ជាតិ
អ្នកណាខ្លះជា​លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា? សមាគមនឹងធ្វើបច្ចុប្បន្នភាព ហើយត្រៀមឯកសណ្ឋានផ្លូវការ
27, Jul 2023 , 10:30 am        
រូបភាព
លោក លី យ៉ុងផាត់ អាន​របាយការណ៍ជម្រាបជូន​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបកន្លងមក
លោក លី យ៉ុងផាត់ អាន​របាយការណ៍ជម្រាបជូន​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបកន្លងមក
ដោយ: រួបរួម
រដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែកក្កដា បានយល់ព្រមជាគោលការណ៍ក្នុងការផ្តល់សិទ្ធិដល់សមាគមឧកញ៉ាកម្ពុជាក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួលបានគោរមងារឧកញ៉ា និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់ពួកគាត់។

 
ក្នុងនាមរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កែន សត្ថា ដែលជារដ្ឋលេខាធិការ បានបញ្ជាក់ទៅលោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាថា រដ្ឋាភិបាលយល់ព្រមផ្តល់សិទ្ធិឱ្យសមាគមធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់នៅកម្ពុជា។
 
សេចក្តីសម្រេចនេះ ធ្វើឡើងក្រោយចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែកក្កដា ហើយទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធ នឹងផ្តល់នូវរាល់សេចក្តីចម្លងលើលិខិតឯកសារពាក់ព័ន្ធនឹងគោរមងារឧកញ៉ា ជាពិសេសសេចក្តីចម្លងព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ា។ ទាក់ទងនឹងឯកសណ្ឋាន រដ្ឋាភិបាលនឹងបញ្ចូលក្នុងព្រះរាជក្រឹ្យដែលបាន និងកំពុងតាក់តែង។
 
ទទួលស្គាល់ស្របច្បាប់ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សមាគមឧកញ៉ាកម្ពុជា បានប្រកាសសមាសភាពខ្លួនផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា ក្នុងកម្មវិធីមួយប្រព្រឹត្តក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ 
 
របាយការណ៍ដែលបង្ហាញដោយលោក លី យ៉ុងផាត់ នាពេលនោះ បានឱ្យដឹងថា កម្ពុជា មានឧកញ៉ាចំនួន១២៩៩នាក់ ប៉ុន្តែសារព័ត៌មានឌីជីថលថ្មីៗ មិនដឹងអំពីចំនួនជាក់លាក់ នៃចំនួនអ្នកទទួលបានគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ឡើយ។
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានកិត្តិយសរបស់សមាគម រីឯសម្តេច ស ខេង, សម្តេច ទៀ បាញ់, សម្តេច ម៉ែន សំអន និងលោក ចម ប្រសិទ្ធិ ជាអនុប្រធានកិត្តិយស។ ក្រោមការដឹកនាំរបស់លោក លី យ៉ុងផាត់ សមាគមឧកញ៉ា មានទីប្រឹក្សាជាន់ខ្ពស់៨រូបដែលសុទ្ធតែមានគោរមងារអ្នកឧកញ៉ា និងឧកញ៉ា រួមមាន លោក គិត ម៉េង, លោក ឡាវ ម៉េងឃីន, លោក សុខ គង់, លោក ពុង ឃាវសែ, លោក ហុង ពីវ, លោក សំ អាង, លោក ឃុន សៀ និងលោក ឈុន អូន។
 
តាមអនុក្រឹត្យមួយចុះកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ គោរមងារ «ឧកញ៉ា»  បានឡើងថ្លៃពី១០ម៉ឺនដុល្លារអាមេរិក ទៅ៥០ម៉ឺនដុល្លារអាមេរិក។ មាត្រាមួយ ចំណុច១ថ្មី បានចែងថា សប្បុរសជនដែលបានធ្វើអំណោចជូនរដ្ឋ ជាថវិកា ឬសម្ភារ ដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារអាមេរិកឡើងទៅត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ។ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារអាមេរិក [ប្រមាណ២០០០លានរៀល] ឡើងត្រូវ ត្រូវបានរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារ ជា «ឧកញ៉ា»។
 
បើតាមលោក លី យ៉ុងផាត់ ឧកញ៉ាដែលទទួលគោរមងារពីមហាក្សត្រ ក្រៅពីជំរុញការវិនិយោគ និងមុខជំនួញពហុវិស័យដែលបានបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ផ្តល់ចំណូលជូនជាតិ តាមរយៈការបង់ពន្ធ និងអាករផ្សេងៗ។ លើសពីនេះ ក៏ជួយទាក់ទាញអ្នកវិនិយោគបន្ថែមពីខាងក្រៅប្រទេស និង សកម្មភាពមនុស្ស ធម៌ជាច្រើនទៀត ផងដែរ។
 
នាជំនួបកាលពីថ្ងៃទី១០ ខែមិថុនា សម្តេច ហ៊ុន សែន បានអំពាវនាវដល់ឧកញ៉ាទាំងអស់ ត្រូវរក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូរជាឧកញ៉ាឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។ «ឧកញ៉ាត្រូវប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា «អ្នកមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»៕
 

Tag:
 ឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com