ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ទុកឱកាសឱ្យអ្នកគូសសន្លឹកឆ្នោតចោល ចេញទៅសារភាព មុនសមត្ថកិច្ចចាត់ការច្បាប់
23, Jul 2023 , 5:44 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទុកឱកាសឱ្យអ្នកគូសសន្លឹកឆ្នោតចោល ចេញទៅសារភាពចំពោះមុខសមត្ថកិច្ច មុននឹងរងវិធានការច្បាប់។ នេះបើតាមរយៈសារសំឡេងពិសេសរបស់សម្ដេច ប្រមាណ១០នាទី ក្រោយបិទបញ្ចប់ការបោះឆ្នោត នាល្ងាចថ្ងៃទី២៣ កក្កដា។


 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ្នកគូសសន្លឹកឆ្នោតចោល តាមការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងនោះ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ។ «ឥឡូវអ្នកទាំងនោះ គឺយើងស្គាល់មុខអស់ហើយ អ្នកនៅក្នុងប្រទេស ហើយខ្ញុំសូមស្នើកុំឱ្យមានការភ័យខ្លាច។ អ្នកអាចចេញមកសារភាពជាមួយអាជ្ញាធរ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ព្រោះចលនាបំផ្លាញសន្លឹក គឺជាបទល្មើស ដែលត្រូវតែផ្ដន្ទាទោស។ អ្នកដឹងខ្លួន ត្រូវតែប្រញាប់ប្រញាល់ចេញមកសារភាពជាមួយអាជ្ញាធរនៅហ្នឹងកន្លែង ដែលនៅកៀកបំផុត។ បើមិនដូច្នេះទេ វិធានការផ្លូវច្បាប់ត្រូវតែប្រកាន់យក សម្រាប់អ្នកទាំងនោះ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 


បើតាមប្រមុខរដ្ឋាភិបាល ក្រុមប្រឆាំងបានបង្កើតឆាណែលតេឡេក្រាមមួយ ដើម្បីឱ្យអ្នកគាំទ្រខ្លួន ធ្វើយុទ្ធនាការគូសវាស បំផ្លាញសន្លឹកឆ្នោតចោល។ សម្ដេច ហ៊ុន សែន បានដឹងពីរឿងរ៉ាវទាំងនេះ ហើយក៏ឱ្យសមត្ថកិច្ចក្ដាប់យកព័ត៌មានទាំងនេះ។ ដូច្នេះរាល់អ្នកដែលគូសសន្លឹកឆ្នោតចោល ហើយបង្ហោះចូលតេឡេក្រាមនោះ គឺត្រូវបានកំណត់មុខសញ្ញា។
 
«ឆាណែលតេឡេក្រាមរបស់អ្នក មិនអាចបិទបាំងបានទេ។ ហើយឥឡូវនេះ វត្តមានអ្នកទាំងឡាយ ដែលនៅក្នុងតេឡេក្រាម ហើយចូលទៅអត្ថាធិប្បាយ(Comment) ក្នុងតេឡេក្រាមទាំងនោះ យើងបានឃើញអស់ហើយ។ ហើយអ្នកក៏អាចបានឃើញថា មានComment របស់ខ្លួនខ្ញុំ ចំនួន៤ Comment ចូលទៅក្នុងទីនោះដែរ។ ហើយអ្នកមិនអាចលាក់នូវអ្វីដែលប៉ុនប៉ងបំផ្លាញរបស់អ្នកទេ»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលហាមពលរដ្ឋទាំងនោះ ចេញក្រៅស្រុក ដោយស្ម័គ្រចិត្តចេញសារភាព ដើម្បីទទួលបានការអនុគ្រោះ។
 
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នេះ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោត ៨៤,២១ភាគរយ ពោលគឺជិត ៨,២លាននាក់ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុបជាង ៩,៧លាននាក់។ នេះជាតួលេខបឋម។ សម្ដេច បានបន្ថែម៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com