ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន នឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាថែមទៀត
25, Jul 2023 , 6:19 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និងលោក ឈាន ហុងសាន នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ជំនួបរវាងលោក ប្រាក់ សុខុន និងលោក ឈាន ហុងសាន នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ដោយ​៖ ទេពញាណ 

លោក ឈាន ហុងសាន (Qian Hongshan) អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិចិន ប្រាប់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាថា ចិន នឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។ លោកទាំង២ ជួបគ្នានៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ 
 
លោក ប្រាក់ សុខុន បានអរគុណចិន ចំពោះជំនួយដ៏ធំធេង រួមទាំងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាផងដែរ។ ប្រមុខការទូតកម្ពុជា លើកឡើងថា តួនាទីដ៏សំខាន់របស់ចិន ក្នុងនាមជាម្ចាស់ជំនួយ និងជាដៃគូពាណិជ្ជកម្ម ត្រូវបានទទួលស្គាល់។ 
 
រីឯលោក ឈាន ហុងសាន បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ដែលស្តែងចេញតាមរយៈជីវភាពដ៏ល្អប្រសើររបស់ប្រជាជន។ ជាមួយគ្នានេះ ភាគីទាំង២ បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរៀងខ្លួន ដើម្បីធ្វើឲ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅថែមទៀត។ 
 
ខ្លឹមសារអំពីជំនួបខាងលើ ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com