ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រកាសលាលែងពីនាយករដ្ឋមន្រ្តី ជំនួសដោយ លោក ហ៊ុន ម៉ាណែត
26, Jul 2023 , 2:14 pm        
រូបភាព
សម្ដេច ហ៊ុន សែន ប្រកាសលាលែងពីនាយករដ្ឋមន្រ្តី នាអាណត្តិទី៧នេះ។ លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី ជំនួសសម្ដេច នាថ្ងៃទី២២ សីហាខាងមុខ។

 
«ខ្ញុំព្រះករុណាខ្ញុំ ត្រូវហ៊ានលះបង់ម្ដងទៀតនូវអំណាច»។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន នៅក្នុងសន្និសីទកាសែត ចេញពីគេហដ្ឋានសម្ដេច នារសៀលថ្ងៃទី២៦ កក្កដា ដោយបានបន្ថែមថា សម្ដេចធ្លាប់បានពលីជីវិតរំដោះប្រទេសជាតិម្ដងហើយ ដូច្នេះការផ្ទេរអំណាចនេះ គឺជាការលះបង់ដោយការទទួលខុសត្រូវខ្ពស់ម្ដងទៀត។ តែយ៉ាងណា សម្ដេច ហ៊ុន សែន នឹងបន្តកាន់តួនាទីជាប្រធានបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភា។ មិនតែប៉ុណ្ណោះសម្ដេច នឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ ផងដែរ។ បើតាមនាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះ សម្ដេច សាយ ឈុំ សុំសម្រាកពីកិច្ចការងារនយោបាយ នៅអាណត្តិក្រោយនេះ។

ប្រមុខរដ្ឋាភិបាល បានបន្ថែមថា ការផ្ដល់ឱកាសឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី នាអាណត្តិថ្មីនេះ ដោយសាររូបគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសមត្ថភាពអាចដឹកនាំប្រទេសបាន។ ម្យ៉ាងវិញទៀតសម្ដេច ក៏ចង់បញ្ចប់ពាក្យចចាមអារ៉ាមនានា ជុំវិញវត្តមានលោក ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេនផងដែរ។
 
បើតាមសម្ដេច ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឱ្យលោក ហ៊ុន ម៉ាណែត ហើយ។ បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ក៏ក្លាយជាតំណាងរាស្រ្តមណ្ឌលភ្នំពេញដែរ ដ្បិតមិនទាន់ស្បថចូលកាន់រដ្ឋសភា ដោយសារតែគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនទាន់ប្រកាសលទ្ធផលជាផ្លូវការក្តី។ ជុំវិញព័ត៌មាននេះ សម្ដេច ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រ ពីវត្តមានលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី ផងដែរ។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com