ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានបក្សនយោបាយ ទទួលស្គាល់លទ្ធផលបរាជ័យ ហើយប្ដេជ្ញាពង្រឹងសមត្ថភាពនៅអាណត្តិក្រោយ
25, Jul 2023 , 1:59 pm        
រូបភាព
គណបក្សនយោបាយខ្លះ បានចេញសារគាំទ្រការបោះឆ្នោត និងព្រមទទួលស្គាល់លទ្ធផលបរាជ័យរបស់បក្សខ្លួន ក្នុងការប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ពួកគេប្ដេជ្ញាពង្រឹងសមត្ថភាពខ្លួនថែមទៀត សម្រាប់ការបោះឆ្នោតអាណត្តិក្រោយ។

 
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញអារម្មណ៍សោកស្តាយ ដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈនៅរដ្ឋសភា នីតិកាលទី៧នេះ។ «លទ្ធផលបោះឆ្នោតបឋម បានចេញហើយ ខ្ញុំបានឃើញ និងគោរពទទួលស្គាល់ការសម្រេចចិត្តរបស់បងប្អូនម្ចាស់ឆ្នោត»។ នេះជាសាររបស់លោក យ៉េង វីរៈ ដែលបានបន្ថែមថា គណបក្សលោកគ្រាន់តែបង្កើតមក ធ្វើជាជម្រើសដល់ពលរដ្ឋប៉ុណ្ណោះ ដើម្បីអាចដោះស្រាយបញ្ហា និងស្រោចស្រង់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ តែយ៉ាងណាការសម្រេចចិត្ត ស្ថិតនៅលើពលរដ្ឋ។ 
 
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ បានសរសេរលើហ្វេសប៊ុកដូច្នេះ៖«សម្រាប់រូបខ្ញុំផ្ទាល់ ទោះបងប្អូនមិនបានបោះឆ្នោតគាំទ្រឱ្យជាប់ជាតំណាងរាស្ត្រនៅរដ្ឋសភាក៏ដោយ ក៏ខ្ញុំមិនមានការខកចិត្ត ខកបំណងអ្វីដែរ។ ខ្ញុំមិនដែលមានបំណងប៉ងលើតំណែងតួនាទីអ្វីទេ ខ្ញុំបានបំពេញការងារកន្លងមកដោយមនសិការសុច្ចរិត និងពេញចិត្តនឹងបំពេញការងាររក្សាឧត្តមគតិ ពង្រឹងគោលជំហររឹងមាំទោះជាឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយ»។
 
ដ្បិតមិនបានអាសនៈក្នុងរដ្ឋសភាមែន តែលោក យ៉េង វីរៈ មើលឃើញថា សកម្មភាពបក្សលោក កន្លងមក ក៏មិនមែនឥតន័យដែរ ពោលគឺគណបក្សបានបង្កើតភាពជាគម្រូមួយ ដល់ការធ្វើនយោបាយបែបប្រជាធិបតេយ្យ ក្នុងការប្រកួតតាមគោលនយោបាយ បែបសុច្ចរិត និងអហិង្សា។
 
ងាកទៅគណបក្សកម្លាំងប្រជាធិបតេយ្យ ដែលមានលោក អ៊ុន វិសិទ្ធគុន ដឹកនាំវិញ ក៏បានទទួលស្គាល់លទ្ធផលបោះឆ្នោត និងភាពបរាជ័យរបស់បក្សខ្លួនដែរ។ តាមរយៈសារជាវីដេអូ ជាង៥នាទី លោក វិសិទ្ធគុន បាននិយាយថា ទោះបក្សខ្លួន មិនបានលទ្ធផលតាមបំណងក្តី ប៉ុន្តែលោកពេញចិត្ត ។ មូលហេតុដែលលោក ពេញចិត្តនេះ ដោយសារតែបក្សលោក ទើបតែបង្កើតឡើងរយៈពេល៣ឆ្នាំទេ តែមានការគាំទ្រពីសំណាក់ពលរដ្ឋ។
 
«ជាលទ្ធផលរបស់គណបក្សកម្លាំងប្រជាធិបតេយ្យ ទាំង១២មណ្ឌល ឃើញថា មានការគាំទ្រច្រើន ដែលមានសំឡេងចាប់ពីខ្ទង់ពាន់ឡើងទៅ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា មានការពេញចិត្ត ហើយក៏សង្ឃឹមថា នៅអាណត្តិខាងមុខទៀតនេះ យើងនឹងទទួលបានកៅអីនៅក្នុងរដ្ឋសភា ជាក់ជាមិនខាន»។ នេះបើតាមលោក វិសិទ្ធគុន ដែលបានអំពាវនាវឱ្យពលរដ្ឋ កុំប្រកាន់និន្នាការលើគណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សផ្សេងទៀត ដែលមិនបានជាប់ឆ្នោត ពោលគឺផ្ដល់ឱកាសឱ្យគ្រប់គណបក្សទាំងអស់ បានចូលរួមសកម្មភាពនយោបាយបម្រើពលរដ្ឋ និងប្រយោជន៍សង្គមជាតិ។
 
ជាមួយគ្នានេះ លោក វិសិទ្ធគុន ក៏បានប្ដេជ្ញា និងជំរុញឱ្យសមាជិកបក្សខ្លួនទាំងអស់ ប្រឹងប្រែងបង្កើនយុទ្ធសាស្រ្តថែមទៀត តាមរយៈការបង្ហាញពីគោលនយោបាយថ្មីៗ និងគោលដៅរបស់គណបក្ស កាន់តែច្បាស់ សម្រាប់ការប្រកួតប្រជែងអាណត្តិក្រោយ។
 
ដោយឡែកប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី ក៏បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីថ្ងៃទី២៤ កក្កដា ដោយបង្ហាញពីទស្សនៈ និងការគាំទ្រចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ សម្រាប់ដំណើរការបោះឆ្នោតនេះ លោក គុជ លី បានកត់សម្គាល់ថា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលអាចទទួលយកបាន។
 
ដ្បិតមិនទទួលបានអាសនៈក្នុងរដ្ឋសភាក្តី ប៉ុន្តែលោក ម៉ម សូណង់ ដែលមានវ័យ៨១ឆ្នាំទៅហើយនោះ មិនបោះបង់ចោលការប្រកួតប្រជែងការបោះឆ្នោតឡើយ។ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរូបនេះ បានអះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា លោក នឹងធ្វើនយោបាយរហូតដល់ដង្ហើមចុងក្រោយ។ សម្រាប់លទ្ធផលបោះឆ្នោតអាណត្តិនេះ លោក ម៉ម សំណង់ដូ អះអាងថា ខ្លួនព្រមទទួលយកលទ្ធផល និងមិនទាមទារឱ្យមានការសើរើអ្វីឡើយ។ 
 
លទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បង្ហាញថា គណបក្សប្រជាជនកម្ពុជា បន្តឈ្នះ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលបាន៥អាសនៈ រីឯគណបក្សសំបុក្រឃ្មុំសង្គមប្រជាធិបតេយ្យ និង១៥បក្សទៀត មិនទទួលបានលទ្ធផលល្អឡើយ។

អត្ថបទទាក់ទង
 

Tag:
 នយោបាយ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com