 
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមទូរសព្ទ លោក ហង្ស ពុទ្ធា បានលើកឡើងពីករណីអ្នកមិនទៅបោះឆ្នោតមួយចំនួន។ អ្នកខ្លះស្ថិតនៅក្រៅប្រទេសដែលជួបបញ្ហាហិរញ្ញវត្ថុ ដោយសារកូវីដ-១៩ និងវិបត្តិពិភពលោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com