ជាតិ
​​​ន​យោ​បាយ​ជាតិ​
«សម្តេច ហ៊ុន សែន ឈប់ធ្វើនាយករដ្ឋមន្រ្តី» ស្ថិតលើទំព័រកាសែតអន្តរជាតិល្បីៗ
26, Jul 2023 , 5:50 pm        
រូបភាព
ដោយ៖ ទេពញាណ 

សារព័ត៌មានអន្តរជាតិធំៗ រួមមាន CNN, BBC, Reuters, AP, AFP, Al Jazeera, និង The New York Times ជាដើម បាននាំគ្នាចុះផ្សាយភ្លាមៗ និងជាបន្តបន្ទាប់ ពីការប្រកាសរបស់សម្តេច ហ៊ុន សែន ក្នុងការឈប់បន្តកាន់តំណែងនាយករដ្ឋមន្រ្តីកម្ពុជា។ ភាគច្រើននៃសារព័ត៌មានអន្តរជាតិទាំងនេះ បានហៅសម្តេច ថាជាមេដឹកនាំដែលកាន់អំណាចយូរជាងគេមួយរូបលើពិភពលោក ដូចដែលសម្តេចធ្លាប់ប្រកាសខ្លួនឯងជារឿយៗកន្លងមក។



សម្តេច ហ៊ុន សែន ដែលកាន់តំណែងនាយករដ្ឋមន្រ្តី៣-៤ទសវត្សរ៍ជាប់គ្នា បានថ្លែងសារតាមទូរទស្សន៍ជាតិកម្ពុជា ទៅកាន់ជនរួមជាតិ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា សម្តេច នឹងដកខ្លួនពីតំណែងនាយករដ្ឋមន្រ្តី។ សម្តេច បន្តថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច នឹងឡើងកាន់តំណែងនាយករដ្ឋមន្រ្តីនេះជាផ្លូវការ ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ទៅ។ 
 
ទោះដកខ្លួនពីតំណែងនាយករដ្ឋមន្រ្តី តែសម្តេច ហ៊ុន សែន នឹងមិនទាន់ទៅណាឆ្ងាយពីនយោបាយកម្ពុជាឡើយ។ សម្តេច អះអាងថា សម្តេច នៅតែបន្តកាន់តំណែងប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ហើយនឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា។ រីឯឥស្សរជនជាន់ខ្ពស់ដទៃទៀត មានជាអាទិ៍ សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន នឹងទៅធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ 
 
លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្ន មានវ័យ៤៥ឆ្នាំ បានកាន់តួនាទីជាច្រើនក្នុងជួរកងទ័ព រួមមាន ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី។ ប៉ុន្តែ លោក បានព្យួរតំណែងកងទ័ពទាំងនេះអស់ហើយ ដោយសារលោក ទៅឈរជាជាបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣នេះ។ 
 
នៅក្នុងបក្សវិញ លោក គឺជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនថ្នាក់កណ្តាល។ គណៈអចិន្រ្តៃយ៍ គឺជាអង្ការចាត់តាំងកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកតែជាង៣០នាក់ប៉ុណ្ណោះ។ ប្រធានយុវជនថ្នាក់កណ្តាល គឺជាតំណែងខ្ពស់បំផុត ក្នុងការគ្រប់គ្រងយុវជនគណបក្សប្រជាជនកម្ពុជា។ 
 
លោក រៀនចប់នៅបណ្ឌិតសភាយោធា West Point របស់អាម៉េរិក (កម្រិតបរិញ្ញាបត្រ) និងបន្តយកអនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាម៉េរិកដដែល ហើយចុងក្រោយ ទៅបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅអង់គ្លេស។ កាលពីចុងឆ្នាំ២០២១ លោក ត្រូវគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងជាបេក្ខជន ដែលត្រូវកាន់តំណែងនាយករដ្ឋមន្រ្តី នៅពេលសម្តេច ហ៊ុន សែន ចាកចេញ។ 
 
ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលទើបប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតជាង៦,៣លាន ដែលជាចំនួនដ៏ច្រើនលើសលប់។ មានការគណនាក្រៅផ្លូវការថា ក្នុងចំណោមអាសនៈរដ្ឋសភាទាំង១២៥ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ៥ ឯគណបក្ស១៦ទៀត ពុំទទួលបានអាសនៈឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com