ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោតនៅកម្ពុជា៖ អាម៉េរិកថា មិនសេរី តែរុស្ស៊ី មើលឃើញបរិយាកាសរលូន និងឯករាជ្យ
24, Jul 2023 , 3:00 pm        
រូបភាព
ដោយ: រួបរួម
សហរដ្ឋអាម៉េរិកតាមរយៈអ្នកនាំពាក្យការបរទេសរបស់ខ្លួន បានវាយតម្លៃពីការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃអាទិត្យទី២៣ ខែកក្កដា ថា គ្មានភាពសេរី និងយុត្តិធម៌ ដោយសារតែមានការគំរាមកំហែង និងយាយីផ្សេងៗនៅមុនការបោះឆ្នោត តែឯកអគ្គរដ្ឋទូតរុស្ស៊ី មើលឃើញផ្ទុយពីនេះ ដោយបានកត់សម្គាល់ពីដំណើរការដ៏រលូន សេរី និងឯករាជ្យ។


 
«នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជាបានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ ទៅលើគណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិ របស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះមិនអាចធ្វើឲ្យប្រជាជនកម្ពុជាមានសំឡេង និងជម្រើស ក្នុងការកំណត់អនាគតនៃប្រទេសរបស់គេបាន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកស្តីពីការបោះឆ្នោតនៅកម្ពុជា។
 
ជាមួយនឹងការវាយតម្លៃថា ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ្មានភាពសេរី និងយុត្តិធម៌ សហរដ្ឋអាម៉េរិក បានបញ្ជាក់ពីការរឹតត្បិតលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួន ដែលខ្លួនយល់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនឹងសម្រេចផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួន។
 
បើតាមអ្នកនាំពាក្យការបរទេសអាម៉េរិក គណបក្សប្រជាជនកម្ពុជា ដែលត្រៀមបង្កើតរដ្ឋាភិបាលថ្មី មានឱកាសកែលម្អកិត្តិនាមរបស់ខ្លួនលើឆាកអន្តរជាតិ ដូចជា ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តីដែលមានលក្ខណៈនយោបាយ កែប្រែការដាក់ទោសដោយតុលាការទៅលើអ្នករិះគន់   រដ្ឋាភិបាល ហើយអនុញ្ញាតឲ្យផ្នែកសារព័ត៌មានឯករាជ្យបើកដំណើរការឡើងវិញ។
 
«សហរដ្ឋអាម៉េរិករីករាយនឹងបន្តភាពជាដៃគូ ជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្របំណងប្រាថ្នារបស់គេ ដែលចង់ឲ្យប្រទេសរបស់គេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពច្រើនឡើង ដែលក្នុងនោះ សំឡេងទាំងអស់ត្រូវបានគេស្តាប់»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Matthew Miller។
 
ផ្ទុយទៅវិញ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅភ្នំពេញ បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃអាទិត្យ ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់។
 
នៅថ្ងៃទី២៤ ខែកក្កដា នេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី បានសរសេរនៅលើ Twitter របស់ខ្លួនថា៖ «អបអរសាទរចំពោះប្រជាធិបតេយ្យនៅកម្ពុជា» ដោយលោកវាយតម្លៃពីការបោះឆ្នោតដោយសេរី និងឯករាជ្យ។ លោកបញ្ជាក់ថាតំណាងគណកម្មាធិការបោះឆ្នោតមជ្ឈិម សភាពលរដ្ឋនៃប្រទេសរុស្ស៊ី រួមទាំងស្ថានទូតរុស្ស៊ី មិនបានរកឃើញអំពើហិង្សាណាមួយកើតឡើងឡើយ។
 
យោងតាមលទ្ធផលបឋមក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាឈ្នះ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈពីការបោះឆ្នោតដែលមានគណបក្ស១៨ចូលរួមប្រកួតប្រជែង និងមានអ្នកចូលរួមបោះឆ្នោតជាង៨,២លាននាក់ ដែលស្មើនឹង៨៤,៥៨ភាគរយនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com