ជាតិ
លោក ហ៊ុន ម៉ានី បង្ហាញកតញ្ញូតាចំពោះសម្តេច ហ៊ុន សែន
27, Jul 2023 , 7:15 am        
រូបភាព
ដោយ: រត្តញូ
ភ្នំពេញ៖ តែប៉ុន្មានម៉ោងក្រោយពីសម្តេចនាយករដ្ឋមន្ត្រីប្រកាសអំពីផែនការនៃការលាលែងពីតំណែងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានសរសេរសារមួយយ៉ាងវែងរំឭកអំពីវីរភាពរបស់សម្ដេច។ អត្ថបទមួយនេះរបស់លោក ហ៊ុន ម៉ានី អាចនឹងមិនឆក់យកចំណាប់អារម្មណ៍ក្រុមមនុស្សមួយចំនួនដែលមើលឃើញលោក ហ៊ុន ម៉ានី និងសម្តេច ហ៊ុន សែន ត្រឹមជាទំនាក់ទំនងរវាងឪពុកនិងកូន នោះឡើយ។ ប៉ុន្តែ បើសិនជាគេអានអត្ថបទរបស់លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានី បង្ហាញតួអង្គសម្តេច ហ៊ុន សែន លើសពីភាពជាឪពុក ប៉ុន្តែជាគ្រូ និងជាមេដឹកនាំដ៏អស្ចារ្យ ដែលលោកបាន និងកំពុងរៀនសូត្រតាម។

 
សម្រាប់លោក ហ៊ុន ម៉ានី តួអង្គសម្តេច ហ៊ុន សែន ជាឪពុកក៏ដោយ ជាគ្រូក៏ដោយ និងជាមេដឹកនាំក៏ដោយ តួអង្គមួយរូបនេះបានធ្វើរឿងតែមួយដូចគ្នាគឺ «ការលះបង់ ដើម្បីជាតិ និងប្រជាជនជាចម្បង»។

សេចក្តីថ្លែងការណ៍នយោបាយរបស់សម្តេច ហ៊ុន សែន នារសៀលថ្ងៃទី២៦ខែកក្កដាម្សិលមិញ ទំនងបានបង្ហាញអំពីរបៀបធ្វើនយោបាយដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ដែលបានធ្វើឱ្យលោក ម៉ានី មិនស្ញប់ស្ញែងមិនបាន។ ដូច្នេះលោក ម៉ានី ត្រូវសរសេរផ្តល់តម្លៃដល់ការលះបង់ និងវីរភាពរបស់សម្តេច ហ៊ុន សែន ដែលតំណាងឱ្យយុវជនជំនាន់មុន និងសម្តែងនូវកតញ្ញូតាធម៌ចំពោះសម្តេច ហ៊ុន សែន។ លោក ហ៊ុន ម៉ានី រំឭកអំពីគម្រោងលាលែងពីតួនាទីជានាយករដ្ឋមន្ត្រីរបស់សម្តេចយ៉ាងដូច្នេះថា៖ «នេះជាការលះបង់ដ៏ធំធេងមួយទៀត​របស់លោក (សម្តេច ហ៊ុន សែន) ក្នុងការមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី - បើទោះបីជាលោកនៅអាចបន្តធ្វើបាន - ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេនបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។»។
 
 



 
លោក ម៉ានី បានសរសរបន្តទៀតថា៖«ជាការពិត វានឹងមានស្ថានភាពអន្តរកាល។ តែអ្វីដែលប្រាកដប្រជានោះគឺ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងដោយមានបងប្រុស ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីនោះ ការលះបង់ក្នុងការបន្តបម្រើជាតិ និងប្រជាជនរបស់យើងនោះ នឹងមិនថមថយឡើយ។ ផ្ទុយទៅវិញ គឺមានតែការខិតខំប្រឹងប្រែងលើសមុនទៅទៀត។»។
 
សម្រាប់លោក ម៉ានី បើទោះជាមានមនុស្សមួយក្រុមតូច ទាំងខ្មែរ និងបរទេស មិនគាំទ្រសម្តេច ហ៊ុន សែន ក៏ដោយ ប៉ុន្តែពូកគេមិនអាចប្រកែកមិនទទួលស្គាល់សមិទ្ធផលនៅទូទាំងប្រទេសដែលពុករបស់លោក ឬសម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចពេញមួយជីវិតនេះជាមួយនឹងមេដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជាបាននោះទេ។
 
 
ចំពោះលោក ម៉ានី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសិល្បៈនៃការដឹកនាំ ដែលមានទាំងចក្ខុវិស័យ និងភាពជាក់ស្តែងនិយមក្នុងការអនុវត្ត បត់បែនទៅតាមដំណាក់កាលនៃការវិវឌ្ឍសង្គមចាប់តាំងពីឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពម៉ឺងម៉ាត់ និងជំហររឹងមាំលើឆាកអន្តរជាតិ តែទន់ភ្លន់ កក់ក្តៅជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសគឺជនរួមជាតិកម្ពុជា។
 
តែមួយខែទៀតទេ រដ្ឋាភិបាលថ្មីដែលជាអ្នកបន្តវេននឹងចូលកាន់តំណែងបន្តដឹកនាំប្រទេសកម្ពុជា។ លោក ហ៊ុន ម៉ានី បង្ហាញសេចក្ដីដឹងគុណចំពោះថ្នាក់ដឹកនាំ និងយុវជនជំនាន់មុនយ៉ាងដូច្នេះ៖«ក្នុងនាមជាយុវជនកម្ពុជាមួយរូប ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ពុក/សម្តេចតេជោ ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលទាំងអស់ដែលបានលះបង់ស្ទើរពេញមួយជីវិត ជាពិសេស លះបង់យុវវ័យរបស់ខ្លួនដើម្បីជាតិ ស្រោចស្រង់ចេញពីគំនរផេះផង់នៃសង្រ្គាមផ្ទៃក្នុង ទៅកាន់ត្រើយសន្តិភាព។»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com