ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រជាជន កើនសំឡេងឆ្នោតជាងមួយលានកន្លះ
26, Jul 2023 , 12:09 pm        
រូបភាព
គណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ។
គណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ។
ដោយ៖ ទេពញាណ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលទ្ធផលបណ្តោះអាសន្នអំពីចំនួនសន្លឹកឆ្នោត ដែលគណបក្សនីមួយៗទទួលបានពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ។ ក្នុងចំណោមគណបក្សទាំង១៨ ដែលចូលប្រកួត គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតច្រើនជាងគេបង្អស់។



យោងតាមតារាងបែងចែកចំនួនសន្លឹកឆ្នោត ដែលគ.ជ.ប បានចេញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតសរុប ៦ ៣៩៨ ១៩៣ (ជាង៦,៣លាន)។ 
 
ចំនួនជាង៦,៣លានសន្លឹកនេះ ច្រើនជាងចំនួនសន្លឹកឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីឆ្នាំ២០១៨ ដល់ទៅជាង១,៥លានសន្លឹក។ កាលពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោត ៤ ៨៨៩ ១១៣ (ជាង៤,៨លាន)។ 
 
គណបក្ស ដែលឈរនៅលំដាប់លេខរៀងទី២ ក្នុងការទទួលបានសន្លឹកឆ្នោតច្រើនពីការបោះឆ្នោតឆ្នាំ២០២៣នេះ គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធាន។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសន្លឹកឆ្នោត ៧១៦ ៤៤៣ (ជាង៧១ម៉ឺន)។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ក្នុងឆ្នាំ២០២៣នេះ សន្លឹកឆ្នោតរបស់គណបក្សហ៊្វុនស៊ិនប៉ិច កើតឡើងជិតទ្វេដង។ កាលពីឆ្នាំ២០១៨ គណបក្សរាជានិយមនេះ ទទួលបានសន្លឹកឆ្នោតត្រឹម៣៧៤ ៥១០ (ជាង៣,៧ម៉ឺន)។ 
 
មានការគណនាក្រៅផ្លូវការថា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ទទួល១២០អាសនៈក្នុងរដ្ឋសភា ហើយនៅសល់៥អាសនៈទៀត គឺធ្លាក់ទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ ព័ត៌មានអំពីការគណនាអាសនៈក្រៅផ្លូវការនេះ ដែលផ្សាយដោយសារព័ត៌មានហ្រ្វេសញូ ត្រូវបានយកទៅផ្សាយបន្តក្នុងតេឡេក្រាមរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លទ្ធផលផ្លូវការនៃការបោះឆ្នោត និងចំនួនអាសនៈ ដែលគណបក្សត្រូវទទួលបាន នឹងត្រូវគ.ជ.ប ប្រកាសនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣៕ 
 

Tag:
 CPP
  សំឡេងឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com